រថយន្ត
អន្តរជាតិ
ប៉ូលិស​ក្រុង​បាងកក ត្រូវ​ទៅ​ប្រឡង​ច្បាប់​ចរាចរណ៍ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​
12, Aug 2019 , 8:19 pm        
រូបភាព
ប្រភពរូប៖ Phuket News
ប្រភពរូប៖ Phuket News
ដោយ:
​ការិយាល័យ​ប៉ូលិស​ក្រុង​បាងកក នឹង​បញ្ឈប់​ប៉ូលិស​ពី​ការចេញ​បណ្ណ​ផាកពិន័យ​ចរាចរណ៍ ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុង​ការប្រឡង​ថ្មី​មួយ ដែលមាន​គោលដៅ​វាស់​ស្ទង់​ចំណេះដឹង​ពួកគេ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​។

 
​នៅ​ថ្ងៃ​សុក្រ ទី​៩ សីហា ស្នងការរង​ប៉ូលិស​ក្រុង​បាងកក លោក Sukhun Prommayon  បញ្ជាក់​ឲ្យ​ដឹងថា មន្ត្រីប៉ូលិស ត្រូវ​រក​ពិន្ទុ​យ៉ាងហោចណាស់ ៨០​ភាគរយ ទើប​ជាប់​ការប្រឡង ឬ​ពួកគេ ត្រូវ​ទម្លាក់​មក​ធ្វើការ​រដ្ឋបាល និង​ការងារ​ទំនាក់ទំនង​សាធារណៈ (PR) ឬ​គ្រាន់តែ​ជួយ​មិត្ត​រួម​ក្រុម​ពួកគេ​ហៅ​យានយន្ត​ឲ្យ​ឈប់​ប៉ុណ្ណោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក Sukhun គូសបញ្ជាក់ថា មន្ត្រី​ទាំងអស់ គួរតែ​យល់ដឹង​ជ្រៅជ្រះ​ពី​ច្បាប់ ដែល​ពួកគេ​អនុវត្ត​។ ដូច្នេះ ពួកគេ អាច​កំណត់​អត្តសញ្ញាណ និង​ពន្យល់​ដោយ​ត្រឹមត្រូវ​ពី​កំហុសឆ្គង​ដែល​អ្នកបើក​បរបាន​ប្រព្រឹត្ត​។ 
 
​វា មានការ​លើកឡើង​ជាច្រើន​រវាង​ប៉ូលិស​ចរាចរណ៍ និង​អ្នកបើកបរ​យានយន្ត ដែល​ចោទប្រកាន់​មន្ត្រី​ខ្លះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​មិន​ត្រឹមត្រូវ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Sukhun  ដោយ​អះអាងថា ដើម្បី​បញ្ចៀស​រឿង​ខុសឆ្គង​បែបនេះ ចាប់ពីពេលនេះ​តទៅ មានតែ​ប៉ូលិស​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ ទើប​អាច​ចេញ​បណ្ណ​ផាកពិន័យ​បាន​។​
 
​សំណួរ​ជ្រើស​ជ្រើស (MCQ) រហូតដល់​ទៅ ១​ពាន់​សំណួរ ត្រូវ​បានរៀបចំ​រួចរាល់​។ មន្ត្រី ១០០​នាក់ នឹងត្រូវ​ជ្រើសរើស និង​ដាក់​ការងារ​ឲ្យ​ធ្វើ​នៅតាម​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​ចំនួន ៩ និង​ស្ថានីយ៍​ប៉ូលិស​ចំនួន ៨៨ ផ្សេងទៀត នៅ​ទូទាំង​ក្រុង បាងកក​។ លោក Sukhun បញ្ជាក់​បែបនេះ ។​
 
​មន្ត្រីប៉ូលិស​រហូតដល់ ៣០០០​នាក់ នឹងចូលរួម​ធ្វើការ​ប្រឡង នា​ដើមខែ​កញ្ញា​ខាងមុខ​។ ប្រសិនបើ​ពួកគេ ធ្លាក់​ការប្រឡង ពួកគេ​នឹងមាន​ឱកាស​ប្រឡង​ជាថ្មី​។ ប្រសិនបើ​ពួកគេ នៅតែ​ពុំ​អា​ចរក​ពិន្ទុ​ច្រើន​ទៀត ពួកគេ​ប្រហែល​ត្រូវ​ផ្លាស់ប្តូរ​តួនាទី ឬ​ទីតាំង​ឈរជើង​។ 
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧  ប៉ូលិស​ប្រមាណ ៥​ពាន់​នាក់ ធ្លាប់​ត្រូវ​បានដាក់​បញ្ជា​ឲ្យ​ធ្វើ​ការប្រឡង​ដូចគ្នា​បែបនេះ​។ កាលនោះ មន្ត្រីប៉ូលិស ត្រឹមតែ ២៦​នាក់​ប៉ុណ្ណោះ បាន​ប្រឡង​ធ្លាក់ ហើយ​ពួកគេ លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​បណ្ណ​ផាកពិន័យ​បន្តទៀត​៕

Tag:
 ថៃ​
  ចរាចរណ៍​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com