ជាតិ
កម្ពុជា​ប្រតិកម្ម​ចំពោះ​គម្រោងការ​ដាក់ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​អាមេរិក​នៅ​អាស៊ី​
14, Aug 2019 , 1:39 pm        
រូបភាព
រូបភាព៖ Xiangshan Forum
រូបភាព៖ Xiangshan Forum
ដោយ: VOA
​វ៉ាស៊ីនតោន ៖ នៅក្រោយ​ពេលដែល​អាមេរិក​ប្រកាស​ដាក់ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ក្នុង​តំបន់​អាស៊ី​កម្ពុជា​ចូលរួម​ជាមួយនឹង​តំបន់​ក្នុង​ការធ្វើ​ប្រតិកម្ម​ប្រយ័ត្នប្រយែង​មួយ​ចំពោះ​គម្រោងការ​ដាក់ពង្រាយ​កាំជ្រួច​និង​ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល​អាមេរិក​។​

 
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ចេញ​ប្រតិកម្ម​ប្រយ័ត្នប្រយែង​ចំពោះ​គម្រោងការ​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​ចង់​ដាក់ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​និង​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​នៅក្នុង​តំបន់​អាស៊ី ដោយបាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​សន្តិភាព​។​
 
​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​ពី​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ លោក​ទៀ បាញ់ បាន​អះអាងថា លោក​មិនអាច​រារាំង​គម្រោងការ​របស់​អាមេរិក​បានទេ ទោះជា​លោក​បញ្ចេញ​ប្រតិកម្ម​រឿងនេះ​ក្តី​។​
 
«​ព្រោះ​គេ​តែងតែ​ធ្វើ​របៀបនេះ​មិន​ត្រឹមតែ​ថ្មីៗ​ទេ គេ​ធ្វើ​មក​គ្រប់​ទិស​គ្រប់​ទី​តែ​ទាំងអស់​ហ្នឹង គេ​ធ្វើ​មកជា​រៀងរហូត​ហ្នឹង​។ រឿង​ហ្នឹង​គឺ​វា​ជាធម្មតា​របស់គេ​ទៅហើយ ព្រោះ​មហិច្ឆតា​របស់គេ​គឺ​មានតែ​ប៉ុណ្ណឹង​ត‍ើ​»​។​
 
​លោក​រដ្ឋមន្ត្រី​ការពារជាតិ បាន​បន្ថែមថា កម្ពុជា​ក៏ដូចជា​ប្រទេស​ក្នុង​តំបន់ គឺ​ប្រកាន់យក​សន្តិសុខ​និង​សន្តិ​ភាពជា​ស្នូល ដូចជា​ការលើកឡើង​ព្រម​គ្នា​ក្នុង​បទ​អន្តរាគមន៍​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​និង​អាស៊ាន​បូក​ក្តី​។​
 
«​រឿង​បារម្ភ រឿង​អីហ្នឹង គឺ​វា​ជា​រឿង​មួយបែប​ទេ គឺ​តាម​ស្មារតី​របស់​យើង គឺ​យើង​នៅតែ​គាំទ្រ​និង​ឲ្យ​តម្លៃ​ហ្នឹង​ខ្លាំងក្លា​ណាស់​ចំពោះ​សុខសន្តិភាព​ដែល​យើង​ទទួលយកបាន​។ ចំពោះ​កិច្ចការងារ​នេះហើយ​ដែល​យើង​តែងតែមាន​សុ​ឆន្ទៈ​ចូលរួម​ជាមួយនឹង​បណ្តា​ប្រទេស​មួយចំនួន ដែល​ហៅថា​ចង់បាន​សុខសន្តិភាព​ពេញលេញ​របស់ខ្លួន​ហ្នឹង គឺ​យើង​តែងតែ​បំពេញការងារ​នេះ រួមទាំង​ការចាត់​បញ្ជូន​កម្លាំង​ទៅ​ប្រតិបត្តិ​ការរក្សា​សន្តិភាព តាម​សំណូមពរ​របស់​អ​.​ស​.​ប យើង​តែងតែ​បំពេញ​រឿង​ហ្នឹង​គឺ​យ៉ាង​ទៀងទាត់​យ៉ាង​ពេញលេញ ហើយ​ព្រមទាំង​ប្តូរផ្តាច់​ធ្វើ​ភារកិច្ច​នេះ​ដោយសារតែ​យើង​ចង់បាន​សុខសន្តិភាព​នោះ​ឯ​ង‍​»​។​
 
