កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកជំនាញ៖ Lampard ឡើងដឹកនាំដំបូង ចំពេលដែល Chelsea ជួបវិបត្តិដ៏អាក្រក់បំផុត
× អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសលោក Chris Sutton មើលឃើញថានេះជារដូវកាលដ៏អាក្រក់បំផុតរបស់លោក Frank Lampard សម្រាប់តំណែងជាអ្នកចាត់ការទូទៅក្រុម Chelsea។ ស្របពេល Chelsea មានកាតព្វកិច្ចច្រើនក្នុងការប្រជែងពានក្នុងស្រុក និង Champions League ប៉ុន្តែពួកគេបែជាបាត់បង់សមាជិកសំខាន់ ហើយថែមទាំងជាប់ពិន័យមិនឲ្យទិញកីឡាករចូលថែមទៀត។
ក្រុមតោខៀវ ក្រោមការដឹកនាំដំបូងរបស់ Lampard បានរងបរាជ័យធ្ងន់ករក្រោយចាញ់ Manchester United ៤-០ នាការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាល២០១៩-២០ កាលពីចុងសប្តហ៍កន្លងទៅ។ នេះក៏ជាបរាជ័យមិនធ្លាប់មានរបស់ Chelsea នៅទឹកដី Old Trafford ផងដែរ ចាប់តាំងពីឆ្នាំ១៩៦៥មក។
អតីតខ្សែបម្រើឆ្នើម សញ្ជាតិអង់គ្លេស វ័យ៤១ឆ្នាំបានចាកចេញពី Derby County ដើម្បីមកជំនួសតំណែងលោក Maurizio Sarri ដែលផ្លាស់ទៅ Juventus ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។
ស្របពេលការបង្ហាញខ្លួនដំបូងជាមួយលទ្ធផលដ៏អាក្រក់នេះ Chelsea បានបាត់បង់សមាជិកសំខាន់របស់ខ្លួន Eden Hazard ដែលចាក់ចេញទៅចូលរួមជាមួយ Real Madrid។ អ្វីដែលលំបាកជាងនេះទៅទៀតនោះ ក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍មួយនេះថែមទាំងត្រូវហាមមិនឲ្យទិញកីឡាករថ្មីចូលពេញមួយរដូវកាលនេះទៀតផង។
លោក Chris Sutton អតីតសមាជិកជម្រើសជាតិអង់គ្លេស ដែលសព្វជាអ្នកវិភាគបាល់ទាត់ឲ្យ BBC និង BT Sport
លោក Chris Sutton ដែលសព្វថ្ងៃជាអ្នកវិភាគកីឡាបាល់ទាត់ឲ្យកម្មវិធីទូរទស្សន៍ BBC និង BT Sport មើលឃើញស្ថានភាពរបស់ក្រុម Chelsea នៅពេលនេះមិនខុសអ្វីពីមានទូកហើយខ្វះអ្នកអុំនោះទេ។ នេះមានន័យថាក្រុមដែលមានម្ចាស់ជាសេដ្ឋីរុស្ស៊ីនេះ ត្រូវធ្វើការងារច្រើនដូចជាដណ្តើមពានលីគកំពូលអង់គ្លេស និងពានកំពូលអឺរ៉ុប Champions League តែមិនសូវមានធនធានកីឡាករល្អ។
«នេះប្រៀបបានដូចជាការឈានដល់វគ្គផ្តាច់ព្រ័ត្រវិញ្ញាសាចែវទូកនៅកីឡាអូឡាំពិក ហើយត្រូវស្វែងរកកីឡាករមកប្រកួតដណ្តើមពានអ៊ីចឹងដែរ។ ហើយនេះដូចជាអ្នកកំពុងបាត់បង់អ្នកចែវឆ្នើមដូចលោក Steve Redgrave ដែលម្ចាស់មេដាយមាសអូឡាំពិក៥ដូចគ្នា»។
លោក Sutton បានបន្តប្រាប់ BBC ទៀតថា៖« Lampard មានការងារធ្វើមួយដ៏អាក្រក់បំផុតនៅរដូវកាលដំបូងនេះ បន្ទាប់ពីក្រុមបានបាត់បង់កីឡាករឆ្នើមរបស់ពួកគេ។ Hazard បានជួយត្រួសត្រាយផ្លូវឲ្យ Chelsea ច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះគាត់ចាកចេញ ហើយក្លិបក៏មិនអាចនាំកីឡាករចូលទៀត។
ក្រោយបាត់បង់ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិក Hazard និងខ្សែការពារ David Luiz ដែលលក់ទៅ Arsenal ក្រុតោខៀវប្រើប្រាស់កីឡាករចំណូលថ្មីតែមួយរូបប៉ុណ្ណោះគឺខ្សែបម្រើ Christian Pulisic ដែលទិញមុនពេល UEFA ដាក់ពិន័យពីក្រុម Borussia Dortmund កាលពីខែមករា៕
© រក្សាសិទ្ធិដោយ thmeythmey.com