អន្តរជាតិ
ភេរវកម្ម ឬ​បាតុកម្មហិង្សា​? ក្រុង​ប៉េកាំង និង​ប៉ូលិស​ហុងកុង​យល់ឃើញ​ផ្ទុយគ្នា​
13, Aug 2019 , 2:09 pm        
រូបភាព
បាតុករហុងកុង។ រូបភាព AFP
បាតុករហុងកុង។ រូបភាព AFP
​ទីក្រុង​ប៉េកាំង បាន​បង្កើន​ការវាយប្រហារ​ដោយ​វោហា​សាស្ត្រ​លើ​បាតុករ​ហុងកុង ដែលមាន​ចរិត​ហិង្សា​កាន់តែខ្លាំង​ឡើងៗ​ក្នុងពេល​តវ៉ា​របស់​ពួកគេ​។ ប៉េកាំង និយាយថា បាតុកម្ម​នៅ​ហុងកុង មាន​សញ្ញា​នៃ​អំពើ​ភេរវកម្ម​ហើយ ក្រោយ​ការ​គប់​គ្រាប់បែក​សាំង​លើ​ស្ថានីយ៍​ប៉ូលិស​។ យ៉ាងណាមិញ មន្ត្រីប៉ូលិស​ហុងកុង មិន​យល់ឃើញ​ដូច​ប៉េកាំង​ឡើយ ហើយ​បន្ត​ដោះស្រាយ​ស្ថានការណ៍​ក្រោម​លក្ខខណ្ឌ​បាតុកម្មហិង្សា​ប៉ុណ្ណោះ​។​

 
​បាតុកម្មហិង្សា​ជា​បន្តបន្ទាប់​នៅឯ​ទីក្រុង​ហុងកុង កំពុង​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​កាន់តែខ្លាំង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១២ ខែសីហា លោក យ៉ាង គ័ង (Yang Guang) អ្នកនាំពាក្យ​ការិយាល័យ​កិច្ច​ហុងកុង និង​ម៉ា​កាវ​ចំណុះ​ក្រុមប្រឹក្សារដ្ឋ​ចិន បាន​រិះគន់​អំពើហិង្សា​របស់​បាតុករ​អំឡុងពេល​តវ៉ា​ប៉ុន្មាន​សប្ដាហ៍​មកនេះ ពិសេស​ការវាយប្រហារ​ដោយ​ប្រើ​ដប​សាំង​គប់​លើ​ស្ថានីយ៍​ប៉ូលិស​ក្នុង​ការតវ៉ា​ចុងក្រោយ​នេះ​។ 
 
​លោក យ៉ាង អះអាងថា បាតុករ​ជ្រុលនិយម​ហុងកុង បាន​ប្រើ​ឧបករណ៍​ដ៏​គ្រោះថ្នាក់​ដើម្បី​វាយប្រហារ​ប៉ូលិស ដែល​នេះ​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ហើយ​ពួកគេ ក៏បាន​បង្ហាញ​សញ្ញា​នៃ​ការលេចឡើង​អំពើ​ភេរវកម្ម​ផងដែរ​។ ក្នុង​សន្និសីទ​នៅឯ​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ដដែល​នេះ​លើកឡើងថា ទង្វើ​របស់​បាតុករ បាន​ជាន់ឈ្លី​យ៉ាង​កំរោល​លើ​នីតិរដ្ឋ និង​សណ្ដាប់ធ្នាប់​របស់​ហុងកុង​។ ប៉ុន្តែ​លោក​បាន​ផ្ដោតលើ​សកម្មភាព​របស់​បាតុករ​ភាគតិច​ប៉ុណ្ណោះ​។​
 
​ការហៅ​បាតុកម្ម​មាន​លក្ខណៈ​ជា​ភេរវកម្ម​នេះ ជាការ​ថ្កោលទោស​ធ្ងន់​បំផុត​មួយទៀត​ដោយ​រដ្ឋាភិបាល​ប៉េកាំង​។ នេះ​ជា​អាច​សញ្ញា​នៃ​ការថយចុះ​ការអត់ធ្មត់​របស់​រដ្ឋា​ភិ​បាល​មជ្ឈិម​ពាក់ព័ន្ធ​ការតវ៉ា​នៅ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ យ៉ាងណាមិញ ប៉ូលិស​ហុងកុង ហាក់​មិន​យល់ស្រប​នឹង​ការលើកឡើង​នេះ​ទេ​។ បើតាម​កាសែត South China Morning Post អធិការ​ជាន់ខ្ពស់​រប​ស់​ប៉ូលិស​ហុងកុង Steve Li Kwai-wah និយាយថា តាម​ស្ថានភាព​សព្វថ្ងៃ ប៉ូលិស​ហុងកុង​នឹង​ដោះស្រាយ​ត្រឹម​បាតុកម្មហិង្សា​។ 
 
​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​មក អំឡុងពេល​បាតុកម្ម​ដែល​ប្រែ​ពី​ការទាមទារ​ឲ្យ​ដកចេញ​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស​ទៅជា​ការទាមទារ​ឲ្យ​មាន​កំណែ​ង​ទម្រង់​ប្រជាធិបតេយ្យ​នោះ អំពើហិង្សា​បាន​ផ្ទុះ​ឡើងជា​ញឹកញយ​នៅក្រោយ​ការបញ្ចប់​ការជួបជុំ​អហិង្សា​។ សកម្មភាព​ហិង្សា​ចុងក្រោយ​បាន​ផ្ទុះឡើង​នៅ​សង្កាត់ Tsim Sha Tsui, Sham Shui Po, Wan Chai និង​Kwai Chung ជាទី​ដែល​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​កៅស៊ូ​ជ័រ​ដើម្បី​បំបែកហ្វូង​បាតុករ​។​
 
​តាមពិតទៅ ប៉ូលិស​ហុងកុង ក៏​រង​ការរិះគន់​ខ្លាំង​ដែរ​ចំពោះ​ចំណាត់ការ​ក្ដៅ​របស់ខ្លួន​ក្នុងការ​តទល់​នឹង​ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​យុវជន​នោះ ខណៈ​បាតុករ​ក៏​ទាមទារ​ឲ្យ​រក​មូលហេតុ​នៃ​អំពើហិង្សា​របស់​ប៉ូលិស​ទៀតផង​។ លើសពីនោះ ប៉ូលិស​ហុងកុង ក៏​រង​ប្រតិកម្ម​ដែរ​ជុំវិញ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ប្រជាន​ដទៃ​ប្រឈមមុខ​គ្រោះថ្នាក់​នោះ​។ ទាក់ទិន​បញ្ហា​នេះ ប៉ូលិស​ហុងកុង​បកស្រាយ​ថា វិធានការ​របស់ខ្លួន គឺ​សមស្រប ហើយ​ប្រើ​កម្លាំង​ទៅតាម​ច្បាប់​៕

Tag:
 ចិន​
  ហុងកុង​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com