ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​ដឹងថា​ខ្លួន​កំពុង​តែមាន​ស្លេស​ជាប់​ក​ច្រើន​ហើយ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​ផង​
11, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្លេស ឬ​ទឹករំអិល​គឺជា​សារធាតុ​មួយ​ប្រភេទ​ដែល​ត្រូវបាន​បង្កើតឡើង និង​បញ្ចេញ​ដោយ​កោសិកា​ពិសេសៗ ដែលមាន​ក្នុង​ប្រហោង​ច្រមុះ និង​ផ្លូវដង្ហើម​ខាងលើ​ដើម្បី​ចាប់​មេរោគ ធូលី​ដី និង​សារធាតុ​បង្ក​ការ​រលាក​ដែល​ជ្រៀតចូល​ទៅក្នុង​ផ្លូវដង្ហើម​។​​ភាគច្រើន ស្លេស​គឺ​ជួយ​មនុស្ស​យើង​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​។ ប៉ុន្តែ​ការ​មាន​ស្លេស​ចេញ​ច្រើនពេក វា​គឺជា​រឿង​គួរ​ធុញទ្រាន់​ទៅវិញ​។​

 
​កាលណា​រាងកាយ​ផលិត​ស្លេស​កាន់តែច្រើន អាច​ដោយសារតែ​បាក់តេរី វីរុស សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី និង​ការប៉ះពាល់​សារធាតុ​បង្ក​រលាក​ដូចជា ផ្សែង​បារី ផលិតផល​លាង​សម្អាតផ្ទះ​ដែលមាន​ជាតិគីមី​ច្រើន​។ យ៉ាងណាមិញ ការ​ញ៉ាំ​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក៏​អាច​បណ្តាល​ឲ្យ​ឡើង​ស្លេស​ច្រើន​ដែរ​។ 
 
​អ្នកជំនាញ​និយាយថា ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ​ទៀត​អាច​បង្កើន​ការផលិត​ស្លេស​ក្នុង​ខ្លួន​កាន់តែច្រើន​។ សារធាតុ Casein និង Lactose ដែលមាន​ក្នុង​ទឹកដោះគោ​ត្រូវបាន​គេ​យល់ថា ជាដើម​ហេតុ​នាំ​ឲ្យ​កើត​ស្លេស​នេះឯង​។ ចំពោះ​ការ៉េម​ក៏​អាចធ្វើ​ឲ្យ​ស្លេស​កើនឡើង​ក្នុង​ផ្លូវដង្ហើម​ខាងលើ និង​ច្រមុះ​ច្រើន​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​កើត​ស្លេស​ច្រើន ឬ​ឧស្សាហ៍​មាន​ស្លេស​ក្នុង​បំពង់ក និង​ច្រមុះ​នោះ គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹកដោះគោ​សិន​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com