ស៊ី​ចាន់ និង​ប៊ុន​ស្រ៊ន់ ជឿជាក់ថា រតនា អាច​បំបាក់​ជើង​ខ្លាំង​គុយបា​នៅ​សង្វៀន ONE: Dreams of Gold
ONE Championship
កីឡាជាតិ
ជាតិ
ស៊ី​ចាន់ និង​ប៊ុន​ស្រ៊ន់ ជឿជាក់ថា រតនា អាច​បំបាក់​ជើង​ខ្លាំង​គុយបា​នៅ​សង្វៀន ONE: Dreams of Gold
12, Aug 2019 , 7:59 am        
រូបភាព
ចាន់ រតនា ត្រូវតទល់ជាមួយ Gustavo Balart នាថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។
ចាន់ រតនា ត្រូវតទល់ជាមួយ Gustavo Balart នាថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។
ដោយ​៖ ស៊ី​ធី 

​ម្ចាស់​ក្លិប «​សិល្បៈ​» និង ជា​កីឡាករ​គុន​ចម្រុះ ចាន់ រតនា ត្រូវ​ជួប​ជើង​ខ្លាំង​មកពី​គុយបា Gustavo Balart នៅ​សង្វៀន ONE: DREAM OF GOLD នា​ថ្ងៃទី​១៦ ខែ សីហា ឆ្នាំ ២០១៩ នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។ មុន​ការប្រកួត​មកដល់ អ្នកលេង​គុន​ចម្រុះ​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ពីររូប ខុន ស៊ី​ចាន់ និង ស៊ឹម ប៊ុន​ស្រ៊ន់ បានបង្ហាញ​ទំនុកចិត្ត​ដល់​មិត្ត​រួម​ជាតិ ចាន់ រតនា ដែល​អាចមាន​ភាគរយ​ខ្ពស់​ដើម្បី​ទទួល​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​កម្ពុជា​។

 
​ស៊ឹម ប៊ុន​ស្រ៊ន់ ដែលមាន​បទពិសោធន៍​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​ជា​ច្រើនដង​កន្លងមក​បាន​បង្ហើប​ទស្សនៈ​ផ្លា​ល់​ខ្លួន​ថា ៖«​ខ្ញុំ​គិតថា បង រតនា អាចមាន​ភាគរយ​ពី ៦០ ទៅ​៧០ ភាគរយ​ដើម្បី​ឈ្នះ​ការប្រកួត​នេះ​។ បើសិន បង រតនា អាច​ទាត់​កាត់ និង បោះ​ជង្គង់​ច្រើន ប្រហែលជា Balart អាច​សន្លប់​ទៀតផង​។ កម្លាំង​ស៊ុ​ហ្វ របស់ បង រតនា ក៏​ល្អ​ណាស់ដែរ​ឥឡូវនេះ​»​។  
 
​ប៊ុន​ស្រ៊ន់ អះអាង​ទៀតថា បើសិន ចាន់ រតនា ទាត់​ច្រើន​កាលណា នោះ​វា​កាន់តែ​ល្អ​សម្រាប់​ការប្រកួត​នេះ​។ លើសពីនេះទៅទៀត ប៊ុន​ស្រ៊ន់ មើលឃើញថា ម្ចាស់​ក្លិប «​សិល្បៈ​» មាន​ជំនាញ​ប្រើ​កណ្ដាប់ដៃ  ទាត់ និង ដោះ​ឃ្លេ​បានល្អ​ទៀតផង ហើយ​បើ​គូបដិបក្ខ​ប្រើ​ក្បាច់​ចាប់​ច្រើន នោះ​ត្រូវ​ព្យាយាម​ដោះ​ដូច​រាល់ដង​។ ការប្រើ​ក្បាច់​បែបនេះ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាក់​ជាមិនខាន​។ 
​កូនសិស្ស​មកពី Cambodian Top Team សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​ខ្លាច​បន្តិច បើ​គាត់​ចាប់​ឃ្លេ​ជាមួយ​គេ​ច្រើន ឬ វៃ​ដេក គឺ អាច​ចាញ់​ប្រៀប​គេ​ហើយ ព្រោះ គេ​[Balart] ស្អិត​ដូច​តុកកែ និង ជំនាញ​ចំបាប់​ល្អ​។ គេ​រាង​តឿ​បន្តិច ប៉ុន្តែ​កម្លាំង​គេ​ល្អ​ណាស់​។ ដូច្នេះ បង រតនា គាត់​ធ្វើ​ការងារ​ធ្ងន់​ជាង​លើក​មុនៗ​ឆ្ងាយ​។ ប៉ុន្តែ​ខ្ញុំ​ជឿថា គាត់​អាច​ដោះ​បាន​បើសិនជា​ជាប់​ឃ្លេ​»​។ 
 
​កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ គូសបញ្ជាក់ថា Balart មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​ណាស់ និង ពូកែ​ចាប់​បោក ហើយ ចាន់ រតនា ដាច់​ត្រូវតែ​ការពារ​ឲ្យ​បាន​។ 
 
​ងាក​មកកាន់ ខុន ស៊ី​ចាន់ ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​១ ក៏មាន​ពាក្យពេចន៍​ខ្លះ​ដើម្បី​ជម្រាបជូន​អ្នកគាំទ្រ​រវាង​ជើង​ខ្លាំង​ទាំងពីរ​នេះដែរ​។ ខុន ស៊ី​ចាន់ ថ្លែង​បែបនេះ​៖ «Balart ពូកែ​ចាប់​ណាស់ តែ ចាន់ រតនា ក៏​ពូក​កែ​ដោះ​ហើយ​ការពារ និង ហ្វឹកហាត់​ការ​ដោះ​ក្បាច់ រួម​កម្លាំង​ស៊ុ​ហ្វ​ល្អ​ដែរ​។ ខ្ញុំ​សង្ឃឹមថា រតនា ឈ្នះ​តែម្ដង​»​។ 
 
​អ្នកលេង​គុន​ចម្រុះ​មកពី​ស្រុក​អន្លង់វែង​សង្កត់ធ្ងន់ថា​៖«​បើ​រតនា វ៉ៃ​ក្នុង​ជំហរ​ដេក ខ្ញុំ​គិតថា​ចាញ់​គេ​ពី ៦០ ទៅ ៧០ ភាគរយ ប៉ុន្តែ​បើ​វ៉ៃ​ជំហរ​ឈរ នោះ​នឹង​ឈ្នះ ១០០​ភាគរយ​តែម្ដង​»​។ កូនសិស្សលោក Alan Mccune រៀបរាប់​ទៀតថា សមត្ថភាព និង កម្លាំង​ស៊ុ​ហ្វ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ ពេល​ចាប់ផ្ដើម​ប្រកួត Balart នឹង​ស្រវា​ចូលចាប់​ឃ្លេ​ជាក់​ជាមិនខាន​ទៅលើ​បុរស​វ័យ ៣៣ ឆ្នាំ​របស់​កម្ពុជា​។ 
 
​ជើង​ខ្លាំង​ជំនាញ​ចំបាប់​សញ្ជាតិ​គុយបា Balart  ឈ្នះ ៨ លើក​ក្នុងការ​បង្ហាញខ្លួន ១០ លើក​នៅ​សង្វៀន​គុន​ចម្រុះ​កន្លងមក​។ ប៉ុន្តែ បុរស​វ័យ ៣២ ឆ្នាំ​សញ្ជាតិ​គុយបា រូបនេះ ចាញ់​កីឡាករ​សញ្ជាតិ​ជប៉ុន Tatsumitsu Wada កាល​ខែ មេសា កន្លងទៅ​។ រឿង​ដ៏​អស្ចារ្យ ចន្លោះ ២០១៥ ដល់ ២០១៧ ម្ចាស់​មេដាយមាស Pan American Games ឆ្នាំ ២០១១ មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​ក្នុងការ​ប្រកួត ៦ លើក (​ឈ្នះ​ទាំងអស់​)​។ 
 
​ចំណែក ចាន់ រតនា ឈ្នះ ២​លើកចុងក្រោយ​ជាប់​គ្នា​លើ​កីឡាករ​មកពី​ឥណ្ឌូណេស៊ី ពោល រតនា វ៉ៃ Abrou Fernandes ឲ្យ​ចុះចាញ់ និង បំបាក់​កីឡាករ Rudy Agustian ឲ្យ​ចុះចាញ់ កាល​ដើមខែ ឧសភា ឆ្នាំ ២០១៩ នេះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com