អន្តរជាតិ
កូរ៉េខាងត្បូង ដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តបាន រដ្ឋមន្រ្តីឧស្សាហកម្ម Sung Yun-mo
× កូរ៉េខាងត្បូង នៅថ្ងៃ១២ ខែសីហា សម្រេចចិត្តដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដ៏គួរអោយទុកចិត្តបាន។ ការសម្រេចចិត្តបែបនេះ ក៏ជាការឆ្លើយនឹងជប៉ុនដែលបានដកកូរ៉េខាងត្បូងចេញពីបញ្ជីនេះដូចគ្នា។ ជម្លោះរវាងជប៉ុន និងកូរ៉េខាងត្បូងកើតឡើតក្រោយពេលជប៉ុនរឹតត្បិតនាំចេញវត្ថុធាតុសំខាន់ទៅកូរ៉េខាងត្បូង ដើម្បីតបតនឹងសាលក្រមតុលាការកូរ៉េខាងត្បូង។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង ប្រកាសថា ខ្លួននឹងកែប្រែបញ្ជីនាំចេញរបស់ខ្លួនដែលបច្ចុប្បន្នមានពីរផ្នែកទៅជាបីផ្នែកវិញ ហើយជប៉ុន នឹងស្ថិតនៅផ្នែកទីបីដែលត្រូវបង្កើតថ្មីតែម្ដង។នេះមានន័យថា ជប៉ុនលែងជាដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តរបស់កូរ៉េខាងត្បូងទៀតហើយ ព្រោះផ្នែកថ្មីដែលបង្កើត នៅចន្លោះផ្នែកចាស់ទាំងពីរនោះ គឺជាប្រទេស ដែលចូលរួមនូវកិច្ចព្រមព្រៀងអន្តរជាតិចំនួន៤ ប៉ុន្តែបំពានបទដ្ឋានអន្តរជាតិលើប្រព័ន្ធគ្រប់គ្រងការនាំចេញ ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដោយចង់សំដៅជប៉ុន រដ្ឋមន្ត្រីឧស្សាហកម្ម Sung Yun-mo បាននិយាយថា៖ «ពួកយើងចាំបាច់ដាក់ប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងការនាំចេញមួយ ក្រោយការពិចារណាលើការពិត ដែលថាយើងពិបាកក្នុងការធ្វើការជាមួយប្រទេស ដែលតែងតែបំពានមូលដ្ឋានច្បាប់នៃការគ្រប់គ្រងការនាំចេញ ឬដំណើរការប្រព័ន្ធខុសច្បាប់»។
ផ្អែកទៅតាមក្រសួងឧស្សហកម្ម ការចាត់ចូលថ្នាក់ថ្មីនេះ នឹងត្រូវអនុវត្តក្នុងប្រមាណ១ខែទៀត ដោយត្រូវប្រមូលមតិសាធារណៈក្នុងរយៈពេល២០ថ្ងៃសិន។ ការចាត់ចូលថ្នាក់ថ្មីនេះ គឺមានតែប្រទេសប្រទេសជប៉ុនតែមួយគត់។ នៅក្រោមលក្ខខណ្ឌនៃការកែប្រែនេះ នីតិវិធីនៃការយល់ព្រមលើសំណើនាំចេញនីមួយៗលើការដឹកជញ្ជូនទំនិញទៅជប៉ុន គឺត្រូវប្រើរយៈពេលយូរជាងមុន។
សូមបញ្ជាក់ថា ទំនាស់ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកើតចេញពី សាលក្រមកូរ៉េខាងត្បូងបានបង្ខំអោយក្រុមហ៊ុនជប៉ុនបង់សំណងទៅជនរងគ្រោះ ដែលត្រូវបានគេបង្ខំអោយធ្វើការក្នុងសម័យអាណានិគមរបស់ជប៉ុនលើ កូរ៉េខាងត្បូង។ ដោយសារតែរឿងនេះ ទីក្រុងតូក្យូបានរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗបីប្រភេទទៅកូរ៉េខាងត្បូង ហើយបានដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តបានទៀត៕
Tag:
កូរ៉េខាងត្បូង
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com