ជាតិ
គ្រាប់ត្នោត៣ម៉ឺន ត្រូវបានដាំនៅព្រំដែនកម្ពុជា-ឡាវ រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង
× គ្រាប់ត្នោត៣ម៉ឺនគ្រាប់ ត្រូវបានដាំនៅតាមបណ្ដោយសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីឲ្យពលរដ្ឋមូលដ្ឋាន យល់ដឹងពីស្ថានភាពបង្គោលព្រំដែន និងបង្កើនដើមឈើដែលជាអត្តសញ្ញាណខ្មែរ។ ការដាំដើមត្នោតនេះ នឹងមានគម្រោងដាំតាមខ្សែបង្គោលព្រំដែនទាំងអស់ នៅបន្ទាត់ព្រំដែនក្នុងខេត្តស្ទឹងត្រែង។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្រី្តរាជការ កម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សប្រមាណ៥០០នាក់ ដាំគ្រាប់ត្នោត៣ម៉ឺនគ្រាប់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅបង្គោលព្រំដែន លេខ០៤០ ដល់០៤២ ដែលមានចម្ងាយ១០គីឡូម៉ែត្រ។ អភិបាលខេត្ត បានលើកឡើងថា ដើមត្នោតជាអត្តសញ្ញាណជាតិ ហើយសកម្មភាពដាំត្នោតនេះ ជាសកម្មភាពប្រវត្តិសាស្ត្ររបស់ខេត្ត។ លោក ម៉ុម សារឿន បន្តថា៖ «ការដាំដើមត្នោតនេះ គឺជាការបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រឡាញ់អ្វីជាអត្តសញ្ញាណជាតិ»។
ទន្ទឹមនឹងនេះ លោក ម៉ែន គុង អ្នកនាំពាក្យខេត្តស្ទឹងត្រែងបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា កត្តាចម្បងនៃការដាំដើមត្នោត គឺលើកកម្ពស់ការយល់ដល់ពលរដ្ឋក្នុងមូលដ្ឋាន និងស្គាល់បង្គោលព្រំដែន ដែលបានដាំតាមបណ្ដោយខ្សែព្រំដែន ដើម្បីកុំឲ្យមានការយល់ច្រឡំ។ លើសពីនេះ ទុកជាសំណាក នៃដើមឈើអត្តសញ្ញាណតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាចូលរួមការដាំដើមឈើបន្ថែមផងដែរ។
លោក ម៉ែន គុង បានឲ្យដឹងថា ការដាំដើមត្នោតនេះ ជាលើកទី៣ ដែលកាលពីលើកទី១ ដាំ១ម៉ឺនគ្រាប់ និងលើកទី២ ដាំ២ម៉ឺនគ្រាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com