អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ច្បាប់​៖ យល់ដឹង​ពី​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ប្រភេទ​ប្លង់រឹង នៅ​ប្រទេស​កម្ពុជា​
11, Aug 2019 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​វិស័យ​ដីធ្លី ដែល​គេ​តែង​និយម​ហៅថា​«​វិស័យ​អចលនទ្រព្យ​»​នោះ កំពុង​តែមាន​ភាព​រីក​ចម្រើន និង​ការអភិវឌ្ឍន៍​ពេញ​ផ្ទៃ​ប្រទេស បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​២០០៩​កន្លងមក​។ ចាប់ពី​តាំងពី​ចុងឆ្នាំ ២០០៩ មក ប្រទេស​កម្ពុជា បាន​ខំ​ងើប​ចេញពី​វិបត្តិ​នេះ ហើយ​ប្រឹង​ដើរ​យ៉ាង​ត្រដាបត្រដួស រហូត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេសជាតិ មាន​ស្ថិរ​ភាពល្អ រហូតមក​ទល់នឹង​បច្ចុប្បន្ន​។ វិស័យ​ចម្បង​ចំនួន ៤ រួមមាន វិស័យ​កសិកម្ម ទេសចរណ៍ វាយ​ន​ភណ្ឌ និង​វិស័យ​សំណង់ (​អចលនទ្រព្យ​) បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ​។​
 
​វិស័យ​អចលនទ្រព្យ ឬ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​គ្រប់គ្រង​ដោយ​ច្បាប់គ្រឹះ​មួយ គឺ​ច្បាប់​ភូមិបាល ដែល​ប្រកាស​ឲ្យ​ប្រើ និង​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០០១ និង​បទបញ្ញត្តិ​មួយចំនួនទៀត ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​កំណត់​ពី​និយមន័យ​ការគ្រប់គ្រង យន្តការ រចនាសម្ព័ន្ធ​ជាដើម ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​នេះ​។​
 
​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ ឬ​អចលនទ្រព្យ​នេះ មាន​ប្រមាណ ១៥២ លាន​ដុល្លារ កើនឡើង​ជាង ៩% បើ​ធៀប​នឹង​រយៈពេល​ត្រឹម​ខែឧសភា ឆ្នាំ​២០១៨ ដែលមាន​ត្រឹមតែ ១៣៨ លាន​ដុល្លារ​។ ការចូល​កាន់កាប់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ទទួលស្គាល់ មុន​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចូល​ជា​ធរមាន ប៉ុន្តែ​ក្រោយ​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន រាល់​ការចូល​កាន់កាប់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា មិនត្រូវ​បានអនុញ្ញាត​ឡើយ (​ខុសច្បាប់​)​។ 
​តើ​អ្វី​ជា​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ហើយ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា មាន​ប៉ុន្មាន​ប្រភេទ​?
 
​រាល់​ការ​កាន់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ត្រូវតែមាន​ឯកសារ​កាន់កាប់ ហើយ​ឯកសារ​ទាំងនោះ គឺ​ត្រូវបាន​បែង​ចែកជា​ពីរ​ប្រភេទ​៖ ឯកសារ​ប្រភេទ​ប្លង់​ទន់ និង​ឯកសារ​ប្រភេទ​ប្លង់រឹង​។ ហើយ​នៅទីនេះ យើង​នឹង​នឹង​លើក​យកមក​បង្ហាញ​តែ ឯកសារ​ប្រភេទ​ប្លង់រឹង ប៉ុណ្ណោះ​។​
 
​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ផ្លូវច្បាប់​ត្រឹមត្រូវ ការកាន់កាប់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ត្រូវមាន​ប័ណ្ណកម្មសិទ្ធិ (​ប្លង់រឹង​) ហើយ​ប្លង់រឹង​ទាំង នោះ​មាន ៣ ប្រភេទ (​ជំនាន់​) ផ្សេងៗ​គ្នា​៖
 
១) ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស​ដីធ្លី ឬ​គេ​និយម​ហៅថា​«​ប័ណ្ណ​ស្លាបមាន់​»​ឬ​ចុងសន្លឹក 


 
​ប័ណ្ណ​ប្រភេទ​នេះ ជា​ប័ណ្ណ​ដីធ្លី​ដែល​ចេញ​មុនគេ​បង្អស់ ក្រោយ​របប​ខ្មែរក្រហម​បាន​ដួលរលំ ។ ប័ណ្ណ​ប្រភេទ​នេះ ត្រូវ​បានចេញ​នូវ​ចន្លោះ​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៥ ដែល​ចេញ​ដោយ​អតីត​ការិយាល័យ​សុរិយោដី​ខេត្ត​-​ក្រុង ហើយ​ការិយាល័យ​សុរិយោដី​កាលនោះ ស្ថិតនៅក្រោម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 
 
​ប័ណ្ណ​ប្រភេទ​នេះ គេ​ឃើញ​អាជ្ញាធរ​សុរិយោដី ចេញ​ជូន​អ្នកកាន់កាប់​ដី​នៅ​ទូទាំងប្រទេស​កម្ពុជា ទាំង​ប្រភេទ​ដី​កសិកម្ម ដី​ភូមិ ឬ​ដី​លំនៅឋាន​គ្រប់​ប្រភេទ ហើយ​ប្លង់​ប្រភេទ​នេះ នៅមាន​សុពលភាព ប្រើប្រាស់​រហូតដល់​បច្ចុប្បន្ន​។ ប្រសិនបើ​ដី​នៅ​តំបន់​នោះ មិនទាន់​ស្នើសុំ​ចុះបញ្ជី​ដី​លក្ខណៈ​ដាច់​ដោយ​ដុំ និង​មិនទាន់បាន​ចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ទេនោះ គឺ​ប័ណ្ណ ឬ​ប្លង់​ប្រភេទ​នេះ នៅមាន​សុពលភាព​ប្រើប្រាស់ ទាំង​ការបញ្ជាក់​ពី​ភោគៈ ស្របច្បាប់ ការដាក់​បញ្ចាំ ដាក់​ហ៊ី​ប៉ូ​តែ​ក ផ្ទេរ ចែក​មរតក និង​ការដាក់​ធានា​គ្រប់​ប្រតិបត្តិការ​បាន ប៉ុន្តែ​វា​មាន​សុពលភាព ត្រឹមតែ​ជា​ប័ណ្ណ​ភោគៈ​ប៉ុណ្ណោះ​។​
 
២) ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ 



​នេះ​ជា​ប្រភេទ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ប្រភេទ ឬ​ជំនា​ន់ទី​ពីរ ដែល​ចេញ​ជូន​ភោគី ឬ​អ្នកកាន់កាប់​អចលនវត្ថុ (​ដីធ្លី​) ចាប់ពី​ចន្លោះ​ឆ្នាំ ១៩៩៥ ដល់ពេល​បច្ចុប្បន្ន ។ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​នេះ ក៏​ជា​ប្រភេទ​ប័ណ្ណ​ភោគៈ ដូច​ទីមួយ​ខាងលើ​ដែរ គឺ​វា​មិនមែនជា​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​ដីធ្លី ស្របច្បាប់ ១០០% ឡើយ​។ 
 
​ប័ណ្ណ​នេះ ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្ត​-​ក្រុង នៃ​ប្រទេស​កម្ពុជា ចេញ​ជូន​អ្នកកាន់កាប់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដើម្បី​គ្រាន់តែ​បញ្ជាក់​ពី​ភោគី​ស្របច្បាប់​ប៉ុណ្ណោះ មិនទាន់​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ នៃ​ដី ដែល​បាន​កាន់កាប់​នោះឡើយ ។​
 
​ដូច្នេះ ប្រភេទ​ប័ណ្ណ​ទី​១ និង​ទី​២ ខាងលើនេះ ជា​ប្រភេទ​ប័ណ្ណ​ភោគៈ​ប៉ុណ្ណោះ ដែល​មិនទាន់មាន​សុពលភាព​ផ្លូវច្បាប់ ១០០% នោះទេ ហើយក៏​មិនទាន់​បញ្ជាក់​ពី​កម្មសិទ្ធិករ ស្របច្បាប់​នៃ​ដី​ដែល​បាន​កាន់កាប់​នោះដែរ វា​ប្រៀបបាន​ដូចជា​កម្មសិទ្ធិ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។​
 
៣) វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​
 


 
​នេះ​ជា​ប្រភេទ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចុងក្រោយ​គេ ដែល​ចេញ​ចាប់តាំងពី​ឆ្នាំ​២០០២ រហូតមកទល់​បច្ចុប្បន្ន​។ អ្នកខ្លះ​និយម​ហៅ​ប័ណ្ណ​ប្រភេទ​នេះ​ថា ប័ណ្ណ ឬ​ប្លង់ LMAP ឬ​ប័ណ្ណ​ប្រព័ន្ធ ដោយហេតុថា ប័ណ្ណ​ប្រភេទ​នេះ ចេញ​ជូន​តែ​ម្ចាស់​ដី​ទាំងឡាយណា ដែល​បាន​ចុះបញ្ជី​ដី​របស់ខ្លួន​ជា​លក្ខណៈ​ប្រព័ន្ធ (Systematic Land Registration) ហើយ​ដែល​ការចុះបញ្ជី​ដី​ជា​ប្រព័ន្ធ​នេះ ធ្វើឡើង​តាំងពី​អំឡុង ឆ្នាំ​២០០២​មកម្ល៉េះ ដោយមាន​ជំនួយ​ពី​ធនាគារពិភពលោក ។ 
 
​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយមាន​ការយល់ព្រម​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​បន្ថែម​ប្រព័ន្ធ QR កូដ នៅលើ​សន្លឹក​ប័ណ្ណ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​អចលនវត្ថុ តាមរយៈ​ការ​ស្កែ​ន QR កូដ​នោះ​។ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ គឺជា​ប័ណ្ណកម្មសិទ្ធិ ដែល​បញ្ជាក់​ពី​កម្មសិទ្ធិ​ស្របច្បាប់​ពេញលេញ ហើយ​ដែល​អ្នកកាន់កាប់​ដីធ្លី ក្លាយទៅជា​កម្មសិទ្ធិករ​ស្របច្បាប់ ១០០% ។​
 
​ដូច្នេះ កាលណា​គេ​និយាយ​ពី​ប្លង់រឹង គឺ​បាន​ដល់​ប្លង់​ទាំងបី​ប្រភេទ​នេះឯង គ្រាន់តែ​ថា​ក្នុងចំណោម​ប្លង់រឹង​ទាំងបី​នេះ គេ​ចែកជា ២​ប្រភេទ​ទៀត គឺ​ប័ណ្ណ​ប្រភេទ​ទីមួយ និង​ប្រភេទ​ទី​ពីរ (​ជា​ប័ណ្ណ​ភោគៈ​) ហើយ​ប័ណ្ណ​ប្រភេទ​ទី បី ទើប​ជា​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​១០០% (​កម្មសិទ្ធិករ នៃ​ដី​ដែល​បាន​កាន់កាប់​ពេញលេញ​តាមផ្លូវ​ច្បាប់​) ៕
 
(​អត្ថបទ​ពា​ណិ​ជ្ចក​ម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com