ជាតិ
លោក សម រង្ស៊ី៖ «ខ្ញុំចង់ធ្វើឱ្យក្រុមលោក ហ៊ុន សែន ចលាចលដោយសារសារនយោបាយខ្ញុំ» រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
× ភ្នំពេញ៖ មកដល់ពេលនេះលោក សម រង្ស៊ី នៅតែមិនទាន់កំណត់ពេលចូលស្រុកវិញឡើយ។ ថ្លែងពីប្រទេសបារាំង មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិរូបនេះ និយាយថា លោកត្រូវការពេលប្រើសង្គ្រាមចិត្តសាស្ត្រ ដើម្បីធ្វើឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាចលាចលសិន តាមរយៈសារនយោបាយខ្លួន។
«ខ្ញុំគ្រាន់តែចង់ធ្វើឱ្យពួក(ក្រុមលោក ហ៊ុន សែន )ហ្នឹងចលាចលបន្តិច។ យើងបង្ហោះព័ត៌មាននេះ យើងលើកឱ្យពួកហ្នឹងគិតខុស គិតត្រូវស្រេចតែលើពួកគេ»។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានបន្ថែមថា ការប្រើប្រាស់សារនយោបាយជាបន្តបន្ទាប់នេះ គឺជាយុទ្ធសាស្ត្រមួយដែលធ្វើឱ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន វង្វេង (ឆ្កួត)។
តាមពិតទៅសារនយោបាយដែលលោក សម រង្ស៊ី ប្រកាសជារឿយៗថា នឹងវិលចូលស្រុកវិញនេះ ហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលចូលចិត្តប្រើសារនយោបាយចាក់ដោតប្រមុខរដ្ឋាភិបាលកម្ពុជា ឱ្យច្រឡោតនោះ បាននិយាយតាមរយៈវីដេអូជិត២នាទី ដែលបង្ហោះលើហ្វេសប៊ុកខ្លួន យ៉ាងដូច្នេះថា៖«(ខ្ញុំ)ទៅច្បាស់ជាទៅ(កម្ពុជា) ព្រោះស្រុកកំណើតយើង យើងមិនថាមិនទៅទេ ច្បាស់ជាទៅ។ ហើយពេលដែលយើងកំណត់ គឺគង់តែកំណត់ទេ កំណត់ឱ្យទាន់ពេល ប៉ុន្តែយើងមិនអាចប្រាប់ឥឡូវទេ ថាថ្ងៃមួយទៅ។ អាហ្នឹង គឺជាសង្គ្រាមចិត្តសាស្ត្រ ធ្វើឱ្យអារម្មណ៍ម្ខាង(មេដឹកនាំកម្ពុជា)ទៀត វាជ្រួលច្របល់ ហើយកុំឱ្យគេដឹងមុន។ អាអត់ដឹងមុនហើយ វាធ្វើឱ្យមនុស្សភ័យជាងដឹង ហើយបើគេដឹង គេក្ដាប់(ព័ត៌មាន)បានហើយ ថាយើងទៅដល់ថ្ងៃណា ជិះយន្តហោះនេះ ឆ្លងកាត់ប្រទេសនេះ ចូលតាមច្រកនេះ…ហើយអ្វីដែលគេកំពុងភ័យនេះ ដោយសារតែគេមិនដឹងថា ផ្ទុះពេលណា ផ្ទុះយ៉ាងម៉េច? ហើយខ្ញុំមិនទាន់ប្រកាសថា ថ្ងៃណាខ្ញុំចូលតាមច្រកណាទេ »។
តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាញឹកញាប់ដែរថា សម្ដេចមិនចាប់អារម្មណ៍ និងមិនខ្វល់ពីសម្តីរបស់លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ដោយសារបញ្ហាក្តីក្ដាំនយោបាយនេះឡើយ។ សម្ដេច ហ៊ុន សែន ចាត់ទុកសម្តីលោក សម រង្ស៊ី ជារឿងឥតប្រយោជន៍។ មិនតែប៉ុណ្ណោះមេដឹកនាំកម្ពុជារូបនេះ ក៏បានហាមមន្ត្រីខ្លួន ឆ្លើយឆ្លងសម្តីជាមួយមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិទៀតផង។
កន្លងមកលោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនិងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងជាច្រើនរូបទៀត ដែលកំពុងរស់ក្រៅប្រទេសនោះ នឹងវិលចូលស្រុកវិញ នៅខែសីហា ឬយ៉ាងយូរខែកញ្ញាខាងមុខ។ បើតាមលោក សម រង្ស៊ី ការចូលស្រុកវិញនេះ ក៏មានអ្នកនយោបាយ និងមន្ត្រីស្ថាប័នអន្តរជាតិមួយចំនួន អមដំណើរមកជាមួយខ្លួនផងដែរ។
សម្ដេច ហ៊ុន សែន ធ្លាប់ថ្លែងបែបផ្លែផ្កាវិញថា ច្រកទ្វារកម្ពុជាបើកចំហររង់ចាំលោក សម រង្ស៊ី ត្រឡប់ចូលស្រុកវិញគ្រប់ពេលវេលា ប៉ុន្តែការអនុវត្តវិធានការរបស់សមត្ថកិច្ចតាមច្បាប់លើមេដឹកនាំអតីតបក្សប្រឆាំងនេះ វាក៏កើតឡើងគ្រប់រូបភាព និងគ្រប់ពេលវេលាដូចគ្នាដែរ។ ចំណែកមន្ត្រីអន្តរជាតិ ដែលអមដំណើរជាមួយលោក សម រង្ស៊ី នោះ សមត្ថកិច្ចមិនអនុវត្តវិធានការច្បាប់អ្វីឡើយ។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com