សង្គមអន្តរជាតិ
អន្តរជាតិ
អ្នកកាន់សាសនាឥស្លាមជុំវិញពិភពលោក ប្រារព្ធពិធីបុណ្យសាសនាធំទី២ «Eid al-Adha» អ្នកកាន់សាសនាអ៊ីស្លាម ចូលរួមក្នុងការបូងសួងពិសេសមួយ ក្នុងទីក្រុង Kolkata ឥណ្ឌា ថ្ងៃ ១២ សីហា (AFP)
× អ្នកកាន់សាសនាឥស្លាមរាប់លាននាក់នៅជុំវិញពិភពលោក កំពុងប្រារព្ធធ្វើពិធីបុណ្យសាសនាដ៏ធំរបស់ខ្លួន «Eid al-Adha» ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃទី១១ ខែសីហា។ Eid al-Adha មានន័យថា «ពិធីបុណ្យនៃការលះបង់» ។
ជារៀងរាល់ឆ្នាំ អ្នកកាន់សាសនាឥស្លាម បានប្រមូលផ្តុំគ្នាសម្រាប់ឱកាសបុណ្យសាសនានេះ ដើម្បីដឹងគុណដល់ចេតនារបស់ព្យាការី Ibrahim ក្នុងការលះបង់កូនប្រុសខ្លួន Ismail តាមបញ្ជារបស់ព្រះជាម្ចាស់។ ប៉ុន្តែមុននឹង Abraham អាចលះបង់កូនប្រុស ព្រះជាម្ចាស់ បានចេញបញ្ជាឲ្យ Ibrahim លះបង់សាច់ចៀមជំនួសវិញ។
ជាធម្មតា Eld al-Adha បានចាប់ផ្តើមប្រារព្ធធ្វើឡើងនៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ហាជ (Hajj) ដែលជាធម្មយាតាប្រចាំឆ្នាំរបស់អ្នកកាន់សាសនាឥស្លាមមទៅកាន់ទីក្រុង ម៉េកកា (Mecca) នៃប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមស្ថិតិរបស់អាជ្ញាធរទូទៅអារ៉ាប៊ីសាអូឌីត អ្នកកាន់សាសនាឥស្លាមប្រមាណ ២,៥ លាននាក់ បានចូលរួមក្នុងពិធីបុណ្យហាជ នាឆ្នាំ២០១៩នេះ ដោយមនុស្ស៦០ម៉ឺននាក់មកពីបណ្តាប្រទេសផ្សេងទៀតក្រៅពីអារ៉ាប៊ីសាអូឌីត។
ពិធីបុណ្យ Eid al-Adha គឺជាបុណ្យសាសនាអ៊ីស្លីមទីពីរ បន្ទាប់ពីពិធីបុណ្យ Eid al-Fitr ដែលប្រារព្វធ្វើដើម្បីបិទបញ្ចប់ Ramadan ដែលជាខែបួសរបស់អ្នកកាន់សាសនាឥស្លាម ហើយវាមានរយៈពេលរហូតដល់ ២៩ ទៅ ៣០ថ្ងៃ។
ទោះបីភាគច្រើននៃអ្នកកាន់សាសនាឥស្លាម ប្រារព្ធពិធីបុណ្យ Eid al-Adha រយៈពេល ៤ថ្ងៃ បានចាប់ផ្តើមពីថ្ងៃអាទិត្យ ប៉ុន្តែសម្រាប់ជនមូស្លីមជាច្រើនរួមមាន អ្នកដែលកំពុងរស់នៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌា និងប៉ាគីស្ថាន បុណ្យសាសនានេះ បានចាប់ផ្តើម នាថ្ងៃទី១២ ខែសីហា ។
សូមបញ្ជាក់ថា បុណ្យសាសនា Eid al-Adha នេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយការសម្លាប់សត្វ ជាធម្មតា សត្វចៀម ពពែ ឬគោជាដើម ហើយសាច់ទាំងនោះ នឹងត្រូវចែករំលែកទៅកាន់មនុស្សដូចជា អ្នកជិតខាង សមាជិកគ្រួសារ និងអ្នកក្រីក្រជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com