អន្តរជាតិ
អាមេរិកប្រាប់កូរ៉េខាងត្បូង និងជប៉ុនឲ្យរកដំណោះស្រាយសមស្របក្នុងជម្លោះពាណិជ្ជកម្ម ក្រសួងការបរទេសសហរដ្ឋអាមេរិក
× អាមេរិក នៅពីថ្ងៃទី១២ ខែសីហា ជំរុញឲ្យកូរ៉េខាងត្បូង និងជប៉ុនស្វែងរកដំណោះស្រាយសមស្របក្នុងជម្លោះរបស់ប្រទេសទាំងពីរ។ វិបត្តិពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តទាំងពីរកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីទីក្រុងសេអ៊ូលចេញវិធានការសងសឹក ដោយដកជប៉ុនចេញពីបញ្ជីពាណិជ្ជកម្មគួរឲ្យទុកចិត្តបាន។
សហរដ្ឋអាមេរិកនៅតែបន្តសម្រួលឲ្យមានកិច្ចចរចារវាងប្រទេសសម្ពន្ធមិត្តទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ ទីភ្នាក់សារពត៌មាន Yonhap ថា កូរ៉េខាងត្បូង និងជប៉ុនគឺជាសម្ព័ន្ធមិត្ត និងជាមិត្តភក្តិរបស់អាមេរិក។ ទីក្រុងវ៉ាស៊ីងតោន ជឿថា វាគឺមានសារៈសំខាន់ណាស់ក្នុងការរក្សាសម្ព័ន្ធភាពត្រីភាគី ដើម្បីប្រឈមមុខជាមួយនឹងការប្រកួតប្រជែងក្នុងតំបន់ រួមមានការគំរាមកំហែងរបស់កូរ៉េខាងជើង ការប្រកួតប្រជែងនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក និងនៅលើពិភពលោកទាំងមូល។
អ្នកនាំពាក្យដដែល បន្ថែមទៀតថា អាមេរិកលើកទឹកចិត្តអោយមានកិច្ចចរចារវាងប្រទេសទាំងពីរ តែខ្លួននឹងមិនធ្វើជាអ្នកសម្របសម្រួល ឬអាជ្ញាកណ្តាលអ្វីឡើយ។ នៅពេលទំនាក់ទំនងប្រទេសទាំងពីរកាន់តែអាក្រក់ ជប៉ុន និងកូរ៉េខាងត្បូងនឹងជួបផលវិបាកទាំងសងខាង ហើយពួកគេត្រូវមានការទទួលខុសត្រូវក្នុងការស្តារស្ថានភាពមួយនេះឲ្យល្អឡើងវិញ។
សូមបញ្ជាក់ថា ជម្លោះរវាងប្រទេសទាំងពីរកាន់តែធំឡើងៗ បន្ទាប់ពីប្រទេសទាំងពីរចេញវិធានការសងសឹកគ្នាទៅវិញទៅមក។ បន្ទាប់ពីជប៉ុនបានរឹតត្បឹតការនាំចេញវត្ថុធាតុដើមទៅកូរ៉េខាងត្បូង និងដកប្រទេសនេះចេញពីបញ្ជីពាណិជ្ជកម្មគួរអោយទុកចិត្តបាន ចំណែកកូរ៉េខាងត្បូងបានចេញវិធានការសងសឹកវិញ ដោយ ពីដកជប៉ុនចេញបញ្ជីគួរឲ្យទុកចិត្តបានវិញដែរ។
សម្រាប់ជម្រោះពាណិជ្ជកម្មរវាងសម្ពន្ធមិត្តទាំងពីរនេះ ធ្វើឲ្យប្រធានាធិបតីអាមេរិកឈឺក្បាលយ៉ាងខ្លាំង ហើយថាជម្លោះរវាងសម្ពន្ធមិត្តទាំងពីរធ្វើឲ្យអាមេរិកស្ថិតក្នុងតួនាទីដ៏អាក្រក់មួយ៕
Tag:
សហរដ្ឋអាមេរិក
ជប៉ុន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com