ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
សិស្ស​រៀន​សិល្បៈ​បុរាណ​ភាគច្រើន​ចេញពី​គ្រួសារ​ក្រក្រី​
10, Aug 2019 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ បើតាម​ការសង្កេត​ជាទូទៅ​សិស្ស​និស្សិត​ដែល​រៀន​ជំនាញ​សិល្បៈ​បុរាណ ភាគច្រើន​គឺ​ចេញពី​គ្រួសារ​ដែលមាន​ជីវភាព​ក្រោម​មធ្យម​ឬ​ក្រក្រី​តែម្ដង​។ ពួកគេ​ត្រូវ​ខំតស៊ូ​រៀន​ទាំង​ត្រដាបត្រដួស ដើម្បី​បំពេញ​បំណងប្រាថ្នា និង​ទេពកោសល្យ​របស់ខ្លួន​។ ទោះបី​ជាមាន​ជីវភាព​ខ្វះខាត​ក្ដី ក៏​អាណាព្យាបាល​របស់​ពួកគេ​ខ្នះខ្នែង និង​លើកទឹកចិត្ត​ពួកគេ​ជានិច្ច​។


​ដើម្បី​ជ្រាប​ច្បាស់​ពី​ស្ថានភាព​សិស្ស​មួយចំនួន​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​រៀន​ជំនាញ​សិល្បៈ​បុរាណ តទៅ​នេះ​សូម​រីករាយ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​សិស្សានុសិស្ស​ដែល​បាន​ឡើង​សម្ដែង​សិល្បៈ​គ្រប់​ទម្រង់ ក្នុង​សាលា​មធ្យម​វិចិត្រសិល្បៈ នាពេល​ប្រឡង​យក​សញ្ញាបត្រ​សិល្បៈ និង​ប្រឡង​យក​ស្នាតក​ប​ត្រ​សិល្បៈ កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩ សុទ្ធសឹង​តែមាន​ទេពកោសល្យ​ខ្ពស់​។ 
 
​តាមរយៈ​ទេពកោសល្យ​និង​រូប​សម្រស់​របស់​ពួកគេ អាច​ញ៉ាំង​ចិត្ត​អ្នកទស្សនា​ឱ្យ​ស្ងើចសរសើរ និង​សប្បាយរីករាយ​បាន​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន មិនបាន​ដឹង​ឡើយ​ពី​រឿង​ដែល​នៅ​ខាងក្រោយ​ខ្នង​របស់​ពួកគេ​។ 
 
​លោក ហួត ស៊ីថន នាយក​សាលា​ល្ខោន​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ ដែល​គ្រប់គ្រង​៣​ទម្រង់ គឺ​ទម្រង់​ល្ខោនបាសាក់ ល្ខោននិយាយ និង​ល្ខោន​យីកេ បាន​លើកឡើងថា​សិស្ស​ដែល​មក​រៀន​សិល្បៈ​បុរាណ​ភាគច្រើន​ចេញពី​គ្រួសារ​ដែលមាន​ជីវភាព​ក្រោម​មធ្យម​។ លោក​បញ្ជាក់​ក្រោយ​ការសម្ដែង​បានបញ្ចប់​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​៖«​អ្នកមាន​ទេពកោសល្យ​តែ​គាត់​មានលទ្ធភាព​ទៅ​រៀន​នៅ​សាលា​ខាងក្រៅ​ទៅវិញ​។ អ្នកខ្លះ​ទៀត​គាត់​មាន​ឧបនិស្ស័យ ហើយ​ជីវភាព​គាត់​មិនសូវមាន​។ អ្នកខ្លះ​គិតថា​មក​ចាប់​អាជីប​នេះ​យក​ជំនាញ គាត់​រៀន​បណ្ដើរ​អាច​ទៅ​សម្ដែង​បណ្ដើរ​ដើម្បី​បាន​ថវិកា​ទ្រទ្រង់​ជីវភាព​ខ្លះ​។ តាំងពី​យូរណាស់​មកហើយ យើង​ជ្រើសរើស​កូន​ប្រជាជន​ដែលមាន​ជីវភាព​ក្រោម​មធ្យម​។ បើ​កូនអ្នកមាន ទាល់តែ​គេ​មាន​ទេពកោសល្យ​ខ្លាំងណាស់ ទើប​ម្ដាយ​ឪពុក​គេ​ឱ្យមក​រៀន​»​។


