ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មេសិទ្ធិមនុស្ស បង្កើតក្រុមអ្នកច្បាប់និងមេធាវី «ឃ្លាំមើលតុលាការ» ដើម្បីធានា «យុត្តិធម៌» លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (ឆ្វេងដៃ) និង លោក ជិន ម៉ាលីន ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស
×
ដោយ៖ ឆាយ រង្សី
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស មានតួនាទីសំខាន់មួយ គឺ «ឃ្លាំមើលដំណើរការសវនាការនិងដំណើរការនីតិវិធីរបស់តុលាការ» ដើម្បីធានាឲ្យបាននូវ «សិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋ» និង ដើម្បីជាមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង អង្គភាពប្រឆាំងអំពើពុករលួយ។ ការធ្វើរបាយការណ៍នេះ គឺដើម្បីឲ្យស្ថាប័នទាំងនេះ «មានវិធានការច្បាប់និងវិន័យ» ។
ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស នៅមានតួនាទីសំខាន់មួយទៀត គឺ «ជួយការពារក្តីឲ្យប្រជាពលរដ្ឋក្រីក្រ» ដែលគ្មានលទ្ធភាព ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងរំលោភសិទ្ធិមនុស្ស។ ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស ក៏អាចផ្តល់យោបល់ផ្នែកច្បាប់ដល់ពួកគាត់ និង ជួយសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។
ក្រៅពីនេះ ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស គឺជាអ្នកផ្តល់យោបល់ផ្នែកច្បាប់ដល់ស្ថាប័នរបស់ខ្លួនផ្ទាល់ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស មានលោក ជិន ម៉ាលីន ជាប្រធាន អមដោយអនុប្រធាន២រូប គឺលោក ខៀវ តុលា និង លោក កេង សុម៉ារតន៍ រួមទាំងសមាជិក១៥រូបទៀត។ ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស អាចនឹងបន្ថែមអ្នកច្បាប់និងមេធាវីដទៃទៀត ជាសមាជិកដែរ បើចាំបាច់។
លោក ជិន ម៉ាលីន ដែលត្រូវបានតែងតាំងជាប្រធាននៃក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស គឺជាអនុប្រធាននិងជាអ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយក៏ជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ផងដែរ។ ចំណែកអនុប្រធានទាំង២រូប គឺជាមេធាវីនិងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយសមាជិកទាំង១៥រូប សុទ្ធតែជាមេធាវីនិងជាអ្នកច្បាប់។
គណៈកម្មាធិការសិទ្ធិមនសុស្សកម្ពុជា ប្រាប់ឲ្យប្រជាពលរដ្ឋ ដែលត្រូវការជំនួយផ្នែកច្បាប់ ឲ្យទាក់ទងទៅកាន់នាយកដ្ឋានបណ្តឹងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានទីតាំងនៅអគារលេខ៣ ផ្លូវVI13 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឬ អាចហៅទូរសព្ទទៅលេខ ០២៣ ៨៨២ ០៦៥ និង លេខ ០១២ ៨៨៦ ១២០។
សូមរម្លឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កើតក្រុមមេធាវីមួយក្រុមដែរ ហៅថា «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន» ដោយមានលោក គី តិច ជាប្រធាន។ ក្រុមមេធាវីនេះ មានគោលដៅប្រឹក្សាច្បាប់និងធ្វើជាមេធាវីការពារក្តីឲ្យអ្នកក្រីក្រ ប៉ុន្តែផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើស្រ្តី៕
Tag:
តុលាការ
ច្បាប់
កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com