អភិបាលខេត្ត​កំពង់ធំ ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​សិស្ស​ក្រីក្រ សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​
ជាតិ
សង្គមជាតិ
អភិបាលខេត្ត​កំពង់ធំ ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​សិស្ស​ក្រីក្រ សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​
11, Aug 2019 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បានរៀបចំ​កន្លែង​ស្នាក់នៅ​ដល់​សិស្ស​ក្រីក្រ​ដែល​នៅតាម​បណ្តា ស្រុក ទាំង​៩​ក្នុង​ខេត្តកំពង់ធំ សម្រាប់​ដោះស្រាយ​ការលំបាក និង​ផ្តល់​សុវត្ថិភាព​ដល់​ពួកគេ ក្នុងពេល​ប្រឡង​បាក់​ឌុប​។ អភិបាលខេត្ត​កំពង់ធំ​រូបនេះ បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សិស្ស​ដែល​ក្រីក្រ និង​សិស្ស​ដែល​ពិបាក​ធ្វើដំណើរ​ក្នុងពេល​ទៅ​ប្រឡង​បាក់​ឌុប អាចមក​ស្នាក់នៅ​កន្លែង​ដែល​នៅ​ជិត​មណ្ឌល​ប្រឡង​ខ្លួន ដែល​រៀបចំ​ដោយ​អភិបាលស្រុក​ទាំង​៩ ក្នុង​ខេត្តកំពង់ធំ​។


​បើតាម​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ទីកន្លែង​ដែល​បានរៀបចំ​សម្រាប់​ឲ្យ​សិស្ស​ក្រីក្រ និង​សិស្ស​ដែល​គិតថា​ខ្លួន​នៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង អាច​ផ្លាស់​មក​នៅផ្ទះ​សំណាក់​ជាប​ណ្តោះ​អាសន្ន​បាន ដោយ​ការចំណាយ​គឺ អភិបាលស្រុក​ទាំង​៩ ជា​អ្នក​រាប់​រង​ទាំងអស់​។ 
 
​ដើម្បី​ដោះស្រាយ​ភាពលំបាក​របស់​សិស្ស​ក្រីក្រ អភិបាលខេត្ត​កំពង់ធំ​រូបនេះ បានផ្តល់​លេខ​ចំនួន​៩​ខ្សែ សម្រាប់​ឲ្យ​ទាក់ទង​ទៅ​អភិបាលស្រុក​របស់ខ្លួន ដើម្បី​ទទួលបាន​កន្លែង​ដែល​ស្នាក់នៅ ដែលមាន​អភិបាលស្រុក​ស្ទឹងសែន ០១២ ៦៣៧៤៣៧ អភិបាលស្រុក​សណ្តាន់ ០១២ ៤៥៦ ៧០៦ អភិបាលស្រុក​ប្រាសាទ​សំបូរ ០១២ ៩៦៩ ០០៩,​អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក ០១២ ២២៨ ២៦៨,​អភិបាលស្រុក​ស្ទោង ០៧៧ ៩៩៨ ៨៣០,​អភិបាលស្រុក​កំពង់ស្វាយ ០១២ ៨៥៣ ៥៨៥,​អភិបាលស្រុក​សន្ទុក ០៧៧ ៣៥៧ ៤៤៤,​អភិបាលស្រុក​បារាយណ៍ ០៧៧ ៧០៦ ០៦០ និង​អភិបាលស្រុក​តាំងគោក ០៩៧ ២៨១ ៧៧៧៧​។  
 
​អភិបាលខេត្ត​កំពង់ធំ​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​បានរៀបចំ​ឲ្យ​ក្រុម​កា​ងារ​របស់​យើង​ទាំង​៩​អភិបាលស្រុក ទទួលបន្ទុក​ក្នុងការ​សម្រួល​ដល់​សិស្ស​ដែល​មិនមាន​បងប្អូន សាច់​ញា​ត្តិ ឬ​សិស្ស​ដែល​ជួប​ការលំបាក នៅ​ទី​រួម​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​កន្លែង​ឲ្យ​គាត់​ស្នាក់នៅ​ឲ្យ​សមរម្យ​។ 
 
​លោក សុខ លូ បានបញ្ជាក់​ទៀតថា គោលបំណង​នៃ​ការរៀបចំ​កន្លែង​ស្នាក់នៅ​របស់​សិស្ស​ដែល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​សិស្ស​ឲ្យ​មាន​ទឹកចិត្ត​ប្រឡង​ដែល​ប្រកបដោយ​ភាពជោគជ័យ និង​ធានាបាន​សុខ​សុវត្ថិភាព​ដល់​ពួកគេ​ផងដែរ​។ 
 
​សម្រាប់​សិស្ស​ដែល​ប្រឡង​ជាប់​និ​ទេ្ទ​ស A ឆ្នាំនេះ​លោក​អភិបាលខេត្ត ក៏​នឹង​សន្យា​ផ្តល់ជូន​នូវ​ម៉ូតូ​ម្នាក់​មួយគ្រឿង និង​Ipad ម្នាក់​មួយគ្រឿង ព្រមទាំង​ថវិកា​មួយចំនួន​ផងដែរ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ខិតខំ​រៀនសូត្រ​។ បើតាម​លោក​អភិបាលខេត្ត មណ្ឌល​ប្រឡង​នៅ​ខេត្តកំពង់ធំ​មាន​ចំនួន​៩​មណ្ឌល​។​
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៩ ខែសីហា​នោះ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៩,២១៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ ៤៥,៤១៤​នាក់​(​ស្រី​២,៥៥២៦​នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ៧៣,៨០៣​នាក់ (​ស្រី​៣៥,៥៣៨​នាក់​)​។ ចំណែក​សំណើរ​មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល (​កើន​៦​មណ្ឌល​)៕
 
 

Tag:
 សិស្ស​ក្រីក្រ​
 ​ស្នាក់នៅ​
 ​បាក់​ឌុប​
 BaccII2019
 ​សុខ លូ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម