ជាតិ
សង្គមជាតិ
ចិន ចង់វិនិយោគលើប្រព័ន្ធលូនៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់បរិស្ថាន ប្រភពរូប បានពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ។
× ភ្នំពេញ៖ ក្រុមហ៊ុនYunnan របស់ប្រទេសចិន មានបំណងចង់វិនិយោគ លើប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។ ភាគីក្រុមហ៊ុនចិន បានលើកឡើងពីបំណងវិនិយោគនេះ នៅចំពោះមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ សីហា ។
លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន បាននិយាយថា ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ដែលទាមទាររៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព រួមទាំងការរក្សាបរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍នេះ។
លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចាប់ដៃជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៩៕ ប្រភពរូប ពីរដ្ឋបាលខេត្តព្រះសីហនុ។
« ក្រុមហ៊ុនខ្ញុំបានមកសិក្សាខ្លះៗនូវប្រព័ន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣។ ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ ហើយប្រសិនជារដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុននឹងសិក្សាប្លង់ឱ្យលម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ»។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ដែលបានស្រង់សម្តីលោក Lu Guo Bing ។
លោក គួច ចំរើន មិនបដិសេធនូវបំណងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុរបស់ក្រុមហ៊ុន Yunnan នេះឡើយ។ អភិបាលខេត្តរូបនេះ ស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់ មុនថ្ងៃ២៧សីហា ឆ្នាំ២០១៩ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍មួយនេះ។
«ក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោលត្រឹមត្រូវថាតើ មានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយៈពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត»។ នេះជាការបញ្ជាក់របស់លោក គួច ចំរើន៕
Tag:
វិនិយោគ
ចិន
ជំនន់
ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com