 
​មិន​ខុសពី​សម្ដី​របស់​លោកនាយ​ក​សាលា​ល្ខោន​ឡើយ យុវ​សិស្ស ញ៉ា សម្បត្តិ អាយុ​១៨​ឆ្នាំ ដែល​ចាប់យក​ឯកទេស​ល្ខោនបាសាក់ ពិតជា​ស្ថិតក្នុង​គ្រួសារ​ខ្វះខាត​មែន​។ សិស្ស​មកពី​ខេត្តតាកែវ​រូបនេះ បាន​អះអាងថា​មិត្ត​រួម​ឯកទេស​សុទ្ធសឹង​តែមាន​ជីវភាព​ទាល់ក្រ​។ ដើរតួ​សម្ដែង​ជា​ស្តេច​គ្រុឌ​ក្នុង​រឿង​កាកី សម្បត្តិ បញ្ជាក់​ពី​ស្ថានភាព​គ្រួសារ​របស់ខ្លួន ទាំង​មិនទាន់​ផ្លាស់​សម្លៀកបំពាក់​សម្ដែង​ចេញ​៖«​គ្រួសារ​របស់ខ្ញុំ​ក្រក្រី ជួនកាល​បាន​បី​ម៉ឺន​ឬ​ប្រាំ​ម៉ឺន​ខ្ញុំ​ចាយ​មួយ​ទៅ​ពីរ​សប្ដាហ៍​»​។


 
​ចំណែក​អ្នកស្រី កែវ សាលី បានធ្វើ​ដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​ប្ដី រួមទាំង​បងស្រី​ម្នាក់ទៀត​មក​រាជធានី​ភ្នំពេញ ដើម្បី​លើកទឹកចិត្ត​កូនស្រី​ក្នុង​ថ្ងៃ​សម្ដែង​ជា​លើកដំបូង លើ​ឯកទេស​ល្ខោនបាសាក់​។ កសិករ​រូបនេះ​បាន​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​គាត់​ផ្ដល់ឱ្យ​កូន ខណៈពេល​ការសម្ដែង​នាពេល​រសៀល​មិនទាន់​ចាប់ផ្ដើម​៖«​កូន​មក​រៀន​បាន​មួយឆ្នាំ​ហើយ ខ្ញុំ​ផ្ញើ​ប្រាក់​ឱ្យគេ ម្ដង​បាន​ប្រាំ​ម៉ឺន​។ កូន​ថា​មិនឱ្យ​ខ្ញុំ​ផ្ញើមក​ច្រើន​ទេ មួយ​សប្ដាហ៍​តែ​ប្រាំ​ម៉ឺន​បាន​ហើយ​។ ពេលខ្លះ​ខ្ញុំ​មិនមាន​ប្រាក់​ក៏​ថា​មាន​ដែរ ដើម្បីឱ្យ​កូន​ខំរៀន​»​។


 
​មក​ចាប់អារម្មណ៍​ពី​ចំនួន​សិស្ស​ដែល​បាន​ចូលរៀន​ក្នុង​សាលា​ល្ខោន​វិញ​។ បើតាម​លោក ហួត ស៊ីថន នាយក​សាលា​ល្ខោន​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ សិស្ស​ដែល​ចុះឈ្មោះ​រៀន​ឯកទេស​ល្ខោន​ទាំងបី​ទម្រង់​មានការ​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​។ លោក​ពន្យល់​ទាំង​ទឹកមុខ​ហាក់​គ្មាន​សង្ឃឹម​៖«​ទម្រង់​ល្ខោនបាសាក់ យីកេ និង​ល្ខោននិយាយ ៣​ទម្រង់​នេះ​ពី​ថ្នាក់​ទី​១​ដល់ទី​៦ ក្នុង​មួយឆ្នាំ​យើង​ទទួល​បានតែ​ជាង​១៤០​នាក់​ប៉ុណ្ណោះ​។ ចំនួន​នេះ​តិច​ណាស់​។ ពីមុន​មាន​ច្រើន​មាន​ដល់​៣០០​នាក់​អី ប៉ុន្តែ​ក្រោយមក​ចេះតែ​ធ្លាក់ចុះ​»​។​
 
​អាចមាន​ហេតុផល​ច្រើន​ដែលនាំឱ្យ​មានការ​ធ្លាក់ចុះ​ការ​សិល្បៈ​ជំនាញ​សិល្បៈ​បុរាណ ដោយ​មិន​ដូច​ពី​សម័យ​ដើម​។ ចំណែក​រឿង​ដែល​អ្នកស្រី កែវ សាលី បាន​ជួប​ប្រហែលជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ទៀត នាំឱ្យ​ម្ដាយ​ឪពុក​ជាច្រើន​មិន​លើកទឹកចិត្ត​កូន​ឱ្យ​រៀន​ជំនាញ​ល្ខោនបាសាក់ ៖«​គេ​ថា​ស្រី​ល្ខោន​ជា​ស្រី​មិនល្អ តែ​ខ្ញុំ​មិន​ធ្វើ​ដឹង​ទេ​។ ពេល​ខ្ញុំ​បាន​មកដល់​ទីនេះ​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​រំភើប​ណាស់​សឹង​ទះដៃ​អបអរសាទរ​»​។


