កីឡាអន្តរជាតិ
អន្តរជាតិ
Sneijder ដែល​ជួយ Inter ឈ្នះ UCL ប្រកាស​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់​នៅ​អាយុ​៣៥​ឆ្នាំ​
13, Aug 2019 , 11:21 am        
រូបភាព
​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​ហូ​ឡង់ Wesley Sneijder នៅ​ថ្ងៃទី​១២ ខែសីហា បានប្រកាស​ពី​ការចូលនិវត្តន៍​ជា​អាជីព​កីឡាករ​បាល់ទាត់​ហើយ ក្រោយ​បង្ហាញខ្លួន​លើ​វាលស្មៅ​អស់​រយៈពេល ១៧ ឆ្នាំ​។​​ ​នៅ​វ័យ ៣៥​ឆ្នាំ អតីត​កីឡាករ​ឆ្នើម​របស់ Real Madrid ដែល​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជ​ម្រើ​ជាតិ​ចំនួន ១៣៤​ប្រកួត បាន​អះអាង​ពី​ការចូលនិវត្តន៍​របស់​ខ្លួន​ទៅកាន់​ប៉ុស្តិ៍ YouTube របស់​ក្លិប​ក្នុងប្រទេស​កំណើត FC Utrecht​។​


 
«​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​មនុស្ស​ក្នុង​ទីក្រុង​នេះ (Utrecht) ពិតជា​ធំធេង​ណាស់​។ ខ្ញុំ​ចង់​ប្រាប់ថា​ឥឡូវនេះ​ខ្ញុំ​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់ ហើយ​ខ្ញុំ​ចង់បាន​កន្លែង​ល្អ​ដើម្បី​ចែករំលែក​អនុស្សាវរីយ៍​របស់ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់ Sneijder​។​
 
Sneijder ដែល​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​លើកដំបូង​ក្នុង​ឆ្នាំ ២០០៣ ត្រឹម​អាយុ ១៩ ឆ្នាំ ធ្លាប់ជួយ​ហូ​ឡង់​បាន​ជើងឯក​រង World Cup ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ៤​ឆ្នាំក្រោយ​នៅ​ប្រេ​ស៊ី​ល​រូបគេ​ក៏បាន​ជួយ​ក្រុម​រហស្សនាម​ទឹកក្រូច​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣​មួយលើកទៀត​។ 
 
​អ្វីដែល​អស្ចារ្យ​ក្នុង​អាជីព​របស់ Sneijder គឺ​រូបគេ​បាន​ជួយ​ក្រុម Inter Milan ដែល​កាលនោះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អ្នកចាត់ការ​ទូទៅ Jose Mourinho ដើម្បី​លើក​ពាន​កំពូល​អឺរ៉ុប EUFA Champions League រដូវ​កាល ២០០៩-១០ ដែលជា​រដូវ​កាល​ដំបូង​របស់គេ​នៅ​ទឹកដី​អ៊ីតាលី ក្រោយ​ចាក​ចេញពី Real​។ នៅ​អេ​ស្ប៉ា​ញ​២​រដូវ​កាល Sneijder ជួយ​ក្រុម​ស្តេច​ស​លើក​ពាន La Liga មួយ​លើក​នៅ​ឆ្នាំ​២០០៨​។​
 
Ajax ជា​ក្លិប​ដំបូងបង្អស់​របស់ Sneijder តាំងពី​នៅ​យុវជន​ម្លេះ ពោលគឺ​ចាប់ពី​ឆ្នាំ​២០០២ ដល់​២០០៧​។ ក្រុម​បន្តបន្ទាប់​ដែល​រូបគេ​ធ្លាប់បាន​លេង​ឲ្យ​មាន Galatasaray នៅ​តួ​ក​គី ​Nice (​បារាំង​) និង​ចុងក្រោយ Al-Gharafa នៅ​កាតា​៕ 

Tag:
 Wesley Sneijder
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com