អន្តរជាតិ
២០​ឆ្នាំ​លើ​ឆាក​អន្តរជាតិ​៖ ពូ​ទីន ក្តាប់​អំណាច​ពេញដៃ​ដោយ​របៀប​ណា​?
10, Aug 2019 , 10:39 pm        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន
ដោយ:
​កាលពី​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​១៩៩៩ ពោលគឺ​អំឡុងពេល​វិបត្តិ​សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ​រុស្ស៊ី បាន​ប្រែ​មុខមាត់​ថ្មី​ជា​រៀងរហូត ក្រោយពី​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក បូរី​ស យែ​ល​ស៊ីន (Boris Yeltsin) បានសម្រេច​តែងតាំង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​នាយករដ្ឋមន្ត្រី​ស្តីទី​។ កាលនោះ លោក ពូ​ទីន ពុំមាន​គុណសម្បត្តិ​អ្វី​ច្រើន​ដែល​គេ​គិតទុក​ថា បុរស​រូបនេះ អាច​ក្លាយជា​មេដឹកនាំ​ពិភពលោក​ឡើយ​។

 
​មុន​មានមុខ​តំណែង​ធំ​ក្នុង​រដ្ឋបាល​លោក យែ​ល​ស៊ីន លោក ពូ​ទីន ពុំ​សូវ​ចេញមុខ​ច្រើន​ឡើយ​លើ​ឆាកនយោបាយ​រុស្ស៊ី ដ្បិត​លោក​មាន​តួនាទី​ត្រឹមតែ​ជាទី​ប្រឹក្សា​ម្នាក់​ឲ្យ​អភិបាលក្រុង St. Petersburg  លោក Anatoly Sobchak​។ ក្រោយមក លោក​បាន​ទៅកាន់​រដ្ឋធានី មូ​ស្គូ និង​ធ្វើការ​ជា​មន្ត្រី​ម្នាក់​ក្នុង​នាយកដ្ឋាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រធានាធិបតី ដែល​មិន​ទំនង​សោះឡើយ​សម្រាប់​ការ​ហក់​ទៅ​តោង​ការិយាល័យ​កំពូល​ជាតិ​បែបនេះ​។​
 
​ប៉ុន្តែ​មិនទាន់​ដល់​៦​ខែ​ស្រួលបួល​ផង​ក្រោយ​ក្លាយជា​នាយករដ្ឋមន្ត្រី លោក ពូ​ទីន បាន​ឡើង​តំណែង​មួយកម្រិត​ទៀត​ទៅជា​ប្រធានាធិបតី​ស្តីទី កាលពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​១៩៩៩ បន្ទាប់ពី​លោក Yeltsin លាលែង​ពី​តំណែង​ដោយ​ពុំមាន​អ្នកណា​ស្មាន​ដល់​។ ការប្រគល់អំណាច​ដោយ​ឥត​ព្រាងទុក​នេះហើយ បាន​ជំរុញ​ឲ្យ​លោកពូ​ទីន​ក្លាយជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ប្រទេស​រុស្ស៊ី​។ 
 
​ជាក់ស្តែង ក្នុង​ខែសីហា ឆ្នាំ​១៩៩៩ នៅពេល​លោក ពូ​ទីន បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ការស្ទង់មតិ​នៅ​ទូទាំង​ប្រទេសមួយ ដែល​បាន​ធ្វើឡើង​ដោយ​មជ្ឍមណ្ឌល​ឯករាជ្យ Levada បង្ហាញថា អត្រា​ប្រជាប្រិយភាព​របស់​លោកពូ​ទីន ស្មើនឹង ៣១​ភាគរយ​។ ក្រោយមក ត្រឹម​ខែមករា ឆ្នាំ​២០០០ ក្រោយ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី តួលេខ បាន​កើន​ឡើងដល់ ៨៤​ភាគរយ​។ ចាប់តាំងពី​ពេលនោះ​មក តួលេខ ពុំ​ធ្លាក់​ចុះក្រោម ៦០​ភាគរយ​នោះឡើយ​។ 
 
​តើ​អ្វី​ជំរុញ​ការ​ហក់​ឡើង​នៃ​ប្រជាប្រិយភាព​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បែបនេះ​?
 