​នៅពេល​សួរ​អំពី​ការសម្រេចចិត្ត​របស់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ ឬ​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​កំពុង​ពិភាក្សាគ្នា​លើ​ការអនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​អាមេរិក​ដាក់ពង្រាយ​កាំជ្រួច​ឬ​យ៉ាងណា​នោះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារជាតិ​បាន​អះអាងថា​៖
 
«​រឿងនេះ​វា​ទៅតាម​សិទ្ធិអំណាច អធិបតេយ្យ​របស់​ប្រទេស​រៀងៗ​ខ្លួន​ទេ ចំពោះ​កម្ពុជា​យើង​គឺ​យើង​មានច្បាប់​កំពូល​របស់​ប្រទេស​យើង គឺ​បានបញ្ជាក់​ច្បាស់លាស់​ណាស់​រឿង​ការពង្រាយ អនុញ្ញាត​ឲ្យ​មាន​ទីតាំង (​យោធា​) អីហ្នឹង​គឺ​មិនបាន​ជាដាច់ខាត​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ប្រទេស​ដ៏​ទៃ ខ្ញុំ​ពិបាក​នឹងមាន​យោបល់​ជំនួស​គេ​ណាស់ មិន​ហ៊ាន​មាន​យោបល់​ប៉ះពារ​ទៅលើ​គេ​ទេ នោះ​ជា​សិទ្ធិ​និង​អធិបតេយ្យ​របស់គេ ដូច្នេះ​ខ្ញុំ​មិនអាច​ទៅ​លូកលាន់​ទៅនឹង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពួកគេ​ទ‍េ​»​។​
 
​ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការចង់​ដាក់ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​របស់​អាមេរិក ដោយបាន​និយាយថា នេះ​ជា​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ស្ថិរភាព សន្តិសុខ ហើយ​បាន​ហៅថា​នេះ​ជា​លេស​ក្នុង​ការកសាង​គ្រឿង​ស​ញ្វា​វុ​ធ​។ ចិន​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ប៉ុន្មាន​ថ្ងៃនេះ​ថា ចិន​នឹងមិន​ឈរ​ឱបដៃ​មើល​ដោយ​ឥតប្រយោជន៍​ទេ តែ​នឹង​បង្ខំចិត្ត​ប្រើ​វិធាន​ការតបត​វិញ ប្រសិនបើ​អាមេរិក​ដាក់ពង្រាយ​កាំជ្រួច​បាញ់​ក្នុង​រយៈ​ចម្ងាយ​មធ្យម​នៅលើ​ដែនដី​អាស៊ី​ដែលជា​ផ្នែក​មួយ​របស់ ពិភពលោក​ន‍ោះ​។​
 
​លោក​សាស្ត្រាចារ្យ​បណ្ឌិត ហ្សា​ការី អា​ប៊ូ​ហ្សា (Zachary Abuza) នៃ​មហាវិទ្យាល័យ សង្គ្រាម​អាមេរិក the National War College នៃ​សាកលវិទ្យាល័យ National Defense University ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែងថា ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​រង​សម្ពាធ​។​
 
«​ប្រសិនបើ​អាមេរិក​ទៅ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​ចាប់ផ្តើម​ចរចា​ជាមួយ​ប្រទេស​ទាំងនោះ​អំពី​ការដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​លបាញ់​រយៈ​ចម្ងាយ​មធ្យម ពេលនោះ​នឹង​បន្ថែម​ទម្ងន់​លើ​សម្ព័ន្ធមិត្ត ដែល​ស្ថិតក្រោម​ការលំបាក​រួច​ជាស្រេច​ហើយ​នោះ​។ ខ្ញុំ​អាច​ស្រមៃ​ពី​សម្ពាធ​ជា​សាធារណៈ​ប្រឆាំងនឹង​មូលដ្ឋាន​ដាក់ពង្រាយ​កាំជ្រួច​មី​ស៊ី​លបាញ់​រយៈ​ចម្ងាយ​មធ្យម នឹង​ជា​រឿង​ត្រូវ​ដោះស្រាយ​យ៉ាងច្បាស់​។ សូម​កុំភ្លេចថា សម្ពាធ​របស់​អឺរ៉ុប​ខាងលិច​គឺជា​អ្វីដែល​បង្ខំ​ឲ្យ​អាមេរិក​ចូលរួម​តុ​ចរចា​ជាមួយ​រុស្ស៊ី ដើម្បី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែ INF​។ ប្រសិនបើ​សម្ព័ន្ធមិត្ត​បដិសេធ​មិន​ឲ្យ​មានការ​ដាក់ពង្រាយ​ទៅវិញ នោះ​សហរដ្ឋអាមេរិក​មើលទៅ​ដូចជា​ខ្សោ​យ‍​»​។​
 
