អន្តរជាតិ
នយោបាយអន្តរជាតិ
មហាសេដ្ឋីអាមេរិក Jeffrey Epstein ចងកសម្លាប់ខ្លួនក្នុងមន្ទីរឃុំឃាំង
× អ្នកជំនាញខាងហិរញ្ញវត្ថុជនជាតិអាមេរិក Jeffrey Epstein ដែលស្ថិតក្នុងការឃុំខ្លួន រង់ចាំការកាត់ទោសលើករណីជួញដូរផ្លូវភេទនារីមិនទាន់គ្រប់អាយុ ត្រូវបានរកឃើញស្លាប់ក្នុងបន្ទប់ពន្ធនាគារកាលពីថ្ងៃសៅរ៍ ទី១០ សីហា ដោយការចងកសម្លាប់ខ្លួន។ ជុំវិញរឿងនេះ មនុស្សជាច្រើន ផ្ទុះការតវ៉ា ដោយលើកជាសំណួរពាក់ព័ន្ធភាពធ្លោះធ្លោយដែលបណ្តោយឲ្យជនជាប់ចោទកម្រិតខ្ពស់បែបនេះអាចធ្វើអត្តឃាតក្នុងពេលឃុំឃាំងបាន ។
លោក Epstein ត្រូវបានគេដឹងថា ស្លាប់ ដោយការចងកសម្លាប់ខ្លួន នៅវេលាម៉ោង ៦:៣០នាទីព្រឹក នៅឯមជ្ឈមណ្ឌលកែប្រែក្រុង ញូវយ៉ក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អគ្គរដ្ឋអាជ្ញារអាមេរិក លោក Bill Barr បានគូសបញ្ជាក់ថា លោកតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងការស្លាប់លោក Epstein ហើយ លោក ក៏បានចេញបញ្ជាឲ្យអធិការដ្ឋាននៃក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើរឿងនេះ។
«ការស្លាប់របស់លោក Epstein បានបង្កើតសំណួរជាច្រើន ដែលទាមទារការបកស្រាយ»។ លោក Barr បញ្ជាក់បែបនេះ។ ជាមួយគ្នានេះដែរ យោងតាមក្រសួងយុត្តិធម៌ ភ្នាក់ងារ FBI អាមេរិក ក៏កំពុងបើកការស៊ើបអង្កេតលើបញ្ហាអត្តឃាតនេះផងដែរ។
ការស្លាប់របស់លោក Epstein បានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីឯកសារតុលាការកម្រាស់រាប់រយទំព័រ ត្រូវបានចេញផ្សាយ ដោយបង្ហាញពីការចោទប្រកាន់ថ្មីប្រឆាំងនឹងលោក និងមនុស្សមួយចំនួនទៀតពាក់ព័ន្ធនឹងលោក។
ហើយ កាលពីខែមុន ក្រោយពីលោកត្រូវបានបដិសេធការសុំនៅក្រៅឃុំ លោក Epstein ធ្លាប់បានព្យាយាមចងកសម្លាប់ខ្លួនក្នុងបន្ទប់ពន្ធនាគាររបស់លោក ប៉ុន្តែត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យនិងជួយសង្គ្រោះទាន់ពេលវេលា។ មន្ត្រីទទួលបន្ទុកពន្ធនាគារចាត់ទុករឿងនេះជាការប៉ុនប៉ងសម្លាប់ខ្លួន។
សូមបញ្ជាក់ថា លោក Epstein រងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីបង់លុយឲ្យស្រីក្មេងៗក្រោមអាយុ ១៨ឆ្នាំ ធ្វើសកម្មភាពផ្លូវភេទ នៅឯភូមិគ្រឹះលោកក្នុងរដ្ឋ Florida និង Manhanttan កាលពីអំឡុងឆ្នាំ ២០០២ និង ២០០៥។ លោក ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៦ កក្កដា ឆ្នាំ២០១៩ ក្រោយពីធ្វើដំណើរទៅដល់ទឹកដីរដ្ឋ New Jersey តាមរយៈយន្តហោះផ្ទាល់ខ្លួន។
ម្យ៉ាងវិញទៀត រដ្ឋអាជ្ញារអាមេរិក ក៏បានចោទប្រកាន់លោក Epstein ករណីយកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បិទមាត់សាក្សីពីរនាក់ នៅមុនពេលការជំនុំជម្រះក្តីលោកមកដល់ ពោលគឺគ្រោងធ្វើឡើងនាឆ្នាំ២០២០។ លោក អាចប្រឈមជាប់គុក ៤៥ឆ្នាំ ប្រសិនបើរកឃើញកំហុសមែននោះ។
និយាយពីប្រវត្តិខ្លះៗរបស់លោក Jeffrey Epstein ។ លោក ធ្លាប់ធ្វើជាគ្រូបង្រៀនម្នាក់ មុននឹងប្រឡូកចូលក្នុងវិស័យហិរញ្ញវត្ថុ។ មុននឹងមានករណីឧក្រិដ្ឋកម្មប្រឆាំងលោក សេដ្ឋីហិរញ្ញវត្ថុរូបនេះ ត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យស្តុកស្តម្ភ និងមានបណ្តាញជាមួយមនុស្សមានឥទ្ធិពល។ ក្នុងនោះ ក៏មានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អតីតប្រធានាធិបតី Bill Clinton និងព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Andrew ផងដែរ។
តួយ៉ាង ប្រាប់ទស្សនាវដ្តី New York ក្នុងឆ្នាំ២០០២ លោក ត្រាំ បានហៅលោក Epstein ជា «បុគ្គលអស្ចារ្យ» ថែមទៀតផង។ ប៉ុន្តែក្រោយមក លោកប្រធានាធិបតី បានអះអាង ទំនាក់ទំនងរវាងលោកជាមួយ Epstein បានរលាយបាត់ កាលពី ១២ ឬ ១៥ ឆ្នាំកន្លងទៅហើយ។ ទន្ទឹមនឹងនេះ លោក ក៏បានលើកឡើងជាថ្មីថា លោក ពុំមែនជាអ្នកគាំទ្ររបស់លោក Jeffrey Epstein ទេ៕
Tag:
សហរដ្ឋអាមេរិក
FBI
Jeffrey Epstein
© រក្សាសិទ្ធិដោយ thmeythmey.com