 
​មិន​ត្រឹមតែ​មិន​ខ្វល់​នឹង​សំដី​អ្នក​ដែល​មិន​យល់​ពី​តម្លៃ​សិល្បៈ​បុរាណ ស្ត្រី​ជា​ម្ដាយ​រូបនេះ​ពិតជា​សប្បាយចិត្ត​និង​តែង​លើក​កម្លាំងចិត្ត​កូន​បន្ថែមទៀត ព្រោះ​ឃើញថា​កូន​ចេះ​ស្រឡាញ់​និង​ឱ្យ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​៖«​ខ្ញុំ​ចង់​មើល​កូន​ណាស់​ហើយ​បានជា​មក​អង្គុយ​មុខ​គេ​។ ឱ្យតែ​កូន​ចេះ ចាប់​ជំនាញ​ណា​ឱ្យ​ច្បាស់​ជំនាញ​នោះ​។ ខ្ញុំ​ស្រឡាញ់​សិល្បៈ​បុរាណ​ទាំងអស់​»​។  
 
​នៅមាន​ហេតុផល​មួយទៀត​ដែល​អាច​លើក​យកមក​ធ្វើជា​ហេតុផល នាំឱ្យ​ក្មេងជំនាន់ក្រោយ មើលរំលង​សិល្បៈ​បុរាណ ដែលជា​ដួងព្រលឹង​ជាតិ ហើយ​លោក ហួត ស៊ីថន បាន​ពន្យល់​ដូច្នេះ​៖«​ការវិវឌ្ឍ​ទស្សនីយភាព​សកលភាវូបនីយកម្ម​មានការ​ជឿនលឿន​ខ្លាំង​។ សិល្បៈ​ត្រូវ​អភិរក្ស​មិនសូវ​ធ្លាក់ចុះ​ទេ ប៉ុន្តែ​ទម្រង់​សិល្បៈ​ដែល​នៅ​ជិត​សម័យ​បន្តិច​ដូចជា​ល្ខោននិយាយ មិនសូវមាន​គេ​ចាប់អារម្មណ៍​។ ល្ខោននិយាយ​សុទ្ធសឹង​ប្រើពាក្យ​ពេចន៍​ដែលមាន​ខ្លឹមសារ និង​ការអប់រំ​ច្រើន​ដូច្នេះ​គេ​មិនសូវ​ចូលចិត្ត​ទេ​»​។​
 
​គេ​អាច​និយាយបានថា សិល្បៈ​គឺជា​វិស្វករ​នៃ​ព្រលឹង ព្រោះ​សិល្បៈ​អាចធ្វើឱ្យ​មនុស្ស​ភ្លេច​ទុក្ខព្រួយ​ទាំងឡាយ​ទាំង​ពួក សិល្បៈ​អាច​ព្យាបាល​ជំងឺ​បាន ហើយ​សិល្បៈ​អាច​ព្យាបាល​របួស​ផ្លូវចិត្ត​ជាដើម​។ ដូច្នេះហើយ​ទើបបានជា​អ្នក​ដែល​អាច​រៀន​សិល្បៈ​បាន ទាល់តែ​ពួកគេ​មាន​ទេពកោសល្យ​ពី​កំណើត​។ ហើយ​លោកនាយក​សាលា​ល្ខោន​អះអាង​ដូច្នេះ​៖«​អ្នក​ដែលមាន​មិន​ទេពកោសល្យ រៀន​យឺត​ជាងគេ ជួនកាល​អាច​អនាគត​មិនល្អ​។ ល្ខោន​ច្រៀង​ទាល់តែ​គាត់​មាន​សំឡេង​ល្អ បើ​អ្នករៀន​ភ្លេង​ទាក់​តែ​ត្រចៀក​គាត់​ពូកែ​ចាប់យក​សំឡេង​។ ទាំងនេះ​ទាក់ទង​ទៅនឹង​ឧបនិស្ស័យ​ពី​កំណើត​ទាំងអស់​»​។


 
​ដូច​ទៅនឹង​អ្វីដែល​លោក ហួត ស៊ីថន បានលើកឡើង កញ្ញា អង ស្រី​និច្ច ដែលមាន​អាយុ​១៨​ឆ្នាំ ពិតជា​មានការ​លំបាក​ក្នុងការ​ហ្វឹកហាត់​លើ​ជំនាញ​ល្ខោន​របស់ខ្លួន​។ មានចិត្ត​ស្រឡាញ់​សិល្បៈ​តាំងពីក្មេង ប៉ុន្តែ ស្រី​និច្ច ខ្វះខាត​ការទទួលបាន​ព័ត៌មាន​ពី​សាលាបង្រៀន ទើបបានជា​នាង​ត្រូវ​ចូលរៀន​នៅ​អាយុ​ជ្រេ​ណាស់​ទៅហើយ​។ 
 
