អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​ប្រកាសថា «​អេ​បូ​ឡា​»​លែង​ជា​ជំងឺ​សាហាវ​ព្យាបាល​មិន​សះស្បើយ​ទៀតហើយ
14, Aug 2019 , 12:06 pm        
រូបភាព
ដោយ៖ ឈួន ឈី​វ​អ៊ីង
 
​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា ជំងឺ​ដ៏​កាច​សាហាវ​អេ​បូ​ឡា​អាច​ព្យាបាល​បាន​ហើយ បន្ទាប់ពី​មានការ​ស្រាវជ្រាវ​រកឃើញ​វិធីសាស្ត្រ​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ចំនួន​ពីរ​នៅ​សប្តាហ៍​នេះ​។

 
​ការពិសោធន៍​វេជ្ជសាស្ត្រ​ចំនួន​ពីរ​លើ​ការព្យាបាល​ជំងឺ​អេ​បូជា​ការផ្តល់​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ជាពិសេស​នៅ​រដ្ឋ​អាហ្វ្រិក​កុង​ហ្គោ​ដែលមាន​ប្រជាជន​ច្រើន​នាក់​ស្លាប់បាត់​បង់ជីវិត​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Washington Post ថ្នាំ​ដែល​ត្រូវបាន​ធ្វើតេស្ត​និង​ព្យាបាល​សាកល្បង​អស់​រយៈពេល​ជិត ៩​ខែ មាន​ប្រសិទ្ធ​ភាពល្អ​។ ដូច្នេះ​អ្នកជំនាញ​ផ្នែក​សុខភាព​នឹង​ផ្តល់​ថ្នាំ​នេះ​ទៅ​ឲ្យ​អ្នកជំងឺ​ទាំងអស់​នៅ ប្រទេស​កុង​ហ្គោ​។​
 
​លោក​វេជ្ជបណ្ឌិត​ជនជាតិ​កុង​ហ្គោ Jean-Jacques Muyembe Tamfum បាន​ចំណាយពេល​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​អេ​បូ​ឡា​បាន​ជោគជ័យ​។ លោក​បាន​លើកឡើងថា​៖«​វា​សឹងតែ​ជា​រឿង​មិនគួរ​ឲ្យ​ជឿ​ដែលមាន​ថ្ងៃនេះ ចាប់ពីពេលនេះ​ទៅ យើង​លែង​និយាយថា​អេ​បូ​ឡា​ព្យាបាល​មិនជា​ទៀតហើយ​»​។​
 
​ជំងឺ​ដ៏​សាហាវ​បំផុត​ទី ពី​រលើ​ពិភពលោក​នេះ​បាន​រា​ត​ត្បា​យ​និង​ឆ្លង​ដល់​មនុស្ស​ជិត ២,៨០០​នាក់ និង​បានសម្លាប់​មនុស្ស​ជិត ១.៩០០​នាក់ ចាប់តាំងពី​ពេលដែល​ជំងឺ​នេះ​ផ្ទុះឡើង​នៅ​កុង​ហ្គោ​កាលពី​ឆ្នាំមុន​។ អង្គការ​សុខភាព​ពិភពលោក​បានកំណត់​ថា វា​ជា​វិបត្តិ​សុខភាព​សាធារណៈ​ពិភពលោក​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ កាលពី​ខែ​មុន​ផងដែរ​។​
 
​ការព្យាបាល​ដែល​បាន​រកឃើញ​ទាំងពីរ​គឺ មានឈ្មោះ​បែប​វិទ្យាសាស្ត្រ​ថា REGN-EB3 និង mAb-114 ដែល​ចូលរួម​ដោយ​រារាំង​ប្រូតេអ៊ីន​សំខាន់​មួយ​នៅក្នុង​វីរុស​អេ​បូ​ឡា មិន​ឲ្យ​លូតលាស់​។ វា​អាចជួយ​សង្គ្រោះ​អ្នកជំងឺ​ដែលមាន​កម្រិត​នៃ​ការឆ្លង​ទាប​រហូតដល់ ៩០​ភាគរយ  បើ​យោងតាម​ទិន្នន័យបឋម​ដែល​បានបង្ហាញ​ពី​ការសាកល្បង​។ 
 
​នៅ​គ្រប់​កម្រិត​នៃ​ការឆ្លង​មេរោគ​អ្នកជំងឺ​ដែល​បានទទួល​ថ្នាំ REGN-EB3 មាន​អត្រា​មរណភាព ២៩ ភាគរយ​ខណៈ​អ្នក​ដែល​ព្យាបាល​ដោយ​ថ្នាំ mAb-114 មាន​អត្រា​មរណភាព ៣៤ ភាគរយ​។ អត្រា​មរណភាព​ជា​មធ្យម​សម្រាប់​អេ​បូ​ឡា​មាន​ប្រហែល ៥០ ភាគរយ បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​។​
 
​ថ្មី​បើ​ភាពជោគជ័យ​មាន​ប្រាកដ​ក៏ដោយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺ​អេ​បូ​ឡា បញ្ហាសំខាន់​គឺ​មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែ​អាច​បានទទួល​ការព្យាបាល​ទេ​។ លោក Michael Ryan ដែលជា​នាយក​ប្រតិបត្តិ​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ថា​៖«​យើង​នៅតែ​ឃើញ​មាន​មនុស្ស​ជាច្រើន​នៅ​ឆ្ងាយ​ពី​ការព្យាបាល​ជំងឺ​អេ​បូ​ឡា​។ មនុស្ស​ជាច្រើន​មិន​បានមក​មន្ទីរពេទ្យ ហើយក៏​មិនបាន​ទទួល​អត្ថប្រយោជន៍​ពី​ការព្យាបាល​ទាំងនេះ ដែរ​»៕
 

Tag:
 អេ​បូ​ឡា​
  វេជ្ជសាស្ត្រ​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com