ជាតិ
សង្គមជាតិ
មន្ត្រីរដ្ឋាភិបាល ស្នើឲ្យម្ចាស់សំណង់ ទិញធានារ៉ាប់រង ដើម្បីជួយដោះស្រាយ ពេលមានអគ្គិភ័យ លោក អ៊ុក គឹមលេខ ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយចាកចេញពីពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា
× លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញម្ចាស់សំណង់ឬម្ចាស់អគារនានា ឲ្យទិញធានារ៉ាប់រង ដើម្បីក្រុមហ៊ុនធានារ៉ាប់រងជួយដោះស្រាយ ក្នុងករណីសំណង់ឬអគាររបស់ខ្លួន ជួបឧបទ្ទវហេតុណាមួយ ជាពិសេសត្រូវអគ្គិភ័យឆាបឆេះ។ លោក លើកឡើងថា ការទិញធានារ៉ាប់រងនេះ គឺជាការណែនាំរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កន្លងមក។
ធ្វើជាអធិបតីជំនួសសម្តេចរដ្ឋមន្ត្រីមហាផ្ទៃ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក អ៊ុក គឹមលេខ ថ្លែងថា៖«មិនមែនជួយ [ផ្សព្វផ្សាយ] ឲ្យក្រុមហ៊ុនធានារ៉ាប់រងទេ តែយើងគិតថា ត្រូវមានអាហ្នឹង ជាការចាំបាច់»។
លោករដ្ឋលេខាធិការ បន្តថា ដោយសារតែសំណង់ឬអគារ គ្មានធានារ៉ាប់រង ទើបរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ច តែងចេញមុខដោះស្រាយតែម្នាក់ឯង ពេលសំណង់ឬអគារនោះ ត្រូវអគ្គិភ័យឆាបឆេះ។ លោក បន្ថែមថា បើមានធានារ៉ាប់រង សំណង់ឬអគារនោះ នឹងទទួលបានការជួយដោះស្រាយរួមគ្នាពីសំណាក់សមត្ថកិច្ចនិងក្រុមហ៊ុនធានារ៉ាប់រង។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា៖«យើងជួយតាមដានមើលមួយជំហាន ក្រុមហ៊ុនធានារ៉ាប់រង ជួយមួយជំហានទៀត ព្រោះគាត់ជាអ្នកធានារ៉ាប់រង។ ដល់អ៊ីចឹង យើងទាំងអស់គ្នា យើងរួមគ្នាជួយ»។
របាយការណ៍បង្ហាញថា នៅពាក់កណ្តាលឆ្នាំ២០១៩នេះ មានអគ្គិភ័យកើតឡើង៤២៩លើក បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និង៤៦នាក់របួស ហើយឆេះផ្ទះអស់៤១៨ខ្នង។ របាយការណ៍ បង្ហាញទៀតថា រាជធានីភ្នំពេញ មានអគ្គិភ័យច្រើនជាងគេ គឺមាន៥៤លើក ហើយបន្ទាប់មក គឺខេត្តសៀមរាប ដែលមាន៤២លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com