អន្តរជាតិ
លោក មហា​ធៀ បើកឡាន​ជូន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដោយផ្ទាល់
11, Aug 2019 , 2:19 pm        
រូបភាព
ដោយ:
​វា​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយ​ក្នុង​ចំណង​ការទូត ដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ (Mahathir Mohamad) បាន​បើកឡាន​ដោយផ្ទាល់​ជូន​ភ្ញៀវ​ពិសេស​គឺ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ​វី​ដូ​ដូ (Joko Widodo) ដែល​មាន​វត្តមាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ទឹកដី​ម៉ាឡេស៊ី​។

 
​តាមរយៈ​គណនី Twitter ផ្លូវការ​នៅ​ថ្ងៃ​៩ សីហា​កន្លងទៅនេះ លោក​ប្រធានាធិបតី Joko Widodo បាន​បង្ហោះ​រូបភាព​ជាមួយនឹង​សារ​ខ្លី​មួយ​យ៉ាង​ដូច្នេះ​ថា​៖« គឺជា​រឿង​ដ៏​មាន​កិត្តិយស​នា​រសៀល​ថ្ងៃ​សុក្រ​អំឡុងពេល​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ បាន​បើកឡាន​ជូន​ខ្ញុំ​ពី​កន្លែង​ដែល​យើង​ប្រជុំ​ទៅកាន់​កន្លែង​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅក្នុង​ក្រុង Putrajaya »​។ 

អត្ថបទទាក់ទង

 
​តាមពិតទៅ នេះ មិនមែនជា​លើកដំបូង​ឡើយ ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ ធ្វើដំណើរ​រួមគ្នា​ក្នុងនាម​ជា​អ្នកបើកបរ និង​ភ្ញៀវ​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post កាលពី​ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ ក៏បាន​បើកឡាន​ជូន​លោក​ប្រធានាធិបតី ចូ​កូ ក្នុង​កម្មវិធី​ប្រកួតប្រជែង​សាកល្បង​មួយ​នៅ​ម៉ាឡេស៊ី ដែល​ពេលនោះ​ផងដែរ លោក ចូ​កូ បាន​អះអាងថា លោក មហា​ធៀ បាន​បើក​ក្នុង​ល្បឿន ១៨០ គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។ 
 
​គួរ​ជម្រាប​ថា ប្រធានាធិបតី ចូ​កូ បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ម៉ាឡេស៊ី​រយៈពេល​ពីរ​ថ្ងៃ ដោយ​វត្តមាន​របស់លោក​ប្រធានាធិបតី​នៅ​ទីនោះ មាន​គោលដៅ​ជជែក​ជាមួយនឹង​មេដឹកនាំ​ម៉ាឡេស៊ី​លើ​របៀបវារៈ​ធំ​ពីរ​រួមមាន​ពង្រឹង​ការអប់រំ​សម្រាប់​កុមារ​ឥណ្ឌូណេស៊ី ដែល​កំពុង​រស់នៅ​ម៉ាឡេស៊ី និង​ការកំណត់​ព្រំដែន​ប្រទេស​ទាំងពីរ​។ 
 
​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការបើក​ឡាន​ដោយផ្ទាល់​របស់​មេដឹកនាំ​វ័យ​ជាង​៩០​របស់​ម៉ាឡេស៊ី​ជូន​មេដឹកនាំ​ឥណ្ឌូណេស៊ី ក៏​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ការទូត​ប្រទេស​ទាំងពីរ​។ នៅ​ចុងឆ្នាំ​២០១៨​កន្លងទៅ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សារណ​យោគយល់​ក្នុង​ការផលិត​រថយន្ត​ប្រចាំ​តំបន់​អាស៊ាន ដែលជា​កិច្ចសហប្រតិបត្តិការ​មួយ​ក្នុងការ​ពង្រឹងកម្លាំង​ការងារ​រោងចក្រ​រថយន្ត​ស្វ័យប្រវត្តិ និង​សង្វាក់​នៃ​ការផ្គត់ផ្គង់​ដែលមាន​វត្ថុធាតុដើម​នៅក្នុង​តំបន់ ក៏ដូចជា​បង្កើត​ម៉ាក​រថយន្ត​ថ្មី​សម្រាប់​តំបន់​ទៀតផង​៕ 
 

Tag:
 ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com