អន្តរជាតិ
ចិន បដិសេធសំណើចូលចតនៅហុងកុងរបស់នាវាចម្បាំងអាមេរិកពីរគ្រឿង នាវាទ័ពជើងទឹកអាមេរិក_USS_Green_Bay
× ចិន បានបដិសេធសំណើចូលចតនៅហុងកុងរបស់នាវាទ័ពជើងទឹកអាមេរិកចំនួនពីរគ្រឿង។ នេះបើតាមការប្រកាសរបស់យោធាជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកនៅថ្ងៃទី១៣ ខែសីហា។ យោធាអាមេរិក មិនបានបញ្ជាក់ពីហេតុផលដែលចិនបដិសេធឡើយ ហើយរុញឲ្យទៅសួរក្រុងប៉េកាំងវិញ។ ប៉ុន្តែវាទំនងជាទាក់ទងការធ្វើបាតុកម្មនៅហុងកុង ដែលក្រុងប៉េកាំងធ្លាប់ចោទក្រុងវ៉ាស៊ីនតោនថា មានជាប់ពាក់ព័ន្ធនោះ។
អ្នកនាំពាក្យរងកងទ័ពជើងទឹកអាមេរិកនៅប៉ាស៊ីហ្វិក លោក Nate Christensen និយាយថា រដ្ឋាភិបាលចិន មិនបានផ្ដល់ការអនុញ្ញាតឲ្យនាវា USS Green Bay និងនាវា USS Lake Erie ចូលចតនៅកំពង់ផែក្រុងហុងកុងឡើយ។ នាវា USS Green Bay ជានាវាដឹកជញ្ជូន ដែលគ្រោងទៅដល់ហុងកុងនៅចុងសប្ដាហ៍នេះ ខណៈនាវា USS Lake Erie ដែលជានាវាប្រយុទ្ធបំពាក់មីស៊ីលផងនោះ គ្រោងធ្វើទស្សនកិច្ចនៅបីខែទៀត។
អ្នកនាំពាក្យដដែល មិនបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងការបដិសេធរបស់ក្រុងប៉េកាំងឡើយ តែសង្ឃឹមថា ការចូលចតរបស់នាវាអាមេរិកដែលធ្លាប់កើតឡើងមានពេលកន្លងមក នឹងបន្តមានទៀត។ ក្នុងសេចក្ដីប្រកាសថ្ងៃទី១៣ ខែសីហា លោក Christensen បានរុញសំណួរពាក់ព័ន្ធមូលហេតុនេះទៅឲ្យរដ្ឋាភិបាលចិនវិញ បើមានការចង់ដឹងព័ត៌មានបន្ថែម។
បាតុកម្មដែលកំពុងញាប់ញ័រនៅហុងកុង អាចជាមូលហេតុដែលប៉េកាំងទាត់ចោលសំណើរបស់យោធាអាមេរិក ខណៈកាលពីខែមិថុនាកន្លងទៅ ពេលជម្លោះពាណិជ្ជកម្មនៅតានតឹងក្ដី នាវាចម្បាំងអាមេរិកមួយគ្រឿងនៅអាចចូលចតកំពង់ផែហុងកុងបានដដែល។ ពេលចុងក្រោយដែលចិនបដិសេធសំណើទស្សនកិច្ចរបស់នាវាអាមេរិក គឺខែកញ្ញា ឆ្នាំ២០១៨ ក្រោយអាមេរិកប្រកាសទណ្ឌកម្មលើយោធាចិនដែលទិញអាវុធពីរុស្ស៊ី។
កន្លងមក ប៉េកាំង បានចោទក្រុងវ៉ាស៊ីនតោនចំៗថា បំផុសឲ្យមានចលនាតវ៉ានៅហុងកុង ក្រោយបែកធ្លាយជំនួបរវាងអ្នកការទូតអាមេរិកប្រចាំហុងកុង និងសកម្មជនគាំទ្រប្រជាធិបតេយ្យ។ ប៉ុន្តែប៉េកាំងក៏មិនបានផ្ដល់ភស្តុតាងជាក់លាក់ជាងនេះដែរ។ ម្ដងហើយម្ដងទៀត មន្ត្រីអាមេរិកក៏និយាយរិះគន់ចំណាត់ការរបស់ប៉ូលិសហុងកុងក្នុងការបង្ក្រាបបាតុករ និងព្រមានចិនមិនត្រូវប្រើប្រាស់កម្លាំងជ្រុលទៀតផង។ ចិនហៅការទាមទាររបស់អាមេរិក ជាការបំពានកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
នៅអាមេរិក មិនមែនតែក្រសួងការបរទេសទេ សូម្បីតែសមាជិកជាន់ខ្ពស់សភាអាមេរិក ក៏ចេញមុខនិយាយរឿងបាតុកម្មនៅហុងកុងនេះដែរ។ លោក Mitch McConnell ប្រធានបក្សភាគច្រើននៃព្រឹទ្ធសភាអាមេរិក បានព្រមានថា ការបង្ក្រាបណាមួយលើបាតុករ ជារឿងមិនអាចទទួលបានដាច់ខាត នៅពេលដែលប្រជាជនហុងកុងហ៊ានចេញមុខតតាំងបក្សកុម្មុយនីស្តចិន ដែលបំពានសិទ្ធសេរីភាព និងស្វ័យភាពរបស់ពួកគេ៕
Tag:
ចិន
ហុងកុង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com