ជាតិ
នយោបាយជាតិ
ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ និងឥស្សរជន២រូបទៀត ក្លាយជាសមាជិកព្រឹទ្ធសភាថ្មី ពីឆ្វេងទៅស្តាំ៖ ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ លោក ញ៉ូវ សុង និងលោក ឡៅ ឆន
× ព្រឹទ្ធសភា នាសម័យប្រជុំវិសាមញ្ញដែលដឹកនាំដោយសម្តេច សាយ ឈុំ កាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ បានប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីចំនួន៣រូបនៃនីតិកាលទី៤ គឺព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ លោក ញ៉ូវ សុង និងលោក ឡៅ ឆន។
ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ ត្រូវព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង បន្តពីសម្តេច នរោត្តម អរុណរស្មី ដែលសុំលាឈប់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ ព្រះអង្គម្ចាស់ ប្រីយសោភ័ណ្ឌ ជាព្រះអនុជមាតាទីទៃរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ។ ព្រះអង្គ ជាព្រះអនុជរបស់សម្តេច នរោត្តម វជ្ជរ៉ា និងសម្តេចព្រះនរោត្តម សិរីវុឌ្ឍ។
លោក ញ៉ូវ សុង ក្លាយជាសមាជិកព្រឹទ្ធសភាភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ) ជំនួសលោក ឡាយ អ៊ីពិសិដ្ឋ ដែលបានទទួលមរណភាព។
លោក ឡៅ ឆន ក្លាយជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន) ជំនួសលោកស្រី ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។
សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាក្នុងនីតិកាលទី៤នេះ មាន៦២រូប ដោយក្នុងនោះ ៥៨រូប មកពីគណបក្សប្រជាជនកម្ពុជា (តាមរយៈការជាប់ឆ្នោតអសកល) ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ដែលមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានជ្រើសតាំងដោយរដ្ឋសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com