អន្តរជាតិ
កូរ៉េខាងជើង ប្រាប់កូរ៉េខាងត្បូងឲ្យផ្អាកសមយុទ្ធជាមួយអាមេរិក បើចង់ចរចា រូបភាព AFP
× កូរ៉េខាងជើង នៅតែបដិសេធការចរចាទ្វេភាគីជាមួយកូរ៉េខាងត្បូង បើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកនៅតែបន្តធ្វើនោះ។ មន្ត្រីទទួលបន្ទុកកិច្ចការអាមេរិកនៅក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី១១ ខែសីហា បានប្រាប់ឲ្យសេអ៊ូលបញ្ឈប់សមយុទ្ធនេះ ឬបញ្ជាក់មូលហេតុដែលគួរឲ្យទុកចិត្តថា ហេតុអ្វីត្រូវធ្វើសមយុទ្ធឲ្យខានតែបាននោះ។ ឯរឿងបាញ់មីស៊ីលវិញ មន្ត្រីកូរ៉េខាងជើងចាត់ទុកជាការធ្វើទំនើបកម្មយោធាប៉ុណ្ណោះ។
កុំថាឡើយជួបមុខគ្នាដើម្បីចរចា ទោះត្រឹមទាក់ទងគ្នាតាមប្រព័ន្ធផ្សេងៗ ក៏មិនអាចទៅរួចដែរ។ លោក Kwon Jong-gun អគ្គនាយកកិច្ចការអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើង និយាយបែបនេះជុំវិញលទ្ធភាពនៃការចរចាអន្តរកូរ៉េដែលគ្មានដំណើរការជាច្រើនខែមកហើយនោះ។ ឯរឿងមិនចង់ចរចា ឬជួបមុខនេះ មន្ត្រីកូរ៉េខាងជើងរូបនេះអះអាងថា ក៏ដោយសារតែសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកដែលចាប់ផ្ដើមកាលពីសប្ដាហ៍មុន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KNCA លោក Kwon ចាត់ទុកសមយុទ្ធនេះ ជាការហ្វឹកហាត់ដើម្បីឈ្លានពានកូរ៉េខាងជើងតែម្ដង ទោះអាមេរិក និងកូរ៉េខាងត្បូងនិយាយម្ដងហើយម្ដងទៀតថា សមយុទ្ធនេះគ្រាន់តែជាការហ្វឹកហាត់ការពារខ្លួនក្ដី។ អគ្គនាយករូបនេះសង្កត់ធ្ងន់ថា ការទាក់ទងអន្តរកូរ៉េ ពិតជាពិបាកកើតឡើង បើពួកគេមិនបញ្ឈប់សមយុទ្ធ ឬមិនផ្ដល់នូវការបកស្រាយដែលទុកចិត្តបាន ឬក៏ការពន្យល់ដោយស្មោះត្រង់ពីមូលហេតុនៃការរៀបចំសមយុទ្ធនេះទេនោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បន្តស្រង់សម្ដីមន្ត្រីរូបនេះ ដែលបានរិះគន់ខ្លាំងវិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ក្រោយការកោះប្រជុំបន្ទាន់ដើម្បីជជែកពីការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង។ លោក Kwon បានរំឭកក្រុងសេអ៊ូលពីសម្ដីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមិនភ្ញាក់អ្វីឡើយលើការបាញ់នេះ ហើយចាត់ទុកការបាញ់នោះ ជាផ្នែកមួយនៃការការពារខ្លួន ដ្បិតមីស៊ីលដែលបាញ់ ជាអាវុធតូចៗប៉ុណ្ណោះ។
តាមពិតទៅ កូរ៉េខាងជើង តែងបានជំទាស់ដាច់អហង្ការសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង ហើយក៏បានគំរាមជាញឹកញយផងដែរ។ អ្វីគួរឲ្យកត់សម្គាល់នោះ សមយុទ្ធរួមគ្នារបស់សម្ព័ន្ធមិត្តនេះ ត្រូវបានកាត់បន្ថយទាំងទំហំ និងគោលដៅក្រោយជំនួបរវាងលោក ត្រាំ និងលោក គីម នៅសិង្ហបុរីកាលពីឆ្នាំ២០១៨ ។ យ៉ាងណាមិញ វានៅតែមិនធ្វើឲ្យក្រុងព្យុងយ៉ាងធូរចិត្តឡើយ។ លោក Kwon កូរ៉េខាងត្បូង និងអាមេរិកគិតហើយដែលថា ការបង្រួមសមយុទ្ធ ធ្វើឲ្យកូរ៉េខាងជើងធ្វើមិនដឹងមិនឮបាននោះ។
ជាការកត់សម្គាល់មួយទៀត កូរ៉េខាងជើង នៅតែមិនរិះគន់ចំៗដាក់អាមេរិកដដែល។ ទំនងចង់និយាយពីការចរចាពាក់ព័ន្ធនុយក្លេអ៊ែរ លោក Kwon លើកឡើងថា ទៅថ្ងៃមុខ បើមានការចរចាមែន គឺជាការចរចារវាងអាមេរិក និងកូរ៉េខាងជើងតែពីរនាក់ប៉ុណ្ណោះ មិនរាប់បញ្ចូលកូរ៉េខាងត្បូងឡើយ។ បើតាមលោក ត្រាំ វិញ ការចរចាអាចបន្តឡើងវិញ ពេលសមយុទ្ធនៅកូរ៉េខាងត្បូងចប់សព្វគ្រប់៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com