ជាតិ
បទសម្ភាសន៍
បាក់ឌុប
លោក ហង់ ជួន ណារ៉ុន៖ យើងមានមណ្ឌលប្រឡងបម្រុងក្នុងករណីមានគ្រោះទឹកជំនន់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
× ក្រសួងអប់រំ យុវជន និងកីឡា តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពអាកាសធាតុ ជាពិសេសការព្យាករណ៍ឧតុនិយម ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែជិតមកដល់។ លោករដ្ឋមន្ត្រី លោក ហង់ ជួន ណារ៉ុន បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា មិនទាន់មានករណីមណ្ឌលណាមួយក្នុងចំណោមមណ្ឌលប្រឡងទាំង២០២ទូទាំងប្រទេស។
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ឆ្នាំនេះ ទំនងជាមិនចោទជាបញ្ហាសម្រាប់ការប្រឡងបាក់ឌុបនោះឡើយ ដោយមណ្ឌលប្រឡងទូទៅស្ថិតនៅលើដីទួល។ លោកលើកឡើងពីករណីដូរមណ្ឌលប្រឡងពីរពីទីរួមខេត្តព្រះសីហនុ ទៅកាន់ឃុំវាលរេញ ស្រុកព្រៃនប់ នាពេលកន្លងមក។
កន្លងមក មណ្ឌលដែលធ្លាប់រងគ្រោះទឹកជំនន់ មាននៅខេត្ត ក្រចេះ កំពត និងកណ្តាល។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាថា ដំណើរការប្រឡងបាក់ឌុប ប្រព្រឹត្តទៅរលូន និងតម្លាភាព ក្រសួងបានត្រៀម និងចាត់ចែងការងារមួយចំនួន នៅទីតាំងដែលសង្ស័យថាអាចរងការជន់លិច ដោយបានត្រៀមទុកមណ្ឌលមួយចំនួន និងបានស្នើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានផង ដើម្បីសម្រួលការធ្វើដំណើររបស់បេក្ខជន នៅក្នុងថ្ងៃប្រឡង។ ក្រៅពីនេះ ក្រសួងក៏នៅបន្តតាមដានកម្ពស់ទឹក និងស្ថានភាពអាកាសធាតុ ក្នុងថ្ងៃប្រឡងផងដែរដើម្បីត្រៀម និងផ្លាស់ប្តូរមណ្ឌលប្រឡងភ្លាមៗ ករណីមណ្ឌលប្រឡងនោះមានទឹកជំនន់។
ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដូចតទៅ៖
សូមជម្រាបថា នៅសល់តែប្រមាណមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុប នឹងចូលមកដល់។ បេក្ខជនប្រឡងបាក់ឌុបទាំងអស់នៅឆ្នាំនេះ មានចំនួន ១១៩,២១៧ នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ ចំណែកមណ្ឌលប្រឡង មានចំនួន ២០២ មណ្ឌល៕
© រក្សាសិទ្ធិដោយ thmeythmey.com