ចិន ចង់​វិនិយោគ​លើ​ប្រព័ន្ធ​លូ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​លើកកម្ពស់​បរិស្ថាន​
ជាតិ
សង្គមជាតិ
ចិន ចង់​វិនិយោគ​លើ​ប្រព័ន្ធ​លូ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​លើកកម្ពស់​បរិស្ថាន​
13, Aug 2019 , 10:39 pm        
រូបភាព
ប្រភពរូប បានពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ។
ប្រភពរូប បានពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ។
​ភ្នំពេញ​៖ ក្រុមហ៊ុន​Yunnan របស់​ប្រទេស​ចិន មានបំណង​ចង់​វិនិយោគ លើ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ​។ ភាគី​ក្រុមហ៊ុន​ចិន បានលើកឡើង​ពី​បំណង​វិនិយោគ​នេះ នៅ​ចំពោះមុខ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១២ សីហា ។​

 
​លោក Lu Guo Bing អគ្គនាយក​ក្រុមហ៊ុន Yunnan ចិន បាន​និយាយថា ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន ដែល​ទាមទារ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ពិសេស​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់ ដើម្បី​លើកកម្ពស់​សោ​ភ​ណ័​ភាព រួមទាំង​ការរក្សា​បរិស្ថាន​ទីក្រុង​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍​នេះ​។  


លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចាប់ដៃជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៩៕​ ប្រភពរូប ពីរដ្ឋបាលខេត្តព្រះសីហនុ។
 
« ក្រុមហ៊ុន​ខ្ញុំ​បានមក​សិក្សា​ខ្លះៗ​នូវ​ប្រព័ន្ធ​លូ​ទាំងពីរ​ប្រភេទ​នេះ នៅ​ក្រុងព្រះសីហនុ តាំងពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ​មិនទាន់បាន​លម្អិត និង​ស៊ីជម្រៅ ហើយ​ប្រសិនជា​រដ្ឋបាលខេត្ត​អនុញ្ញាត ក្រុមហ៊ុន​នឹងសិក្សា​ប្លង់​ឱ្យ​លម្អិត ដើម្បី​ដាក់ជូន​រដ្ឋបាលខេត្ត​ធ្វើការ​ពិនិត្យ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ស្រង់​សម្តី​លោក Lu Guo Bing ។ 
 
​លោក គួច ចំរើន មិន​បដិសេធ​នូវ​បំណង​វិនិយោគ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ​របស់​ក្រុមហ៊ុន Yunnan នេះឡើយ​។ អភិបាលខេត្ត​រូបនេះ ស្នើឱ្យ​ក្រុមហ៊ុន​សិក្សា​ឱ្យបាន​ចប់ មុន​ថ្ងៃ​២៧​សីហា ឆ្នាំ​២០១៩ ដើម្បី​យកទៅ​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សិក្សា​វាយតម្លៃថា តើ​គម្រោង​នេះ​អាច​ទទួលយកបាន ឬ​មិនបាន​តាម​លក្ខណ​ជាក់ស្តែង ដើម្បី​កែលម្អ​សោភ័ណភាព​បរិស្ថាន​ក្រុង​ទេសចរណ៍​មួយ​នេះ​។​
 
«​ក្រុមហ៊ុន​ត្រូវមាន​ផែនការ គម្រោង​ប្លង់គោល​ត្រឹមត្រូវ​ថា​តើ មាន​ប្រព័ន្ធ​លូទឹក​ភ្លៀង​ប៉ុន្មាន​គីឡូម៉ែត្រ លូទឹកកខ្វក់​ប៉ុន្មាន​គីឡូម៉ែត្រ ទំហំ​លូ មុខកាត់​ប៉ុន្មាន​ម៉ែត្រ ស្ថានីយ​ចម្រោះ​ប៉ុន្មាន​កន្លែង បំពាក់​ម៉ាស៊ីន​ក្នុង​អាង​ចម្រោះ ហើយ​ការសាងសង់​រយៈពេល​ប៉ុន្មាន​ខែ ឆ្នាំ និង​តម្លៃ ដើម្បី​រដ្ឋបាលខេត្ត​យក​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិនិត្យ វាយតម្លៃ អនុម័ត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គួច ចំរើន​៕

Tag:
 វិនិយោគ​
 ​ចិន​
  ជំនន់​
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម