ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានរៀបចំកន្លែងស្នាក់នៅដល់សិស្សក្រីក្រដែលនៅតាមបណ្តា ស្រុក ទាំង៩ក្នុងខេត្តកំពង់ធំ សម្រាប់ដោះស្រាយការលំបាក និងផ្តល់សុវត្ថិភាពដល់ពួកគេ ក្នុងពេលប្រឡងបាក់ឌុប។ អភិបាលខេត្តកំពង់ធំរូបនេះ បានប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា សិស្សដែលក្រីក្រ និងសិស្សដែលពិបាកធ្វើដំណើរក្នុងពេលទៅប្រឡងបាក់ឌុប អាចមកស្នាក់នៅកន្លែងដែលនៅជិតមណ្ឌលប្រឡងខ្លួន ដែលរៀបចំដោយអភិបាលស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ។
បើតាមលោក សុខ លូ អភិបាលខេត្តកំពង់ធំ ទីកន្លែងដែលបានរៀបចំសម្រាប់ឲ្យសិស្សក្រីក្រ និងសិស្សដែលគិតថាខ្លួននៅឆ្ងាយពីមណ្ឌលប្រឡង អាចផ្លាស់មកនៅផ្ទះសំណាក់ជាបណ្តោះអាសន្នបាន ដោយការចំណាយគឺ អភិបាលស្រុកទាំង៩ ជាអ្នករាប់រងទាំងអស់។
ដើម្បីដោះស្រាយភាពលំបាករបស់សិស្សក្រីក្រ អភិបាលខេត្តកំពង់ធំរូបនេះ បានផ្តល់លេខចំនួន៩ខ្សែ សម្រាប់ឲ្យទាក់ទងទៅអភិបាលស្រុករបស់ខ្លួន ដើម្បីទទួលបានកន្លែងដែលស្នាក់នៅ ដែលមានអភិបាលស្រុកស្ទឹងសែន ០១២ ៦៣៧៤៣៧ អភិបាលស្រុកសណ្តាន់ ០១២ ៤៥៦ ៧០៦ អភិបាលស្រុកប្រាសាទសំបូរ ០១២ ៩៦៩ ០០៩,អភិបាលស្រុកប្រាសាទបល្ល័ង្ក ០១២ ២២៨ ២៦៨,អភិបាលស្រុកស្ទោង ០៧៧ ៩៩៨ ៨៣០,អភិបាលស្រុកកំពង់ស្វាយ ០១២ ៨៥៣ ៥៨៥,អភិបាលស្រុកសន្ទុក ០៧៧ ៣៥៧ ៤៤៤,អភិបាលស្រុកបារាយណ៍ ០៧៧ ៧០៦ ០៦០ និងអភិបាលស្រុកតាំងគោក ០៩៧ ២៨១ ៧៧៧៧។
អភិបាលខេត្តកំពង់ធំរូបនេះបាននិយាយដូច្នេះថា៖«យើងបានរៀបចំឲ្យក្រុមកាងាររបស់យើងទាំង៩អភិបាលស្រុក ទទួលបន្ទុកក្នុងការសម្រួលដល់សិស្សដែលមិនមានបងប្អូន សាច់ញាត្តិ ឬសិស្សដែលជួបការលំបាក នៅទីរួមខេត្ត ដើម្បីត្រៀមរៀបចំកន្លែងឲ្យគាត់ស្នាក់នៅឲ្យសមរម្យ។
លោក សុខ លូ បានបញ្ជាក់ទៀតថា គោលបំណងនៃការរៀបចំកន្លែងស្នាក់នៅរបស់សិស្សដែលប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីបង្កភាពងាយស្រួលដល់សិស្សឲ្យមានទឹកចិត្តប្រឡងដែលប្រកបដោយភាពជោគជ័យ និងធានាបានសុខសុវត្ថិភាពដល់ពួកគេផងដែរ។
សម្រាប់សិស្សដែលប្រឡងជាប់និទេ្ទស A ឆ្នាំនេះលោកអភិបាលខេត្ត ក៏នឹងសន្យាផ្តល់ជូននូវម៉ូតូម្នាក់មួយគ្រឿង និងIpad ម្នាក់មួយគ្រឿង ព្រមទាំងថវិកាមួយចំនួនផងដែរ ដើម្បីលើកទឹកចិត្តដល់សិស្សដែលខិតខំរៀនសូត្រ។ បើតាមលោកអភិបាលខេត្ត មណ្ឌលប្រឡងនៅខេត្តកំពង់ធំមានចំនួន៩មណ្ឌល។
សូមបញ្ជាក់ថា សម័យប្រឡងបាក់ឌុបឆ្នាំនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែសីហានោះ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៩,២១៧នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ តាមតួលេខពីក្រសួងអប់រំ ឆ្នាំនេះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ ៤៥,៤១៤នាក់(ស្រី២,៥៥២៦នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៧៣,៨០៣នាក់ (ស្រី៣៥,៥៣៨នាក់)។ ចំណែកសំណើរមណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល (កើន៦មណ្ឌល)៕