កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា ឈុតបម្រុង Man City ល្អជាង Man Utd, Chelsea និង Arsenal ទៅទៀត
× លោក Jose Mourinho មើលឃើញថាមានតែក្រុម Tottenham Hotspurs, Liverpool និង Manchester City ប៉ុណ្ណោះដែលអាចប្រជែងពានរង្វាន់ Premier League រដូវកាល ២០១៩-២០ នេះ។ អ្វីដែលពិសេសនោះ អតីតអ្នកចាត់ការទូទៅ Manchester United រូបនេះសង្កត់ធ្ងន់ថា សូម្បីតែក្រុមឈុតបម្រុង Man City ក៏អាចប្រជែងយកពានកំពូលអង់គ្លេសនេះបានដែរ។
Man United, Chelsea និង Arsenal មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Mourinho ឡើយបើទោះជាពួកគេបាននាំចូលកីឡាករល្អៗមួយចំនួនសម្រាប់រដូវកាលនេះក្តី។ ការប្រកួតបើកឆាកសប្តាហ៍ទី១នៃក្របខណ្ឌកំពូលអង់គ្លេស Liverpool បានយកឈ្នះ Norwich City ៤-១ ហើយ Spurs ស៊ី Aston Villa ៣-១ ខណៈម្ចាស់ជើងឯកចាស់ Man City លទ់ម្ចាស់ផ្ទះ West Ham United ដល់ទៅ ៥-០។
ឆ្លងកាត់ការប្រកួតដំបូងនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ដែលសព្វថ្ងៃទំនេរពីការងារដឹកនាំក្រុមទៅធ្វើជាពិធីករសម្រាប់កម្មវិធីកីឡាបាល់ទាត់ហ៊ានអះអាងថា ហង្សក្រហម មេឃខៀវ និងមាន់ខ្នាយមាសជាបេក្ខភាពល្អបំផុតដែលអាចដណ្តើមពានក្នុងចំណោមក្រុមទាំង២០។
នៅពេលសួរថាតើក្រុមណានឹងត្រូវប្រជែងពានរដូវកាលនេះ? លោក Mourinho បានប្រាប់ទូរទស្សន៍ Sky Sports មុនជំនួប Man Utd និង Chelsea ថាមានបួនក្រុមរួមមាន Man City, Spurs, Liverpool និង Man City ឈុត B។
«នៅពេលខ្ញុំមើលទៅកីឡាករបម្រុង របស់ Man City ខ្ញុំគិតថាសូម្បីតែឈុត B របស់ពួកគេក៏អាចប្រជែងដណ្តើមជើងឯកបានដែរ។ បើទោះ Man Utd ទល់នឹង Chelsea ក្រុមមួយណាលេងល្អជាងក្រុមណាក៏ដោយក៏ខ្ញុំមិនជឿថាពួកគេអាចដណ្តើមពាននេះបានដែរ។ Arsenal ក៏ដូចគ្នា ប៉ុន្តែខ្ញុំគិតថា Spurs អាចទៅរួច»៕
Tag:
បាល់ទាត់
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com