ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ​ដែល​អាចជួយ​បង្កើន​ការចងចាំ​របស់​អ្នក​បាន​កាន់តែ​ល្អ​
13, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការចងចាំ​ល្អ​នឹង​ជួយ​ដល់​មនុស្ស​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ ការដែល​យើង​មានការ​ចងចាំ​ល្អ​ហើយ អ្វី​ក៏​អាចធ្វើ​បាន​ដោយ​ឯករាជ្យ​ផងដែរ​។ វា​ពិតជា​ជួយ​បាន​ច្រើនណាស់​ចំពោះ​សិស្ស​រៀន​នៅ​សាលា កន្លែងធ្វើការ និង​ការងារ​ក្នុងផ្ទះ​ជាដើម​។ ដូច្នេះ​តើ​អ្វី​ទៅ​ដែល​អាចជួយ​ពង្រឹង​ដល់​សមត្ថភាព​នៃ​ការចងចាំ​យើង​កាន់តែ​ល្អ​?

 
​ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​នឹង​ពង្រឹង​ដល់​ការចងចាំ​មនុស្ស​យើង​បាន​យ៉ាង​ល្អ​។ យោងទៅតាម Help Guide បាន​ឲ្យ​ដឹងថា ខួរក្បាល​ត្រូវការ​ថាមពល​ដើម្បី​ធ្វើ​ការងារ​របស់​វា​ដូច​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ​។ ជម្រើស​អាហារ​ដូចជា ត្រី ផ្លែឈើ បន្លែ និង​បន្លែ​ពណ៌​បៃតង​សុទ្ធតែ​អាចជួយ​សម្រួច​ដល់​ការចងចាំ​បាន​ទាំងអស់​។ 
 
​ត្រី​ដូចជា សាល​ម៉ុង សា​ឌី​ន ធូ​ណា គឺមាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង និង​ខួរក្បាល​។ អូ​មេ​ហ្គា​បី​នេះ​ក៏មាន​ក្នុង សណ្តែកសៀង គ្រាប់​ល្ពៅ ប្រូ​ខូ​លី ស្ពៃ​ស្ពី​ណា​ច និង​អាហារ​សមុទ្រ​ដែរ​។ 
 
​ចំពោះ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ Saturated Fat ដូចជា​សាច់​ក្រហម បឺ ការ៉េម ទឹកដោះគោ គួរតែ​ញ៉ាំ​ក្នុង​ចំនួន​តិចតួច​បាន​ហើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ខូច​ដល់​ការចងចាំ​បាន​។ 
 
​ផ្លែឈើ និង​បន្លែ​មាន​អង់​ទី​អុកស៊ីដ​ង់​ដែល​ជួយ​ការពារ​រាងកាយ​ពី​ជាតិពុល​គ្រោះថ្នាក់ និង​សារធាតុ​គីមី​នានា​បាន​។ តាមពិត ពណ៌​ជាច្រើន​របស់​ផ្លែឈើ និង​បន្លែ​គឺជា​ប្រភព​អង់​ទី​អុកស៊ីដ​ង់​ដ៏​ល្អ​ហើយ​។ 
 
​ការ​ញ៉ាំ​តែ​បៃតង​ក៏​ជួយ​ពង្រឹង​ដល់​ការចងចាំ​ដែរ ព្រោះថា​វា​មាន​សារធាតុ Polyphenols ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​អស្ចារ្យ សម្រាប់​ការពារ​ខួរក្បាល​ពី​រ៉ាឌីកាល់​សេរី​។ 
 
​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំពោះ​វិធី​ដែល​ធ្វើ​ឲ្យ​មានការ​ចងចាំ​បានល្អ​នោះ​គឺ ទឹក​ទំពាំងបាយជូរ និង​ស្រា​ទំពាំងបាយជូរ​តែម្តង​។ ក្នុងការ​ចុះផ្សាយ​បានបញ្ជាក់​ថា គ្រឿង​ស្រវឹង​ក៏​អាច​ជំរុញ​ដល់​ភាព​ឆ្លាត​វៃ និង​ចងចាំ​ដែរ នៅពេល​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​។ ស្រា និង​ទឹក​ទំពាំងបាយជូរ​មាន​សារធាតុ Flavonoid ដែល​ហៅថា Resveratrol មាន​នាទី​បង្កើន​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com