​កត្តា​មួយ​ដែល​ពន្យល់​វា​ច្បាស់លាស់​នោះ​គឺ ការប្រើ​ធម៌​ក្តៅ​របស់​លោកពូ​ទីន ទប់ទល់​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ក្នុងស្រុក​។ ក្នុង​ខែ កញ្ញា ឆ្នាំ​១៩៩៩ ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ករណី បានកើត​ឡើង​នៅ​ជុំវិញ​ប្រទេស​រុស្ស៊ី ដោយ​សម្លាប់​មនុស្ស​ជាង ៣០០​នាក់​។ ហេតុការណ៍​នេះ លោក ពូ​ទីន បាន​ទម្លាក់កំហុស​លើ​ក្រុម​ឧទ្ទាម​អ៊ីស្លាម Checen និង​បាន​បញ្ជា​ឲ្យ​កងទ័ព​ជើង​អាកាស​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​លើ​រដ្ឋធានី​នៃ​សាធារណរដ្ឋ Chechnya  (​ស្ថិត​ជា​ផ្នែក​មួយ​នៃ​សហព័ទ្ធ​រុស្ស៊ី​) ដែលជា​ជ​ម្រុ​ករ​បស់​ក្រុម​ឧទ្ទាម​នេះ​។ 
 
​ជុំវិញ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​រុស្ស៊ី ក្រុម​អ្នកស៊ើប​អង្កេត​រុស្ស៊ី បាន​អះអាងថា ការវាយប្រហារ​នេះ បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​។ ប៉ុន្តែ​គូប្រជែង​របស់​ពូ​ទីន ឈ្មោះថា Boris Berezovsky និង​អតីត​ចារបុរស​រុស្ស៊ី Alexander Litvivenko បាន​ប្រឌិត​រឿង​ថា ភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​ទេតើ ដែលជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​បំផ្ទុះ​នេះ ដើម្បី​ជា​ថ្នូរ​នឹង​ការប្រើប្រាស់​កម្លាំង​ទ័ព​ក្នុង Chechnya ។ 
 
​ក្រោយមក មហាសេដ្ឋី Berezovsky ត្រូវបាន​រកឃើញថា​ស្លាប់​ក្នុងភូមិ​គ្រឹះ​របស់លោក​ក្នុង​ចក្រភព​អង់គ្លេស កាល​ឆ្នាំ​២០១៣ ដែល​រាយការណ៍​ថា​ជាការ​ធ្វើអត្តឃាត​។ ចំណែក​លោក Litvinenko បាន​ស្លាប់​ក្រោយ​ត្រូវ​ថ្នាំ​បំពុល​ក្នុង​ទីក្រុង​ឡុង​ដ៍  កាលពី​ឆ្នាំ​២០១៦ ។ ឃាតកម្ម​នេះហើយ​ដែល​ត្រូវបាន​អាជ្ញាធរ​ស៊ើបអង្កេត​អង់គ្លេស​ចាត់ទុកថា​ជាការ​បញ្ជា​របស់លោក ពូ​ទីន​។  ទោះបីជា​បែបនេះ​ក្តី ការទម្លាក់​គ្រាប់បែក​នេះហើយ កំណត់​ជោគវាសនា​ឆ្ពោះទៅ​ក្តាប់​តំណែង​កំពូល​របស់​ពូ​ទីន ព្រោះថា​វា​ជួយ​ឲ្យ​ប្រជាជាតិ​រុស្ស៊ី​ជឿជាក់ និង​គាំទ្រ​ការដឹកនាំ​លោក​។  
 
​ម្យ៉ាងវិញទៀត ការបង្កើត​រូបភាព​ថា​លោក ពូ​ទីន ជា​បុរស​សកម្ម ក៏​ជា​កត្តា​ធ្វើ​ឲ្យ​លោក​មានឈ្មោះ​បោះ​សំឡេង​ខ្លាំងក្លា​ផងដែរ​។ ម្តងនោះ លោក ពូ​ទីន បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Grozny រដ្ឋធានី​នៃ Chechnya ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង Su-27 ។ កាលនោះ សារព័ត៌មាន​ក្រែ​ម​ឡាំង បាន​ចុះផ្សាយ​ថា លោក ពូ​ទីន ជា​អ្នកបញ្ជា​យន្តហោះ​នោះ​ដោយ​ខ្លួនឯង​ផ្ទាល់​។ មែនទែនទៅ ការបង្កើត​រូបភាព​ថា លោក ពូ​ទីន ជា​បុរស​សកម្ម​បែបនេះ មាន​ឥទ្ធិពល​ខ្លាំង​ទាំង​ក្នុងប្រទេស​រុស្ស៊ី និង​ជុំវិញ​សាកលលោក ក្នុង​រយៈពេល​២​ទសវត្សរ៍​មកនេះ​។ 
 
