ជាតិ
កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ទេសចរណ៍​យ៉ាងហោចណាស់​១​លាន​នាក់​នៅ​ឆ្នាំ​២០២០
13, Aug 2019 , 9:19 pm        
រូបភាព
លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលសិក្ខាមលើជំនាញទេសចរណ៍នៅសណ្ឋាគារភ្នំពេញកាលនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលសិក្ខាមលើជំនាញទេសចរណ៍នៅសណ្ឋាគារភ្នំពេញកាលនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
​ភ្នំពេញ​៖ ឆ្នាំ​២០២០ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ថ្មី​ចំនួន​២០​ម៉ឺន​នាក់​ទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវទេសចរ​ដែលជា​ជនជាតិ​ចិន​។ បើតាម​លោក ហោ មុនី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បច្ចុប្បន្ន អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​តែ​២០​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ឆ្លងកាត់​ការសិក្សា​ជំនាញ​ទេសចរណ៍ តាម​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ សាកលវិទ្យាល័យ​ទេសចរណ៍ និង​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១២​សីហា​។

 
​លោក​បាន​បន្ថែមថា ភ្ញៀវទេសចរ​ចិន គឺជា​ទីផ្សារ​លំដាប់​លេខ​មួយ​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ កាល​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​ចិន​ចំនួន​២​លាន​នាក់ កើនឡើង ៣៣​ភាគរយ​។ ដោយឡែក នៅ​ឆមាស​ទីមួយ​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​ចិន​ចំនួន ១​លាន​និង​២៩​ម៉ឺន​នាក់ កើនឡើង ៣៨,៧​ភាគរយ ហើយនឹង​កើនឡើង​ដល់ ២,៦​លាន​នាក់ នៅ​បំណាច់​ឆ្នាំ​២០១៩ និង​៣​លាន​នាក់ នៅ​ឆ្នាំ​២០២០​។​
 
​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ ថា កម្លាំង​ពលកម្ម​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​៦០​ម៉ឺន​នាក់ ហើយ​ឆ្នាំ​២០២០ កម្ពុជា ត្រូវការ​កម្លាំង​ពលកម្ម​រហូត​ជិត​១​លាន​នាក់ ដើម្បី​បំពេញការងារ​នានា​ក្នុង​វិស័យនេះ​។ ក្នុងនោះ​ផងដែរ យ៉ាងហោចណាស់​មាន​៥០​ភាគរយ​នៃ​ចំនួន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ទេសចរណ៍​សរុប ចាំបាច់​ត្រូវមាន​ជំនាញ​មួយ​ឱ្យ​ច្បាស់លាស់​។ ពោល​មនុស្ស​ម្នាក់ គឺ​ត្រូវមាន​ជំនាញ​មួយ​ឱ្យបាន​ច្បាស់លាស់ ក្នុង​វិស័យ​ទេសចរណ៍​។  
 
​កាល​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ កើនឡើង ១០.៧​ភាគរយ និង​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ​៤,៣៥៦​លាន​ដុល្លារ​។ នៅ​ឆ្នាំ​២០១៩ កម្ពុជា​រំពឹងថា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦.៧​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២០ ប្រមាណ​ជាង​៧​លាន​នាក់​៕ 
 

Tag:
 ទេសចរណ៍​
  ចិន​
  ពលកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com