U18 ម៉ាឡេស៊ី ឡើងទៅ​ឈរ​លេខ​២​ក្នុង​ពូ​ល​បណ្តោះអាសន្ន ក្រោយ​ឈ្នះ​កម្ពុជា ៣-០
កីឡាជាតិ
ជាតិ
U18 ម៉ាឡេស៊ី ឡើងទៅ​ឈរ​លេខ​២​ក្នុង​ពូ​ល​បណ្តោះអាសន្ន ក្រោយ​ឈ្នះ​កម្ពុជា ៣-០
12, Aug 2019 , 9:39 pm        
រូបភាព
កីឡាករ សៀង ចន្ធា (ខៀវ)ព្យាយាមអូសបាល់គេចពីការរារាំងរបស់កីឡាករម៉ាឡេស៊ី, រូបភាពពីហ្វេសប៊ុក FFC
កីឡាករ សៀង ចន្ធា (ខៀវ)ព្យាយាមអូសបាល់គេចពីការរារាំងរបស់កីឡាករម៉ាឡេស៊ី, រូបភាពពីហ្វេសប៊ុក FFC
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​(U18) បាន​ប្រកួត​ចាញ់​ក្រុម​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-០ នា​ជំនួប​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ ការបរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា នៅតែ​មិនអាច​ជម្រះបញ្ជី​ចាស់​ជាមួយ​ម៉ាឡេស៊ី ដែល​បាន​យកឈ្នះ​ពីរលើក​កន្លងមក​។ សម្រាប់​ជំនួប​នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​បាន​យកឈ្នះ​សិង្ហ​បុរី​ក្នុង​លទ្ធផល ៣-០ ខណៈ​អូស្ត្រាលី​យកឈ្នះ​ថៃ ៣-១​។

 
​ក្រោយ​យកឈ្នះ​ថៃ​ជា​ប្រវត្តិសាស្ត្រ ៤-៣ នា​ជំនួប​លើក​ទី​២​ពូ​ល B ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា មិនអាច​យកឈ្នះ​ម៉ាឡេស៊ី ដើម្បី​កែប្រែ​កំណត់ត្រា​ថ្មី​ក្នុង​ពានរង្វាន់ AFF U18 Championship បានឡើយ​។ ដោយ​ពួកគេ​បាន​បន្ត​ចាញ់​ម៉ាឡេស៊ី ៣-០ នា​ជំនួប​នៅ​កីឡដ្ឋាន Thanh Long កាលពី​រសៀល​ថ្ងៃទី​១១ ខែសីហា នាទី​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ 
 
​តាមរយៈ​លទ្ធផល​នេះ បានន័យថា កម្ពុជា​នៅតែ​មិនអាច​សងសឹក​ម៉ាឡេស៊ី ដែល​បាន​យកឈ្នះ​ពួកគេ​កន្លងមក​ដដែល​។ កាលពី​ឆ្នាំ​២០១៧ និង ២០១៨ ម៉ាឡេស៊ី​បាន​យកឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល​ដូចគ្នា ២-០ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ដោយ​គ្មាន​ស៊ុត​បញ្ចូល​ទី​នៅ​ឆ្នាំ​២០១១​។ 
 
​គ្រាប់​បាល់​ទាំង​៣​របស់​ម៉ាឡេស៊ី គឺ​កើតឡើង​នៅ​តង់​ទី​១ ដោយ​រកបាន​ម្នាក់​មួយ​គ្រាប់​ដោយ​កីឡាករ Muhammad Mukhairi Ajmal Mahadi, Muhd Muslihuddin Atiq Mat Zahid និង Muhammad Firdaus Ramli​។ ប៉ុន្តែ​នៅ​តង់​ទី​២​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ ក្រោយ​ទទួលបាន​ដំបូន្មាន​និង​រៀបចំ​ទម្រង់​លេង​ឡើងវិញ​របស់​គ្រូបង្វឹក​លោក Gyotoku Koji ហើយ​ពួកគេ​បាន​បង្កើត​ឱកាស​មាស​ជាច្រើន តែ​ធ្វើ​មិនបាន​សម្រេច​។ 
 
​សម្រាប់​ការប្រកួត​ពូ​ល B នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​បានឈ្នះ​សិង្ហ​បុរី​ក្នុង​លទ្ធផល ៣-០ ខណៈ​អូស្ត្រាលី​យកឈ្នះ​ថៃ​ក្នុង​លទ្ធផល ៣-១ ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល B ដោយមាន​៩​ពិន្ទុ​។ 
 
​សម្រាប់​ជំនួប​បន្ទាប់​ក្រុម U18 កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​សិង្ហ​បុរី វេលា​ម៉ោង​៤:៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Thong Nhat​។ ចំណែក​អូស្ត្រាលី​ប៉ះ​ម៉ាឡេស៊ី ក្រោយ​ម្ចាស់ផ្ទះ​វៀតណាម​តទល់​ជាមួយ​ថៃ​៕ 
    

Tag:
 AFF U18 Championship
  U18 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com