ជាតិ
សង្គមជាតិ
បាក់​ទំនប់ទឹក​នៅ​ស្រុក​ទឹកឈូ បណ្ដាល​ឲ្យ​ឃុំ​៤​រង​ការ​ជន់​លិច​ខ្លាំង​
11, Aug 2019 , 4:12 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពត
រូបភាពពីរដ្ឋបាលខេត្តកំពត
​អាង​ទំនប់ទឹក​ប្រទាក់ក្រឡា​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត បាន​បាក់ ដែល​បណ្ដាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​និង​ដំណាំ​រង​ការ​ជន់​លិច​ខ្លាំង និង​រង​ការខូចខាត នៅក្នុង​ឃុំ​៤ រួមមាន ឃុំ​កូន​សត្វ ឃុំ​កំពង់​គ្រែង ឃុំ​ម៉ាក់​ប្រាំង និង ឃុំ​ស្ទឹង​កែវ​។


 
​លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹ​ឈូ​ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា​៖«​ទំនប់ទឹក​ប្រទាក់ក្រឡា​បាន​បាក់​កាលពី​ព្រឹក​ថ្ងៃទី​១១​សីហា ហើយ​មកដល់​រសៀល​នេះ បាក់​ប្រមាណ​ជាង​២០​ម៉ែត​។ ឃុំ​៤​ក្នុងស្រុក​ត្រូវបាន​ទឹក​លិច​ខ្លាំង ហើយ​ពលរដ្ឋ​និង​ដំណាំ​ជាច្រើន​ត្រូវ​ជន់​លិច​»​។ 
 
​អភិបាលស្រុក​ទឹកឈូ​បាន​បន្តថា ជន់​លិច​ដោយសារ​បាក់​ទំនប់​នេះ បាន​ហូរ​ទៅ​កែប​ដែល​បង្ក​ឲ្យ​តំបន់​មួយចំនួន​កំពុង​រង​ការ​ជន់​លិច​។ នៅ​រសៀល​ថ្ងៃទី​១១​សីហា​នេះ អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ​និង​ជួយ​ប្រជាពលរដ្ឋ​។ 
 
​ផ្ទះ​ពលរដ្ឋ មាន​ជាង​៣​ពាន់​គ្រួសារ និង​ដំណាំ​ស្រូវ​ជិត​៣០០​ហិកតា ក្នុងស្រុក​ទឹកឈូ ស្រុក​កំពង់ត្រាច និង​ក្រុង​កំពត បាន​រង​ការ​លិច​ទឹក រួមទាំង​ផ្លូវ​ប្រមាណ​៣០​ខ្សែ​។ នេះ​បើតាម​របាយការណ៍​កាល​ពីថ្ងៃ​ទី​១០​សីហា របស់​រដ្ឋបាល​ខេត្តកំពត​។​
 
​កាលពី​ថ្ងៃទី​១០​សីហា ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ស្វាយ​ធំ និង​ភូមិ​ក្រាំង ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ពិសេស​នៅ​ស្ថានីយ​រថភ្លើង​។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត ជាវ តា​យ បាន​ចុះ​ពិនិត្យ​និង​ចែក​អំណោយ​ស្បៀងអាហារ និង​ថវិការ​មួយចំនួន​ដល់​ពលរដ្ឋ​រងគ្រោះ​។ 
 
​ក្រៅពី​ខេត្តកំពត នៅមាន​ខេត្ត​ព្រះសីហនុ ខេត្តរតនគិរី និង​បណ្តា​ខេត្ត​មួយចំនួនទៀត ដែល​នៅ​តំបន់​សមុទ្រ ក៏​រង​ការយាយី​ដោយ​គ្រោះទឹកជំនន់​ផងដែរ​។ សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង រីឯ​ទ្រព្យសម្បត្តិ​របស់របរ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ជាច្រើន​រង​ការខូចខាត​៕
 

Tag:
 ជន់លិច
© រក្សាសិទ្ធិដោយ thmeythmey.com