កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Srivaddhanaprabha ក្លាយជា​ប្រធាន​ក្លិប Leicester ពេញសិទ្ធិ​បន្ត​ពី​ឪពុក​
10, Aug 2019 , 9:59 pm        
រូបភាព
​លោក Aiyawatt Srivaddhanaprabha ត្រូវ​តែងតាំង​ជា​ប្រធាន​ក្លិប Leicester City ជំនួស​តំណែង​ឪពុក​របស់ខ្លួន គឺ​លោក Vichai ដែល​ទទួលមរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​នៅ​កីឡដ្ឋាន King Power Stadium កាលពី​ឆ្នាំមុន​។


 
​លោក Srivaddhanaprabha ដែលជា​កូនប្រុស​ច្បង​របស់​សេដ្ឋី​ថៃ ហើយ​ធ្លាប់បាន​បម្រើការ​ជា​អនុប្រធាន​ក្លិប​រហស្សនាម​កញ្ជ្រោង​នេះ ត្រូវ​ទទួល​រ៉ាប់រង​តំណែង​របស់​ឪពុក​ទាំងអស់​។​
​បុរស​វ័យ ៣៤ ឆ្នាំ​ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន King Power ផង​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឡើងជា​ប្រធាន​អចិន្ត្រៃយ៍​របស់ Leicester នៅ​ថ្ងៃទី​៨ ខែសីហា ខណៈដែល​ប្អូនប្រុស​របស់គេ លោក Apichet ជំនួស​តំណែង​ជា​អនុប្រធាន​ក្លិប​វិញ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ម្ចាស់​ជើងឯក PremierLeague រដូវ​កាល ២០១៥-១៦ បង្ហាញថា លោក Srivaddhanaprabha នឹង​បន្ត​ដឹកនាំ​ក្លិប​ដែលជា​សមិទ្ធផល​របស់​ឪពុក​លោក​ចាប់តាំងពី​កាន់កាប់ Leicester រយៈពេល​ជិត​មួយ​ទសវត្សរ៍​មុននេះ​។​


 
​លោក Srivaddhanaprabha បាន​សម្តែង​ក្តីរំភើប​ក្រោយ​ឡើង​តំណែង​នេះ​ថា​៖ នេះ​ជា​ឯកសិទ្ធិ​ដំបូង​ក្នុងនាម​ជា​ប្រធាន​របស់​ក្លិប​ដ៏​អស្ចារ្យ​នេះ និង​សន្យា​ដឹកនាំ​គ្រួសារ Leicester City ចូលក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ក្នុងចំណោម​ក្លិប​ល្បីៗ​នៅ​អង់គ្លេស​»​។​
 
​សូមបញ្ជាក់ថា លោក Vichai Srivaddhanaprabha បាន​បាន​បាត់បង់​ជីវិត​ជាមួយ​មនុស្ស​៤​នាក់​ផ្សេងទៀត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​កីឡដ្ឋាន  King Power Stadium ក្រោយ​ជំនួប​ជាមួយ West Ham កាលពី​ខែតុលា ឆ្នាំ​២០១៨៕

Tag:
 Aiyawatt Srivaddhanaprabha
  Leicester City
  Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com