កីឡាជាតិ
ជាតិ
​ទោះ​មិនទាន់​ក្លាយជា​ក្លិប​អាជីព តែ​ក្លិប​គិរី​ដងរែក​នៅ​សៀមរាប នឹងមាន​កីឡដ្ឋាន​ស្តង់ដារ​មួយ​
12, Aug 2019 , 5:08 pm        
រូបភាព
(រាប់ពីឆ្វេងទៅស្តាំ)លោក ប៊ួយ ដារី, លោក លី សេងហួរ និងលោក អេង ស៊ីនតារា ថតជុំគ្នានៅកីឡដ្ឋានគីរីដងរ៉ែក
(រាប់ពីឆ្វេងទៅស្តាំ)លោក ប៊ួយ ដារី, លោក លី សេងហួរ និងលោក អេង ស៊ីនតារា ថតជុំគ្នានៅកីឡដ្ឋានគីរីដងរ៉ែក
ដោយ:
​គិរី​ដងរែក ជា​ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព​មួយ​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ដែល​បង្កើតឡើង​ដោយ​អ្នក​ស្រលាញ់​បាល់ទាត់​មួយក្រុម​។ ទោះបី​មិនទាន់​វិ​វត្ត​ខ្លួន​ទៅជា​ក្លិប​អាជីព តែ​ក្លិប​នេះ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ តាមរយៈ​ការសាងសង់​ទីលាន​បាល់ទាត់​កម្រិតស្តង់ដារ​មានតម្លៃ​ប្រមាណ​កន្លះ​លាន​ដុល្លារ ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ដើមឆ្នាំ​២០២០​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លី សេងហួរ ប្រធាន​ក្លិប​គិរី​ដងរែក​។ ពាក់ព័ន្ធ​គុណភាព​ទីលាន លោក ប៊ួ​យ ដារី ដែលជា​អ្នក​សាងសង់​ទីលាន​នេះ​បាន​អះអាងថា ទីលាន​នេះ​មានគុណ​មិន​ចាញ់​ទីលាន​របស់​ក្លិប​អាជីព​នោះទេ គឺ​សាងសង់​ដោយ​ប្រើ​ស្មៅ​ធម្មជាតិ​មាន​គុណភាព​ខ្ពស់ និង​ប្រព័ន្ធ​ស្រោច​ទឹក ដែលជា​បច្ចេកវិទ្យា​រប​ស់​សហរដ្ឋអាមេរិក​។

 
​កីឡដ្ឋាន​របស់​ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព​គិរី​ដងរែក ស្ថាបនា​រួចរាល់​បាន​ប្រមាណ​៧០​ភាគរយ​ហើយ ដោយ​បច្ចុប្បន្ន​បាន​ក្រាល​ស្មៅ​និង​បំពាក់​ប្រព័ន្ធ​ស្រោច​ទឹក​រួចរាល់​ហើយ នៅតែ​បំពាក់​គ្រឿង​បរិក្ខា​មួយចំនួន និង​សាងសង់​កន្លែង​អង្គុយ​សម្រាប់​ទស្សនិកជន​តែប៉ុណ្ណោះ​។ ក្រៅពី​ទីលាន​ធំ​ក្រាល​ស្មៅ​ធម្មជាតិ ដែល​អាច​ផ្ទុក​អ្នកទស្សនា​ពី​៥​ទៅ​៦​ពាក់​នាក់ ក៏មាន​ទីលាន​ក្រាល​ស្មៅ​សិប្បនិម្មិត សម្រាប់​បម្រើ​ឲ្យ​ការហ្វឹកហាត់​កម្តៅ​សាច់ដុំ ក៏ដូចជា​ជួល​ឲ្យ​មហាជន​លេង​ដើម្បី​សុខភាព​មួយទៀត​ផងដែរ​។ 


 
​លោក លី សេងហួរ ប្រធាន​ក្លិប​គិរី​ដងរែក​បាន​បញ្ជាក់ថា កីឡដ្ឋាន​ដែល​ចាប់ផ្តើម​សាងសង់​ក្នុងអំឡុង​ខែមករា ឆ្នាំ​២០១៩ មួយ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០​ម៉ឺន​ដុល្លារ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ​២០២០​។ អ្នកជំនួញ​វ័យក្មេង​រូបនេះ​បាន​បន្ថែមថា មុន​ឈានដល់​សម្រេច​សាងសង់​ទីលាន​ស្តង់ដារ​ដូច​បច្ចុប្បន្ន ទីលាន​នេះ​បាន​ឆ្លងកាត់​២​ដំណាក់ គឺ​ការចាក់ដី​ដាំ​ស្មៅ​គ្រាន់តែ​ឲ្យ​យុវជន​ហ្វឹកហាត់ បន្ទាប់មក​ក៏បាន​វិ​វត្ត​ទៅ​ទីលាន​ដែល​អាច​រៀបចំ​ការប្រកួត​បាន​។ 
 
​ពាក់ព័ន្ធ​គោលបំណង​នៃ​ការសាងសង់​ទីលាន​ស្តង់ដារ​នេះ លោក លី សេងហួរ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការសាងសង់​ទីលាន​នេះ គឺ​កើតចេញពី​ទឹកចិត្ត​ស្រលាញ់​បាល់ទាត់ ហើយ​គោលបំណង​របស់​យើង គឺ​ចង់​ជួយ​បណ្តុះបណ្តាល​ក្មេងៗ លើកស្ទួយ​និង​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​។ យើង​មិនទាន់​គិតពី​បញ្ហា​ប្រាក់ចំណូល​នោះទេ គឺ​យើង​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​បាល់ទាត់​សិន​»​។ 
 
​លោក ប៊ួ​យ ដារី អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ Sports Field Constructor ដែលជា​អ្នកជំនាញ​សាងសង់​ទីលាន​បាន​អះអាងថា គុណភាព​ទីលាន​របស់​កីឡដ្ឋាន​គី​រី​ដងរ៉ែក​មិន​ចាញ់​ក្លិប​អាជីព​ធំៗ​នៅ​កម្ពុជា​នោះទេ ព្រោះ​ទីលាន​នេះ​បាន​ប្រើ​ស្មៅ​ធម្មជាតិ ដែល​ធន់​ឲ្យ​ការប្រកួត​និង​ហ្វឹកហាត់ និង​សមស្រប​ជាមួយ​អាកាសធាតុ​នៅ​កម្ពុជា​។ ពិសេស​ប្រើ​ប្រព័ន្ធ​ស្រោចស្រព​ទឹក ដែលជា​បច្ចេកវិទ្យា​រប​ស់​អាមេរិក ដោយ​គ្រាន់តែ​ចុច​កុងតាក់​ភ្លើង​វា​នឹង​ស្រោច​ទឹក​ដោយ​ស្វ័យប្រវត្តិ​។ ប្រព័ន្ធ​ស្រោច​ទឹក​នេះ ចំណាយពេល​ត្រឹមតែ​២០​ទៅ​៣០​នាទី​ប៉ុណ្ណោះ​ក្នុងការ​ស្រោចស្រព​។  
 
«​បើ​និយាយ​ពី​គុណភាព គឺ​យើង​ចង់​ធ្វើ​ទីលាន​មួយ​ដែល​គុណភាព និង​ស្តង់ដារ​លើ​គេ​នៅ​ស្រុក​ខ្មែរ​។ ពាក់ព័ន្ធ​ការជ្រើសរើស​ស្មៅ សូម្បី​ស្មៅ​ក៏​យើង​ត្រូវ​គិតគូ​ដែរ ព្រោះ​យើង​ដឹង​ហើយ​ថា​នៅ​ស្រុក​យើង​អត់​សូវ​មាន​ទីលាន​ច្រើ​នោះទេ ដូច្នេះ​យើង​ត្រូវ​ប្រើ​ស្មៅ​មួយ​មានគុណ​ភាពល្អ ដែល​ធន់​នឹង​ការប្រកួត​និង​ហ្វឹកហាត់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៊ួ​យ ដារី។ 


