អន្តរជាតិ
ចិន បដិសេធ​សំណើ​ចូល​ចត​នៅ​ហុងកុង​របស់​នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង​
14, Aug 2019 , 11:35 am        
រូបភាព
នាវាទ័ពជើងទឹកអាមេរិក_USS_Green_Bay​
នាវាទ័ពជើងទឹកអាមេរិក_USS_Green_Bay​
​ចិន បាន​បដិសេធ​សំណើ​ចូល​ចត​នៅ​ហុងកុង​របស់​នាវា​ទ័ពជើងទឹក​អាមេរិក​ចំនួន​ពីរ​គ្រឿង​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​ជើង​ទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​១៣ ខែសីហា​។ យោធា​អាមេរិក មិនបាន​បញ្ជាក់​ពី​ហេតុផល​ដែល​ចិន​បដិសេធ​ឡើយ ហើយ​រុញ​ឲ្យ​ទៅ​សួរ​ក្រុង​ប៉េកាំង​វិញ​។ ប៉ុន្តែ​វា​ទំនងជា​ទាក់ទង​ការធ្វើ​បាតុកម្ម​នៅ​ហុងកុង ដែល​ក្រុង​ប៉េកាំង​ធ្លាប់​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា មាន​ជាប់​ពាក់ព័ន្ធ​នោះ​។

 
​អ្នកនាំពាក្យ​រង​កងទ័ព​ជើង​ទឹក​អាមេរិក​នៅ​ប៉ាស៊ីហ្វិក លោក Nate Christensen និយាយថា រដ្ឋាភិបាល​ចិន មិនបាន​ផ្ដល់​ការអនុញ្ញាត​ឲ្យ​នាវា USS Green Bay និង​នាវា USS Lake Erie ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ហុងកុង​ឡើយ​។ នាវា USS Green Bay ជា​នាវា​ដឹកជញ្ជូន ដែល​គ្រោង​ទៅដល់​ហុងកុង​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​នាវា USS Lake Erie ដែលជា​នាវា​ប្រយុទ្ធ​បំពាក់​មី​ស៊ី​ល​ផង​នោះ គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​បី​ខែ​ទៀត​។​
 
​អ្នកនាំពាក្យ​ដដែល មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការបដិសេធ​របស់​ក្រុង​ប៉េកាំង​ឡើយ តែ​សង្ឃឹមថា ការចូល​ចត​របស់​នាវា​អាមេរិក​ដែល​ធ្លាប់​កើតឡើង​មាន​ពេលកន្លងមក នឹង​បន្ត​មាន​ទៀត​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១៣ ខែសីហា លោក Christensen បាន​រុញ​សំណួរ​ពាក់ព័ន្ធ​មូលហេតុ​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​វិញ បើ​មានការ​ចង់ដឹង​ព័ត៌មាន​បន្ថែម​។ 
 
​បាតុកម្ម​ដែល​កំពុង​ញាប់​ញ័រ​នៅ​ហុងកុង អាចជា​មូលហេតុ​ដែល​ប៉េកាំង​ទាត់ចោល​សំណើ​របស់​យោធា​អាមេរិក ខណៈ​កាលពី​ខែមិថុនា​កន្លងទៅ ពេល​ជម្លោះ​ពាណិជ្ជកម្ម​នៅ​តានតឹង​ក្ដី នាវាចម្បាំង​អាមេរិក​មួយគ្រឿង​នៅ​អាច​ចូល​ចត​កំពង់ផែ​ហុងកុង​បាន​ដដែល​។ ពេល​ចុងក្រោយ​ដែល​ចិន​បដិសេធ​សំណើ​ទស្សនកិច្ច​របស់​នាវា​អាមេរិក គឺ​ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយ​អាមេរិក​ប្រកាស​ទណ្ឌកម្ម​លើ​យោធា​ចិន​ដែល​ទិញ​អាវុធ​ពី​រុស្ស៊ី​។ 
 
​កន្លងមក ប៉េកាំង បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ចំៗ​ថា បំផុស​ឲ្យ​មាន​ចលនា​តវ៉ា​នៅ​ហុងកុង ក្រោយ​បែកធ្លាយ​ជំនួប​រវាង​អ្នកការទូត​អាមេរិក​ប្រចាំ​ហុងកុង និង​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ប៉េកាំង​ក៏​មិនបាន​ផ្ដល់​ភស្តុតាង​ជាក់លាក់​ជាង​នេះដែរ​។ ម្ដង​ហើយ​ម្ដងទៀត មន្ត្រី​អាមេរិក​ក៏​និយាយ​រិះគន់​ចំណាត់ការ​របស់​ប៉ូលិស​ហុងកុង​ក្នុងការ​បង្ក្រាប​បាតុករ និង​ព្រមាន​ចិន​មិនត្រូវ​ប្រើប្រាស់​កម្លាំង​ជ្រុល​ទៀតផង​។ ចិន​ហៅ​ការទាមទារ​របស់​អាមេរិក ជាការ​បំពាន​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។​
 
​នៅ​អាមេរិក មិនមែន​តែ​ក្រសួងការបរទេស​ទេ សូម្បីតែ​សមាជិក​ជាន់ខ្ពស់​សភា​អាមេរិក ក៏​ចេញមុខ​និយាយ​រឿង​បាតុកម្ម​នៅ​ហុងកុង​នេះដែរ​។ លោក Mitch McConnell ប្រធាន​បក្ស​ភាគច្រើន​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​ព្រមាន​ថា ការបង្ក្រាប​ណាមួយ​លើ​បាតុករ ជា​រឿង​មិនអាច​ទទួលបាន​ដាច់ខាត នៅពេលដែល​ប្រជាជន​ហុងកុង​ហ៊ាន​ចេញមុខ​តតាំង​បក្ស​កុម្មុយនីស្ត​ចិន ដែល​បំពាន​សិទ្ធ​សេរីភាព និង​ស្វ័យភាព​របស់​ពួកគេ​៕  

Tag:
 ចិន​
  ហុងកុង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com