​ទោះជា​មានការ​លំបាក​ទាំ​ង​ជីវភាព និង​ការហ្វឹកហាត់​ក្ដី ក៏​យុវ​សិស្ស​ដែល​មកពី​ខេត្តតាកែវ​រូបនេះ​តស៊ូ​រៀន​រហូត​ចប់ និង​សម្រេច​បំណងប្រាថ្នា​របស់ខ្លួន​ដែល​ចង់​ធ្វើជា​គ្រូបង្រៀន​ល្ខោនបាសាក់​នោះ​៖«​មក​រៀន​នៅទីនេះ​អាចមាន​ជំនាញ​ច្បាស់ ម្យ៉ាង​ដោយ​ចិត្ត​ស្រឡាញ់​ផង​។ ការលំបាក​ដោយ​ខ្ញុំ​មាន​អាយុ​ច្រើន​ស្រាប់ ដូច្នេះ​ក្បាច់​ខ្លះ​ខ្ញុំ​ចាប់​មិនបាន​។ កាល​ខ្ញុំ​មក​រៀន​ដំបូង​ខ្ញុំ​យំ​រាល់ថ្ងៃ ព្រោះ​ពេលព្រឹក​ខ្ញុំ​ហាត់​សិល្បៈ ពេល​ថ្ងៃ​ខ្ញុំ​រៀនអក្សរ ពេល​ល្ងាច​ខ្ញុំ​ត្រូវ​ហាត់​ជាមួយ​សិស្ស​ច្បង​និង​ហាត់​ដោយ​ខ្លួនឯង​ទៀត ម្យ៉ាង​ការទទួល​ទាន​ក៏​ខ្វះខាត​»​។  


 
​រីឯ សម្បត្តិ ដែលមាន​ឪពុក​ជា​អ្នកចម្រៀង​ភ្លេង​ការ ក៏មាន​ឧបសគ្គ​ក្នុងការ​ហាត់រៀន​ដែរ​។ មាន​សម្បុរ​ស្រអែម រាង​ខ្ពស់​សង្ហារ សម្បត្តិ​មាន​សំឡេង​ល្អ និង​ច្រៀង​បាន​ពីរោះ ប៉ុន្តែ​រាងកាយ​បែរ​ជាមាន​បញ្ហា​ទៅវិញ​៖«​ហាត់​ដំបូង​មានការ​លំបាក​ណាស់ ព្រោះ​ខ្ញុំ​ឧស្សាហ៍​ឈឺ​។ ហាត់​ក្បាច់​ធ្ងន់ៗ ដូចជា​ក្រឡាស់​ខ្លួន​ត្រឡប់ក្រោយ​ខ្ញុំ​ធ្វើ​មិន​បានទេ ព្រោះ​ខ្ញុំ​ខ្សោយ​ដងខ្លួន​និង​ចង្កេះ​»​។​
 
​សម្បត្តិ​បន្ថែម​៖«​មូលហេតុ​ដែល​ខ្ញុំ​រៀន​ល្ខោនបាសាក់​នេះ​ព្រោះតែ​ខ្ញុំ​ស្រឡាញ់​។ ខ្ញុំ​ចង់​ថែ​វប្បធម៌​ជាតិ​។ អ្វីដែល​ខ្ញុំ​ចេះ​ខ្ញុំ​ចង់​យកទៅ​បង្រៀន​ក្មេងជំនាន់ក្រោយ​ទៀត​»​។​
​ជា​ចុងក្រោយ​លោក ហួត ស៊ីថន ដែលមាន​វ័យ​៥៧​ឆ្នាំ បាន​ពន្យល់​ពី​និយមន័យ​សិល្បៈ​ដូច្នេះ​៖«​សិល្បៈ​មានន័យ​ដើម​ថា​សិប្បៈ​។ សិប្បៈ គឺជា​ការ​ប៉ិនប្រសព្វ ហើយ​វា​ទាក់ទង​នឹង​ឧបនិស្ស័យ​។ កាលណា​មាន​ឧបនិស្ស័យ​ពី​កំណើត សាលា​យកមក​បណ្ដុះ​បន្ថែម​ទៅតាម​មុខវិជ្ជា​នីមួយៗ ក៏​ក្លាយជា​សិល្បៈ​»៕ 
 

Tag:
 សិល្បៈ​
  មធ្យម​វិចិត្រសិល្បៈ​
  ល្ខោន​
  សិស្ស​
  ប្រឡង​
  បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com