អន្តរជាតិ
ធ្វើបាតុកម្មរាប់ខែមកនេះ! តើអ្វីជាការទាមទាររបស់ក្រុមបាតុករហុងកុង? ប្រភពរូប៖ AFP
× ទីក្រុងហុងកុង មានភាពរង្គោះរង្គើជាខ្លាំង ដោយសាររងការធ្វើបាតុកម្មផ្ទួនៗជាច្រើន ចាប់តាំងដើមខែមិថុនាមក ពោលគឺឈានមកដល់សប្តាហ៍ទី១០ហើយ។ ជាញឹកញាប់ បាតុកម្មទាំងនេះ បញ្ចប់ដោយការប៉ះទង្គិចហិង្សារវាងកម្លាំងប៉ូលិសហុងកុង និងក្រុមបាតុករ ដែលសុទ្ធតែយុវជន អ្នកចេះដឹង និងក្រុមវណ្ណៈកណ្តាល ។
និយាយពីដើមចមនៃបាតុកម្មនេះ ដំបូងឡើយ ការធ្វើបាតុកម្មនេះ មានគោលដៅចម្បងប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យការធ្វើបត្យាប័នមនុស្សពីទីក្រុង ហុងកុង ទៅកាន់ប្រទេសចិន។ នៅទីនោះ គេជឿថា គណបក្សកម្មុយនីស្តចិន ក្តោបក្តាប់អំណាចតុលាការ។ ប្រជាជនហុងកុងជាច្រើន ព្រួយបារម្ភថា ច្បាប់នេះ នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីកម្ចាត់សត្រូវនយោបាយ។ វា ក៏នឹងមានន័យថា ដល់ទីអវសាននៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និង «សិទ្ធិមនុស្ស» ដែលប្រជាជនហុងកុងមាន ចាប់តាំងពីការប្រគល់អំណាចពីចក្រភពអង់គ្លេសទៅឲ្យចិន
កាលពីឆ្នាំ១៩៩៧។
ប្រជាជនរាប់ម៉ឺននាក់ បានចូលរួមធ្វើបាតុកម្មតាមដងផ្លូវដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដែលបង្កភាពចលាចលជាខ្លាំងក្នុងទីក្រុង ហុងកុង។ បាតុកម្មនេះ បានប្តូររូបភាពពីការធ្វើប្រចាំសប្តាហ៍ ទៅការធ្វើស្ទើរតែជារៀងរាល់ថ្ងៃតែម្តង។ ជាការទប់ទល់នឹងបាតុកម្មនេះ កម្លាំងប៉ូលិសហុងកុង បានប្រើប្រាស់ធម៌ក្តៅរួមមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម។
សំណើច្បាប់ដែលបើកផ្លូវដល់ការធ្វើការបត្យាប័នជាមួយចិនដោយគ្មានការកំណត់ ត្រូវបានផ្អាកដោយប្រធានប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam កាលពីពាក់កណ្តាល់ខែមិថុនា។ ប៉ុន្តែក្រុមបាតុករ នៅតែបន្តទាមទារឲ្យសេចក្តីព្រាងច្បាប់ដែលត្រូវបានដាក់ស្នើដោយរដ្ឋាភិបាលហុងកុង កាលពីខែកុម្ភះនេះ ត្រូវលុបចោលជាផ្លូវការទាំងស្រុងតែម្តង។ បន្ថែមពីការទាមទារឲ្យលោកស្រី Carrie Lam ចុះចេញពីតំណែង ខាងក្រោមនេះ គឺជាទាមទារផ្សេងទៀតរបស់ពួកគេ។
១៖ លុបចោលទាំងស្រុងនូវសេចក្តីព្រាងការធ្វើបត្យាប័ន ដែលបានដាក់ស្នើ។
២៖ រដ្ឋាភិបាលត្រូវដកហូតទៅវិញនូវការប្រើពាក្យថា «កុប្បកម្ម» ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម
៣៖ ដោះលែងដោយឥតលក្ខខណ្ឌនូវក្រុមបាតុករដែលត្រូវបានចាប់ខ្លួន និងបទចោទប្រកាន់ប្រឆាំងពួកគេ
៤៖ បើកការស៊ើបអង្កេតដោយឯករាជ្យមួយលើឥរិយាបថរបស់កម្លាំងប៉ូលិស អំឡុងពេលបាតុកម្ម
៥៖ អនុវត្តសិទ្ធិបោះឆ្នោតជាសាកលដែលពិតប្រាកដមួយ៕
Tag:
ហុងកុង
ចិន
បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com