ជាតិ
ឱកាស​សិក្សា​! វិទ្យាស្ថាន​កំពង់​ឈើទាល​នៅ​កំពង់ធំ ផ្តល់​អាហារូបករណ៍​១៨០​កន្លែង​លើ​៦​មុខជំនាញ​
10, Aug 2019 , 8:39 pm        
រូបភាព
​ដោយ​៖ ហួ ឆេង​ស៊ីម​

​ភ្នំពេញ​៖ អាហារូបករណ៍​១០០​ភាគរយ ថ្នាក់​បរិញ្ញាបត្ររង​ចំនួន​១៨០​កន្លែង​លើ​៦​មុខជំនាញ មាននៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​។ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ទីតាំងនៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ វិទ្យាស្ថាន​នេះ​ផ្តល់ឱកាស​ដល់​សិស្ស​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​៣ ឬ​សញ្ញាបត្រ​សមមូល ឲ្យ​បាន​រៀន​បន្ត​មុខជំនាញ​របស់ខ្លួន​។

 
​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង អប់រំ យុវជន និង កីឡា ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋលេខា យក់ ង៉ុ​យ កាល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ មុខវិជ្ជា​ទាំង​៦​នោះ រួមមាន អនុភាព​អគ្គិសនី វិទ្យាសាស្ត្រ​សត្វ វិទ្យាសាស្ត្រ​ដំណាំ គ្រប់គ្រង​ទេសចរណ៍ និង​សណ្ឋាគារ អេ​ឡិច​ត្រូ​និ​ច និង​កុំព្យូទ័រ​ពានិជ្ជកម្ម ដោយ​មុខជំនាញ​នីមួយៗ មានការ​ផ្តល់ជូន​ចំនួន​៣០​កន្លែង​។​
 
​សិស្ស​ដែល​បាន​រៀន​ចប់​មុន​ឆ្នាំ​សិក្សា​២០១៨-២០១៩ ត្រូវ​ភ្ជាប់​មកជា​មួយ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​បច្ចេកវិទ្យា​និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​សមមូល​។ ចំណែក​សិស្ស​ដែល​ទើប​ប្រឡង​ជាប់ ឬ​ធ្លាក់ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ លិខិតបញ្ជាក់​ក្នុងករណី​ដែល​មិនទាន់​ទទួលបាន​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​។ ចំពោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ និង​មានឈ្មោះ​ក្នុង​បញ្ជី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ទើប​មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ចូលរៀន​បាន​។​
 
​ការប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល ហើយ​វិញ្ញាសា​ត្រូវ​ប្រឡង​រួមមាន គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ភាសា​អង់គ្លេស និង​វប្បធម៌​ទូទៅ​។ ចំពោះ​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​អាចមក​ដាក់ពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩៕
 
 
 

Tag:
 អប់រំ​
  អាហារូបករណ៍​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com