​លោក​បាន​បន្ត​ជា​សំណួរ​ថា បើ​អាមេរិក​ដាក់ពង្រាយ​នៅ​ដែនដី​តៃវ៉ាន់ តើ​នោះ​គឺជា​ការត្រៀម​វាយប្រហារ​ចិន​ទេ​? នោះ​ពិតជា​ការសម្រេចចិត្ត​ដ៏​អាក្រក់​ណាស់ ដែល​នឹង​នាំ​ឲ្យ​អន្តរាយ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី តែ​បាន​ស្តីបន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ការដកខ្លួន​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែ INF​។​
 
«​ខ្ញុំ​គិតថា ការសម្រេចចិត្ត​របស់​អាមេរិក​ក្នុងការ​ដកខ្លួន​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែ INF គឺជា​រឿង​ដ៏​អាក្រក់​មួយ​សម្រាប់​សន្តិសុខ​អាមេរិក​និង​តំបន់​។ ខ្ញុំ​អាច​យល់បាន​ទាំងស្រុង​ថា ចិន​មិនមែនជា​ភាគី​នៃ​សន្ធិសញ្ញា​នុយក្លេអ៊ែ INF ហើយ​បានដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​លបាញ់​រយៈ​ចម្ងាយ​មធ្យម​យ៉ាងច្រើន​ក្នុង​តំបន់​។ តែ​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​បានធ្វើ​ឲ្យ​ខូច​ដល់​ជំនឿ​ទុក​ចិត្តជា​អន្តរជាតិ​ទៅមុខទៀត ដែលថា​អាមេរិក​និង​គោរព​តាម​ការប្តេជ្ញា​តាម​សន្ធិសញ្ញា​របស់ខ្លួន​។ ខ្ញុំ​ដឹងថា រុស្ស៊ី​បោក​បញ្ឆោត​ចំពោះ​សន្ធិសញ្ញា​នុយក្លេអ៊ែ INF បើដូច្នោះ​ត្រូវ​ឲ្យ​រុស្ស៊ី​ចេញ មិនត្រូវ​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្តជា​សា​ធារ​ណ‍ៈ​ទេ​»​។​


រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅក្នុងបន្ទប់ផ្សាយ​ ក្នុងរាជធានី​ភ្នំពេញ​។
 
​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន ចក្ខុវិស័យ​អាស៊ី បាន​ថ្លែងថា ការដកខ្លួន​របស់​អា​មេ​រិ​ក​ចេញពី​សន្ធិសញ្ញា​នេះ​មាន​គោលដៅ​ម្យ៉ាង គឺ​តម្រង់​ទៅលើ​ចិន​ដែល​កំពុង​កើន​ឥទ្ធិពល​ខ្លាំង​ក្នុង​តំបន់​អាស៊ី​។​
 
«​ក៏ប៉ុន្តែ ការពិត​ជាក់ស្តែង​គឺ​សហរដ្ឋអាមេរិក​គឺ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ហ្នឹង​ដើម្បី​មក​ដាក់​នូវ​មី​ស៊ី​ល​រយៈពេល​មធ្យម ដើម្បី​គេ​ហៅថា​មាន​គោលដៅ​ហ្នឹង​ទៅ​ចិន​វិញ​។ អីចឹង​ទេ​រឿង​ហ្នឹង​វា​ជា​អ្វីមួយ​នៃ​ការវិវត្តន៍​ថ្មី ហើយ​លឿន ហើយ​វា​ជាការ​ភ្ញាក់ផ្អើល​មួយ​ដែរ នៅក្នុង​ពេលដែល​អាមេរិក​កំពុងតែ​ពិភាក្សា​ជាមួយនឹង​ដៃគូ​យុទ្ធសាស្ត្រ​ក៏ដូចជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ដូចជា​អូស្ត្រាលី ជប៉ុន ហើយ​និង​កូរ៉េខាងត្បូង​ហ្នឹង​ដើម្បី​ដាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ហ្នឹង​ក្នុងទិសដៅ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ចិន​ហ្នឹង​តែ​ម្ត​ង‍​»​។​
 
​លោក ឈាង វណ្ណា​រិ​ទ្ធ បាន​បន្តថា ចិន​ពិតជា​ត្រូវ​ប្រតិកម្ម​ខ្លាំង​ចំពោះ​គម្រោងការ​ដាក់ពង្រាយ​កាំជ្រួច​សហរដ្ឋអាមេរិក​។​
 
