ការរស់នៅប្រាស្រ័យទាក់ទងក្នុងសតវត្សរ៍ទី២១ ទាមទារការប្រើប្រាស់ពេលច្រើននៅតាមបណ្តាញសង្គមនានាដែលមានវត្តមាននៅក្នុងអ៊ីនធឺណិត។ ទាំងការកម្សាន្ត ការបំពេញការងារ ការសិក្សា ឬសួរសុខទុក្ខគ្នាទៅវិញទៅមក ប្រព័ន្ធអ៊ីនធឺណិតបានធ្វើឲ្យរឿងទាំងឡាយនេះមានភាពកាន់តែងាយស្រួលទៅៗ និងចំណាយកាន់តែតិចជាងមុន។ ដោយសារតែអ៊ីនធឺណិតជាអ្វីមួយដែលមានលក្ខណៈធំ ពិបាកនឹងស្រម៉ៃ ជាមួយនឹងមនុស្សរាប់រយលានអ្នកប្រើប្រាស់ប្រចាំថ្ងៃ តើអ្នកធ្លាប់មានចម្ងល់ទេថា តើក្នុងរយៈពេលមួយនាទីៗ មានរឿងអ្វីខ្លះ ឬសកម្មភាពអ្វីខ្លះដែលបានកើតឡើងនៅក្នុងប្រព័ន្ធដ៏ធំមួយនេះ?
មួយនាទីហាក់បីដូចជារយៈពេលមួយដ៏ឆាប់រហ័ស តែវាជារយៈពេលមួយគ្រប់គ្រាន់សម្រាប់សកម្មភាពរាប់រយលាន អាចកើតឡើងបាន។ ការដកស្រង់មួយចេញពីគេហទំព័រ Visual Capitalist បានបកស្រាយថា រាល់រយៈពេល៦០វិនាទីនៃ ឆ្នាំ២០១៩ ជាមធ្យម៖
• មានសំណួរចំនួន ៣,៨លានសំណួរត្រូវបានសួរទៅកាន់គេហទំព័រ Google ។
• មានម្ចាស់គណនី Facebook ចំនួន១លាននាក់កំពុងចូលទៅកាន់ (Log in) គណនីរបស់គេ។
• សារចំនួន ១៨,១លានសារ SMS ត្រូវបានផ្ងើតាមប្រព័ន្ធសាររបស់ Apple ។
• វីដេអូចំនួន ៤,៥លានត្រូវបានគេទស្សនាលើ YouTube ។
• ជិត៤សែន Apps ត្រូវបានគេទាញយកនៅតាម Google Play Store និង Apple App Store ។
• អ្នកប្រើប្រាស់ជិត ៣,៥សែននាក់កំពុងប្រើប្រាស់ Instagram ។
• ជិត៩ម៉ឺននាក់កំពុងតែ Tweeting នៅក្នុង Twitter ។
• អ៊ីម៉ែលចំនួន ១៨៨លានត្រូវបានផ្ញើ។
• សារតាម Messenger និង WhatsApp ចំនួន ៤១,៦លានត្រូវបានគេផ្ញើ។
• ជិត១លានដុល្លារអាមេរិក ត្រូវបានគេប្រើប្រាស់តាមទំនិញ Online ។
• វីដេអូចំនួន ៦៩៤ ៤៤៤ម៉ោងត្រូវបានអ្នកប្រើប្រាស់ចំណាយទស្សនានៅលើប្រព័ន្ធ Netflix ៕