កីឡាអន្តរជាតិ
អន្តរជាតិ
Sneijder ដែលជួយ Inter ឈ្នះ UCL ប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់នៅអាយុ៣៥ឆ្នាំ
× ខ្សែបម្រើឆ្នើមសញ្ជាតិហូឡង់ Wesley Sneijder នៅថ្ងៃទី១២ ខែសីហា បានប្រកាសពីការចូលនិវត្តន៍ជាអាជីពកីឡាករបាល់ទាត់ហើយ ក្រោយបង្ហាញខ្លួនលើវាលស្មៅអស់រយៈពេល ១៧ ឆ្នាំ។ នៅវ័យ ៣៥ឆ្នាំ អតីតកីឡាករឆ្នើមរបស់ Real Madrid ដែលបង្ហាញខ្លួនឲ្យក្រុមជម្រើជាតិចំនួន ១៣៤ប្រកួត បានអះអាងពីការចូលនិវត្តន៍របស់ខ្លួនទៅកាន់ប៉ុស្តិ៍ YouTube របស់ក្លិបក្នុងប្រទេសកំណើត FC Utrecht។
«ទំនាក់ទំនងរបស់ខ្ញុំជាមួយមនុស្សក្នុងទីក្រុងនេះ (Utrecht) ពិតជាធំធេងណាស់។ ខ្ញុំចង់ប្រាប់ថាឥឡូវនេះខ្ញុំចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ហើយខ្ញុំចង់បានកន្លែងល្អដើម្បីចែករំលែកអនុស្សាវរីយ៍របស់ខ្ញុំ»។ នេះជាការលើកឡើងរបស់ Sneijder។
Sneijder ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិលើកដំបូងក្នុងឆ្នាំ ២០០៣ ត្រឹមអាយុ ១៩ ឆ្នាំ ធ្លាប់ជួយហូឡង់បានជើងឯករង World Cup ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង ក្រោយចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ។ ៤ឆ្នាំក្រោយនៅប្រេស៊ីលរូបគេក៏បានជួយក្រុមរហស្សនាមទឹកក្រូចទទួលបានចំណាត់ថ្នាក់លេខ ៣មួយលើកទៀត។
អ្វីដែលអស្ចារ្យក្នុងអាជីពរបស់ Sneijder គឺរូបគេបានជួយក្រុម Inter Milan ដែលកាលនោះស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Jose Mourinho ដើម្បីលើកពានកំពូលអឺរ៉ុប EUFA Champions League រដូវកាល ២០០៩-១០ ដែលជារដូវកាលដំបូងរបស់គេនៅទឹកដីអ៊ីតាលី ក្រោយចាកចេញពី Real។ នៅអេស្ប៉ាញ២រដូវកាល Sneijder ជួយក្រុមស្តេចសលើកពាន La Liga មួយលើកនៅឆ្នាំ២០០៨។
Ajax ជាក្លិបដំបូងបង្អស់របស់ Sneijder តាំងពីនៅយុវជនម្លេះ ពោលគឺចាប់ពីឆ្នាំ២០០២ ដល់២០០៧។ ក្រុមបន្តបន្ទាប់ដែលរូបគេធ្លាប់បានលេងឲ្យមាន Galatasaray នៅតួកគី Nice (បារាំង) និងចុងក្រោយ Al-Gharafa នៅកាតា៕
Tag:
Wesley Sneijder
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com