​ក្រោយពី​ហេតុការណ៍​វាយប្រហារ​នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០៣ ហើយ​អាមេរិក បានប្រកាស​សង្គ្រាម​ប្រឆាំង​អំពើ​ភេរវកម្ម លោក ពូ​ទីន ជា​មេដឹកនាំ​ពិភពលោក​ទីមួយ​ដែល​ហៅ​ទូរ​សព្ទ​ទៅកាន់​លោក​ប្រធានាធិបតី ប៊ូ​ស ។ កាលនោះ រដ្ឋាភិបាល​រុស្ស៊ី បាន​យល់ស្រប​ចំពោះ​វត្តមាន​យោធា​អាមេរិក​ក្នុង​តំបន់​អាស៊ី​កណ្តាល​ដើម្បី​គាំទ្រ​ការឈ្លានពាន​លើ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្រោយមកទៀត ក្រុង​មូ​ស្គូ បានអនុញ្ញាត​ឲ្យ​កងទ័ព​និង​ឧបករណ៍​យោធា​អាមេរិក​ឆ្លងកាត់​ដែនអាកាស​រុស្ស៊ី​ឆ្ពោះទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថែម​ទៀតផង​។​
 
​យ៉ាងណាមិញ មេដឹកនាំ​វិមាន​ក្រេ​ម​ឡាំង​រូបនេះ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បំណង​របស់​សហរដ្ឋអាមេរិក​។ លោក ពូ​ទីន បាន​រិះគន់​លើ​ការពង្រីក​សម្ពន្ធភាព​ណា​តូ និង​ប្រឆាំងនឹង​គម្រោង​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ ហើយ​អ្វីដែល​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​រវាង​ទំនាក់ទំនង​រុស្ស៊ី​ជាមួយនឹង​ពិភពលោក គឺ​នៅពេលដែល​ក្រុង​មូ​ស្គូ​បាន​លេប​ត្របាក់​តំបន់​ក្រែ​មមៀរ កាលពី​ឆ្នាំ​២០១៤​។ ជា​លទ្ធផល រុស្ស៊ី រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត​របស់​អាមេរិក​។ ទណ្ឌកម្ម​ទាំងនោះ ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ហោប៉ៅ​ប្រជាជន​រុស្ស៊ី​ស្លូតត្រង់ ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​លោកពូ​ទីន​បាត់បង់​ច្រើន​នោះទេ​។  
 
​ដោយឡែក ផ្ទុយ​ពី​ស្ថានភាព​កាលពី​ឆ្នាំ​១៩៩៩ ការក្តោបក្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ពី​សំណាក់​ក្រុង​មូ​ស្គូ មាន​តឹងរ៉ឹង​ខ្លាំង​នាពេល​បច្ចុប្បន្ន​។ ការបង្ក្រាប​ជា​បន្តបន្ទាប់​លើ​សេរីភាព​សារព័ត៌មាន​អំឡុង​អាណត្តិ​លោកពូ​ទីន មានន័យថា ការចុះផ្សាយ​ព័ត៌មាន​រសើប​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់លោក សឹងតែ​គ្មាន​តែម្តង​។   
 
​មកទល់ពេលនេះ គេ​ពុំទាន់​ឃើញ​មាន បេក្ខភាព​នយោបាយ​ណាមួយ លេចមុខ​សម្រាប់​ស្នង​តំណែង​កំពូល​នេះ​ពី​លោក ពូ​ទីន នៅឡើយ​ទេ​។ តាមច្បាប់ លោក​ប្រ​ធានា​ធីប​តី ពូ​ទីន ត្រូវ​លាលែង​ពី​តំណែង ក្រោយពី​លោក​បញ្ចប់​អាណត្តិ​បច្ចុប្បន្ន​លោក នា​ឆ្នាំ​២០២៤​ខាងមុខ​។ ជា​ឧទាហរណ៍​កាលពី​ឆ្នាំ​២០០៨ លោក ពូ​ទីន ធ្លាប់​ប្រគល់​តំណែង​ប្រ​ធានា​ធីប​តី​ឲ្យ​មនុស្ស​ជំនិត​លោក Dmitry Medvedev ដោយ​លោក​ទៅ​អង្គុយ​កៅអី​ជា​នាយករដ្ឋមន្ត្រី​។ 
 
​យ៉ាងណាមិញ អ្នកវិភាគ​ជាច្រើន សង្ស័យថា លោក ពូ​ទីន អាចបង្កើត​ផ្លូវ​មួយ​ដើម្បី​រក្សា​កៅអី​ខ្លួនឯង ដូចគ្នា​ទៅនឹង ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​លុបចោល​ចំនួន​កំណត់​អាណត្តិ​កាន់តំណែង ឬ​ដូច អតីត​ប្រ​ធានា​ធីប​តី​កា​ហ្សា​ក់​ស្ថាន Nursultan Nazarbayev ដែល​ចុះ​ចេញពី​តំណែង​ជា​ផ្លូវ តែ​បន្ត​ក្តាប់​អំណាច​ក្រៅ​សង្វៀន​នយោបាយ​ដដែល​៕
 

Tag:
 រុស្ស៊ី​
  វ្លា​ឌី​មៀ​ពូ​ទីន​
  បុរស​ខ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com