 
​លោក​បាន​បន្ថែមថា​៖«​សម្រាប់​ខ្ញុំ​ប្រភេទ​ស្មៅ Zoysia ល្អ​បំផុត​សម្រាប់​លក្ខខណ្ឌ​ដូច​កម្ពុជា​អត់​សូវ​សំបូរ​ទីលាន ទាំង​ការប្រកួត​និង​ហ្វឹកហាត់​ស្មៅ Zoysia គឺ​សាក​សម​បំផុត​។ សម្រាប់​ការស្រោចស្រព​យើង​ប្រើ​ប្រព័ន្ធ Irrigation System ដែល​ងាយស្រួល មានន័យថា​យើង​បើក​តែម្តង គឺ​ក្បាល​ទាំង​១៥​បើក​តែម្តង ដូច្នេះ​អត់​ពិបាក​ទេ តែ​កន្លះ​ម៉ោង​រួចហើយ​»​។ 
 
​ទោះ​ក្លិប​បាល់ទាត់​គី​រី​ដងរ៉ែក​មាន​ទីលាន​ស្តង់ដារ​នា​អនាគត​ដ៏​ខ្លី​ខាងមុខ​ក៏ដោយ លោក លី សេងហួរ បាន​អះអាងថា លោក​មិនទាន់មាន​គម្រោង​អភិវឌ្ឍន៍​ខ្លួន​ឈានទៅរក​កម្រិត​អាជីព​នោះទេ ដោយ​ពួកគេ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​យុវជន​ថ្នាល​។ ប៉ុន្តែ​បើសិន​ទៅ​ថ្ងៃ​អនាគត​មាន​ដៃគូ​សហការ និង​ឧបត្ថម្ភ ក្លិប​នេះ​នឹង​វិ​វត្ត​ខ្លួន​ទៅជា​ក្លិប​អាជីព ដើម្បី​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ជាដើម​។​
 
​បើតាម​លោក អេង ស៊ីន​តារា ដែល​ប្រធាន​ក្លិប​ទី​២​និង​ជា​គ្រូបង្វឹក​ផង​នោះ បច្ចុប្បន្ន​ក្លិប​គី​រី​ដង​រ៉ែ​ង​កំពុង​បណ្តុះបណ្តាល​ក្រុមយុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ១៦​ឆ្នាំ ១៧​ឆ្នាំ និង​១៨​ឆ្នាំ​។ ដោយ​ពួកគេ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ពានរង្វាន់ Tiger Street ជាដើម​។ ក្រោយ​ទីលាន​សាងសង់​រួចរាល់ គី​រី​ដងរ៉ែក មាន​មហិច្ឆតា​ចង់​ចូលរួម​ប្រជែង​ក្នុង​ពានរង្វាន់​ពាក់កណ្តាល​អាជីព KMH Cup ឬ KMH Champion League និង​ពាន Real Estate ជាដើម​។  
 
​ជា​ក្លិប​ពាក់កណ្តាល​អាជីព​ក៏ពិតមែន តែ​ក្លិប​បាល់ទាត់​គី​រី​ដងរ៉ែក​បាន​ជួយ​បណ្តុះបណ្តាល​យុវជន​យ៉ាងច្រើន​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​រួមមាន​កីឡាករ ឈុ​ង ប៊ុន​ណាត​, ពេ​ជ្យ សុវណ្ណ​ខេមរិន្ទ​, តាំង ពិសី​, ថន សីហា​, ហម បញ្ញា​, ស៊ឹង ណា​រិ​ទ្ធិ​, ដោរ រ៉ូ​សាន់ និង លី វាសនា ជាដើម​។ 
 
​ក្លិប​បាល់ទាត់​គី​រី​ដងរ៉ែក​បាន​បង្កើតឡើង​ដោយ​អ្នក​ស្រលាញ់​បាល់ទាត់​មួយក្រុម​នៅ​ឆ្នាំ​២០១៣​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បន្ទាប់មក​ក្លិប​នេះ​ក៏បាន​ផ្លាស់​មកកាន់​ខេត្តសៀមរាប​នៅ​ឆ្នាំ​២០១៤៕   











Tag:
 ​បាល់ទាត់​
  លី សេងហួរ​
  អេង ស៊ីន​តារា​
  ប៊ួ​យ ដា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com