«​ហើយ​ប្រតិកម្ម ខ្ញុំ​គិតថា ចិន​នឹង​ប្រតិកម្ម​ខ្លាំង​ចំពោះ​បញ្ហា​ហ្នឹង ហើយ​អាច​នឹងដាក់​នៅ​កាំជ្រួច​មី​ស៊ី​ល​របស់ខ្លួន​នៅតាម​សមុទ្រ​ចិន​ខាងត្បូង កោះ​សិប្បនិម្មិត​ដែល​ខ្លួន​បាន​បង្កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ អីចឹង​វា​អាចឈាន​ទៅដល់​ការប្រកួតប្រជែង​មី​ស៊ី​ល​មួយ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហ្នឹ​ង‍​»​។​
 
​សហរដ្ឋអាមេរិក​កាលពីដើម​ខែសីហា បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែ​កម្រិត​មធ្យម​ហៅថា Intermediate Range Nuclear Forces (INF) ដើម្បី​បង្កើត​កាំជ្រួច​ថ្មី​របស់ខ្លួន បន្ទាប់ពី​រុស្ស៊ី​បដិសេធ​មិន​ព្រម​បំផ្លាញ​កាំជ្រួច​មី​ស៊ី​ល​ថ្មី របស់ខ្លួន​ដែល​អង្គការ​អូតង់ បាន​និយាយថា​រុស្ស៊ី​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នោះ​។​
 
​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo បាន​បញ្ជាក់ថា​៖ «​ប្រទេស​រុស្ស៊ី​បាន​ខកខាន​ក្នុងការ​ធ្វើតាម​លក្ខខណ្ឌ​ដែល​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ពេញលេញ ទាក់ទង​នឹង​ការ​បំផ្លាញចោល​ប្រព័ន្ធ​កាំជ្រួច​ដែល​មិន​ស្រប​តាមច្បាប់​របស់ខ្លួន​ប្រភេទ SSC-8 or 9M729 ដែលជា​កាំជ្រួច​មី​ស៊ី​លបាញ់​ចេញពី​ដី​កាំជ្រួច​បាញ់​ចេញពី​នាវា ក្នុង​រយៈ​ចម្ងាយ​មធ្យម​ហើយ​រុស្ស៊ី​ត្រូវតែ​ទទួលខុសត្រូវ​ម្នាក់ឯង​ចំពោះ​ការបរាជ័យ​មិន​ធ្វើតាម​សន្ធិសញ្ញា​ន‍េះ​»​។​
 
​សហរដ្ឋអាមេរិក​នឹងមិន​អាច​បន្ត​នៅ​ជា​ភាគី​ចំពោះ​សន្ធិសញ្ញា​ដែល​ប្រទេស​រុស្ស៊ី​បាន​រំលោភ​ទាំង​កម្រោល​នេះ​បន្តទៀត​ទេ​។ ការមិនធ្វើ​តាមច្បាប់​និង​សន្ធិសញ្ញា​របស់​រុស្ស៊ី​នេះ​បំផ្លាញ​ឧ​ត្ត​ម​ប្រយោជន៍​សហរដ្ឋអាមេរិក ហើយ​និង​បញ្ជាក់ថា រុស្ស៊ី​កំពុង​គំរាមកំហែង​ត្រង់ៗ​ចំពោះ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត និង​ដៃគូ​អាមេរិក​។ លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក Mark Esper វិញ​បាន​បញ្ជាក់ដែរថា ការដកខ្លួន​របស់​អា​មេ​រិ​ក នឹង​នាំ​ឲ្យ​មានការ​បង្កើត​កាំជ្រួច​មី​ស៊ី​ល​ថ្មី​ជាធម្មតា​ដោយ​ខ្លួនឯង​។​
 
​អ្នកនាំពាក្យ​មួយរូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយថា ការសម្រេចចិត្ត​យ៉ាងណា​ចំពោះ​ការដាក់​ពង្រាយ​កាំជ្រួច ឬ​មិន​ដាក់​វា​ជា​អធិបតេយ្យ​របស់​ប្រទេស និង​មេដឹកនាំ​រដ្ឋាភិបាល​ក្នុង​តំបន់ តែ​ការសម្រេចចិត្ត​ណាមួយ​ដែល​បាន​ធ្វើឡើង​នឹងត្រូវ​ធ្វើ​ដោយ​ការពិភាក្សា​ជាមួយនឹង​សម្ព័ន្ធមិត្ត មិនមែនជា​ការសម្រេច​របស់​សហរដ្ឋអាមេរិក​ជា​ឯកតោភាគី​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com