ជាតិ
ស្រូវ​ជិត​១,៦​ម៉ឺន​ហិកតា​នៅ​សៀមរាប ងាប់​បណ្តើរៗ ព្រោះ​គ្មាន​ភ្លៀង ខណៈ​ខេត្ត​ផ្សេង ជួប​គ្រោះទឹកជំនន់​
12, Aug 2019 , 8:39 pm        
រូបភាព
ប្រភពរូប ពីAKP
ប្រភពរូប ពីAKP
​ភ្នំពេញ​៖ ខេត្ត​ព្រះសីហនុ កំពត និង​រតនគិរី កំពុង​ជួប​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង តែ​ខេត្តសៀមរាប កំពុង​រងគ្រោះ​ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​ទៅវិញ ដែល​បណ្តាល​ឲ្យ​ដំណាំ​ស្រូវ​ជិត​១,៦​ម៉ឺន​ហិកតា ក្នុងស្រុក​៨ កំពុង​ប្រឈម​នឹង​ការខូចខាត​។ ក្នុងនោះ​មាន​ស្រូវ​ចំនួន​៥៥៥​ហិកតា ក្នុងស្រុក​ក្រឡាញ់ ស្រុក​ពួក និង​ស្រុក​សូទ្រនិគម បាន​ងាប់​និង​ខូចខាត​ទាំងស្រុង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ សីហា​។ 

 
​លោក លី សំរឹទ្ធ អភិបាលរងរ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ខេត្តសៀមរាប កំពុងតែ​ជួប​កូន​រដូវប្រាំង​ដែល​អូសបន្លាយ​យូរ ធ្វើ​ឲ្យ​ស្រូវ​ជាច្រើន បាន​ស្វិត និង​ងាប់​ជា​បណ្តើរៗ ហើយ​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត បើ​មាន​ភ្លៀង​ធ្លាក់​ស្រូវ​មួយចំនួនធំ អាច​សង្គ្រោះបាន​។ ប៉ុន្តែ បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ ស្រូវ​ជាច្រើន​អាច​នឹង​ខូចខាត​ទាំងស្រុង​។  លោក​បាន​បញ្ជាក់ថា ស្រុក​ដែលមាន​ស្រូវ​រងគ្រោះ​រាំងស្ងួត​ច្រើនជាងគេ គឺមាន​ស្រុក​ពួក ស្រុក​ក្រឡាញ់ និង ស្រុក​ស្រីស្នំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​សារ​កម្ពុជា (AKP)​។ 
 
AKP បាន​ស្រង់​សម្តី​របស់លោក លី សំរឹទ្ធ យ៉ាង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​គ្រោះរាំងស្ងួត​នេះ អាជ្ញាធរខេត្ត​បាន​ប្រើប្រាស់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ទាំងនោះ ប៉ុន្តែ​ការជួយ​សង្គ្រោះ​នេះ គឺ​បាន​សម្រាប់តែ​ស្រែ​ដែលមាន​ប្រព័ន្ធ​ធា​រាស្ត្រ​ធំៗ​នៅ​ជិត​ប៉ុណ្ណោះ​។ សម្រាប់​ស្រែ​ដែល​គ្មាន​ប្រភពទឹក​នៅ​ជិត យើង​មិន​អាចជួយ​បានទេ ដោយ​មានតែ​រង់ចាំ​ទឹកភ្លៀង​មួយ​មុខ​ប៉ុណ្ណោះ​»​។​
 
​ដោយឡែក ក្រៅពី​ខេត្ត​ព្រះសីហនុ កំពត និង​រតនគិរី ក៏មាន​ខេត្តកោះកុង និង​បណ្តា​ខេត្ត​មួយចំនួនទៀត បាន​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង ចាប់តាំងពី​ថ្ងៃទី​៥​សីហា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ មាន​តំបន់​មួយចំនួន​ទឹក​មិនទាន់​ស្រក់​អស់​នៅឡើយ​ទេ​៕

Tag:
 កសិកម្ម​
  ស្រូវ​
  ភ្លៀង​
  ជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com