ជាតិ
នយោបាយជាតិ
សម្ដេច ស ខេង៖ ធ្វើឲ្យរដ្ឋបាលខ្លាំង ទើបប្រទេសជាតិមិនដួល ពេលមានបញ្ហានយោបាយ រូបពីហ្វេសប៊ុកសម្ដេច ស ខេង
× ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីសម្ដេច ស ខេង បានលើកឡើងថា ធ្វើឲ្យរដ្ឋបាលសាធារណៈរបស់ប្រទេសជាតិរឹងមាំ ទើបពេលមានបញ្ហានយោបាយ មិនទាញឲ្យដំណើរការប្រទេសជាតិជួបបញ្ហាធ្ងន់ធ្ងរ ឬដួលរលំ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងដូចនេះក្នុងវេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៣ខែសីហា ។
«ប្រទេសនីមួយៗ ត្រូវតែរៀបចំរដ្ឋបាលសាធារណៈយ៉ាងម៉េចឲ្យខ្លាំង។ បើរដ្ឋបាលសាធារណៈខ្លាំង ចង់នយោបាយយ៉ាងម៉េច(នយោបាយមានបញ្ហា) ក៏វាអត់អីដែរ បើរដ្ឋបាលសាធារណៈមិនខ្លាំងទេ នយោបាយដួល គឺដួលទាំងអស់ ប្រទេសជាតិដួល»។ នេះជាប្រសាសន៍សម្ដេច ស ខេង ។ សម្ដេចបន្តដូច្នេះថាទៀតថា៖«ឥឡូវគោលដៅយើងចង់បានអ្វី? តាមខ្ញុំគឺចង់បានបែបហ្នឹង គឺរដ្ឋបាលសាធារណៈមួយដែលរឹងមាំ មានគុណភាព»។
សម្ដេច ស ខេង បានលើកយកករណីប្រទេសជិតខាង ដែលសម្ដេចចង់សំដៅប្រទេសថៃ ដែលកម្ពុជាអាចរៀនសូត្របាន។ សម្ដេចថ្លែងបែបនេះថា៖«ប្រទេសជិតខាងយើង គណបក្សនយោបាយឈ្លោះយ៉ាងម៉េចឈ្លោះទៅ ប៉ុន្តែរដ្ឋបាលរបស់គេ គឺរឹងមាំ សេដ្ឋកិច្ចនៅតែដើរអ៊ីចឹង។ គួររៀនសូត្រពីបណ្ដាប្រទេសដែលគេដើរទៅមុខបាន»៕
© រក្សាសិទ្ធិដោយ thmeythmey.com