លោក សម រង្ស៊ី​៖ «​ខ្ញុំ​ចង់​ធ្វើឱ្យ​ក្រុម​លោក ហ៊ុន សែន ចលាចល​ដោយសារ​សារ​នយោបាយ​ខ្ញុំ​»
ជាតិ
លោក សម រង្ស៊ី​៖ «​ខ្ញុំ​ចង់​ធ្វើឱ្យ​ក្រុម​លោក ហ៊ុន សែន ចលាចល​ដោយសារ​សារ​នយោបាយ​ខ្ញុំ​»
13, Aug 2019 , 11:40 am        
រូបភាព
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
​ភ្នំពេញ​៖ មកដល់ពេលនេះ​លោក សម រង្ស៊ី នៅតែ​មិនទាន់​កំណត់ពេល​ចូល​ស្រុក​វិញ​ឡើយ​។ ថ្លែង​ពី​ប្រទេស​បារាំង មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ និយាយថា លោក​ត្រូវការ​ពេល​ប្រើ​សង្គ្រាមចិត្តសាស្ត្រ ដើម្បី​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចលាចល​សិន តាមរយៈ​សារ​នយោបាយ​ខ្លួន​។​

 
«​ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើឱ្យ​ពួក​(​ក្រុម​លោក ហ៊ុន សែន )​ហ្នឹង​ចលាចល​បន្តិច​។ យើង​បង្ហោះ​ព័ត៌មាន​នេះ យើង​លើក​ឱ្យ​ពួក​ហ្នឹង​គិត​ខុស គិត​ត្រូវ​ស្រេច​តែ​លើ​ពួកគេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី ដែល​បាន​បន្ថែមថា ការប្រើប្រាស់​សារ​នយោបាយ​ជា​បន្តបន្ទាប់​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន វង្វេង (​ឆ្កួត​)​។ 
 
​តាមពិតទៅ​សារ​នយោបាយ​ដែល​លោក សម រង្ស៊ី ប្រកាស​ជារឿយៗ​ថា នឹង​វិល​ចូល​ស្រុក​វិញ​នេះ ហាក់​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​ទេ​។ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលចិត្ត​ប្រើ​សារ​នយោបាយ​ចាក់​ដោត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ច្រឡោត​នោះ បាន​និយាយ​តាមរយៈ​វីដេអូ​ជិត​២​នាទី ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖«(​ខ្ញុំ​)​ទៅ​ច្បាស់​ជា​ទៅ​(​កម្ពុជា​) ព្រោះ​ស្រុកកំណើត​យើង យើង​មិន​ថា​មិន​ទៅ​ទេ ច្បាស់​ជា​ទៅ​។ ហើយ​ពេលដែល​យើង​កំណត់ គឺ​គង់តែ​កំណត់​ទេ កំណត់ឱ្យ​ទាន់ពេល ប៉ុន្តែ​យើង​មិនអាច​ប្រាប់​​ឥឡូវ​ទេ ថា​ថ្ងៃមួយ​ទៅ​។ អាហ្នឹង គឺជា​សង្គ្រាមចិត្តសាស្ត្រ ធ្វើឱ្យ​អារម្មណ៍​ម្ខាង​(​មេដឹកនាំ​កម្ពុជា​)​ទៀត វា​ជ្រួលច្របល់ ហើយ​កុំ​ឱ្យគេ​ដឹង​មុន​។ អា​អត់​ដឹង​មុន​ហើយ វា​ធ្វើឱ្យ​មនុស្ស​ភ័យ​ជាង​ដឹង ហើយ​បើ​គេ​ដឹង គេ​ក្ដាប់​(​ព័ត៌មាន​)​បាន​ហើយ ថា​យើង​ទៅដល់​ថ្ងៃ​ណា ជិះ​យន្តហោះ​នេះ ឆ្លងកាត់​ប្រទេស​នេះ ចូល​តាម​ច្រក​នេះ​…​ហើយ​អ្វីដែល​គេ​កំពុង​ភ័យ​នេះ ដោយសារតែ​គេ​មិនដឹងថា ផ្ទុះ​ពេលណា ផ្ទុះ​យ៉ាងម៉េច​? ហើយ​ខ្ញុំ​មិនទាន់​ប្រកាសថា ថ្ងៃ​ណា​ខ្ញុំ​ចូល​តាម​ច្រក​ណា​ទេ »​។​
 
​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ជា​ញឹកញាប់​ដែរ​ថា សម្ដេច​មិន​ចាប់អារម្មណ៍ និង​មិន​ខ្វល់​ពីស​ម្តី​របស់លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដោយសារ​បញ្ហា​ក្តីក្ដាំ​នយោបាយ​នេះឡើយ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​សម្តី​លោក សម រង្ស៊ី ជា​រឿង​ឥតប្រយោជន៍​។ មិនតែប៉ុណ្ណោះ​មេដឹកនាំ​កម្ពុជា​រូបនេះ ក៏បាន​ហាម​មន្ត្រី​ខ្លួន ឆ្លើយឆ្លង​សម្តី​ជាមួយ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតផង​។ 
 
​កន្លងមក​លោក សម រង្ស៊ី ធ្លាប់បាន​ប្រកាសថា លោក​និង​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​ជាច្រើនរូប​ទៀត ដែល​កំពុង​រស់​ក្រៅប្រទេស​នោះ នឹង​វិល​ចូល​ស្រុក​វិញ នៅ​ខែសីហា ឬ​យ៉ាងយូរ​ខែកញ្ញា​ខាងមុខ​។ បើតាម​លោក សម រង្ស៊ី ការចូល​ស្រុក​វិញ​នេះ ក៏មាន​អ្នកនយោបាយ និង​មន្ត្រី​ស្ថាប័ន​អន្តរជាតិ​មួយចំនួន អមដំណើរ​មកជា​មួយ​ខ្លួន​ផងដែរ​។​
 
​សម្ដេច ហ៊ុន សែន ធ្លាប់​ថ្លែង​បែប​ផ្លែផ្កា​វិញ​ថា ច្រកទ្វារ​កម្ពុជា​បើកចំហរ​រង់ចាំ​លោក សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ​គ្រប់ពេលវេលា ប៉ុន្តែ​ការអនុវត្ត​វិធានការ​របស់​សមត្ថកិច្ច​តាមច្បាប់​លើ​មេដឹកនាំ​អតីត​បក្សប្រឆាំង​នេះ វា​ក៏​កើតឡើង​គ្រប់​រូបភាព និង​គ្រប់ពេលវេលា​ដូចគ្នា​ដែរ​។ ចំណែក​មន្ត្រី​អន្តរជាតិ ដែល​អមដំណើរ​ជាមួយ​លោក សម រង្ស៊ី នោះ សមត្ថកិច្ច​មិន​អនុវត្ត​វិធានការ​ច្បាប់​អ្វី​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​៕

Tag:
 ​ហ៊ុន សែន​
  សម រង្ស៊ី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម