កីឡាជាតិ
ជាតិ
កម្ពុជារំពឹងទទួលបានលទ្ធផលល្អ នាការប្រកួតប្រណាំងយានយន្តឆ្លងប្រទេស នៅថៃនិងមីយ៉ាន់ម៉ា លោក ហូ សិទ្ធីគុណ (កណ្តាល)រួមជាមួួយកីឡាករកីឡាការិនី មុនចេញទៅប្រទេសថៃ
× សហព័ន្ធកីឡាយានយន្តកម្ពុជាបានបង្ហាញក្តីរំពឹងថា កីឡាករកម្ពុជានឹងទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតប្រណាំងយានយន្តឆ្លងប្រទេស Asia Cross Country Rally 2019 ដែលចេញដំណើរពីប្រទេសថៃ ទៅបញ្ចប់នៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកួតដែលមានជាង៣០ប្រទេសចូលរួមនេះ ប្រណាំងលើចម្ងាយផ្លូវជាង២,២០០គីឡូម៉ែត្រ។ កម្ពុជាដែលជាក្រុមការពារតំណែងជើងឯកលើរថយន្តប្រើសាំងបានត្រៀមខ្លួនអស់រយៈពេល២មកហើយ សម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ី។
អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាលោក ហូ សិទ្ធីគុណ បាននិយាយថា ក្រុមកីឡាករកម្ពុជាទាំងពីរក្រុមបានខ្លួនអស់រយៈពេលជាងពីរខែ ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងប្រទេស Asia Cross Country Rally ប្រចាំឆ្នាំ២០១៩។ កត្តានេះ បានធ្វើឲ្យលោកមានជំនឿចិត្តខ្ពស់ថា កម្ពុជានឹងទទួលបានលទ្ធផលល្អ សម្រាប់ការចូលរួមលើកនេះ។
«ដោយមានការផ្លាស់ប្តូរកីឡាករមួយចំនួន ដែលជាអ្នកខ្លាំងៗលើការប្រណាំងក្លាស់ម៉ាស៊ូត តែពេលនេះគាត់មកចូលរួមជាមួយក្លាស់សាំង គឺក្តីបារម្ភមួយកម្រិតសម្រាប់យើងទាំងអស់គ្នា។ ក្តីបារម្ភមួយទៀត គឺស្ថានភាពផ្លូវ ព្រោះប្រទេសមីយ៉ាន់ម៉ាជាប្រទេសដែលយើងមិនធ្លាប់ទៅលេងសោះ ជាហេតុធ្វើឲ្យយើងមិនស្គាល់ពីតំបន់ និងស្ថានភាពផ្លូវនៅទីនោះថា ជាប្រភេទដីភ្នំ ឬភក់ជ្រាំ។ ពីរកត្តានេះធ្វើឲ្យការប្រកួតរបស់យើងឆ្នាំនេះ កាន់តែតានតឹងជាងឆ្នាំមុន តែយើងរំពឹងថា យើងនឹងអាចរក្សាលទ្ធផលល្អ»។ នេះជាការលើកឡើងរបស់លោក ហូ សិទ្ធីគុណ មុនចេញទៅប្រទេសថៃកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។
ការអភិវឌ្ឍ និងផ្សព្វផ្សាយពីកីឡាយានយន្តនៅកម្ពុជា និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនានៅកម្ពុជានាថ្ងៃអនាគត ត្រូវបានលោក ហូ សិទ្ធីគុណ ចាត់ទុកជាគោលបំណងនៃការចូលរួមលើកនេះ។ លោកបានបន្ថែមថា សហព័ន្ធបានធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ៣ទៅ៤លើកមកហើយ ហើយបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនឲ្យមកកម្សាន្តនៅកម្ពុជាផងដែរ។
សម្រាប់ការប្រកួតនឹងចេញដំណើរនៅប្រទេសថៃ ហើយទៅបញ្ចប់នៅទីក្រុងណៃពិដោរប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយផ្លូវជាង២,២០០គីឡូម៉ែត្រ។ ការប្រកួតនេះមានកីឡាករមកពីជាង៣០ប្រទេសចូលរួម ដោយមានរថយន្តសរុប៣៧គ្រឿង ខណៈកម្ពុជាបញ្ជូនកីឡាករពីរក្រុមឲ្យចូលរួម។ ដោយរថយន្តទី១បើកដោយលោក ហូ សិទ្ធីគុណ ដោយមានកីឡាការិនី សេង សុជាតា និងលោក ពៅ តិចឡេង ជាជំនួយការ និងរថយន្តទី២បើកបរដោយកីឡាករ សោម សុកុសល ដែលមានកីឡាករ វង្ស គឺមហួត ជាជំនួយការ។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៦ ខែសីហា៕
Tag:
ប្រណាំងយានយន្ត
ហូ សិទ្ធីគុណ
© រក្សាសិទ្ធិដោយ thmeythmey.com