ខ្មែរ​ក្រហម
ជាតិ
មេធាវី៖ លោក ខៀវ សំផន គ្មានមតិពីមរណភាពលោក នួន ជា ទេ គ្រាន់តែសុំឲ្យគាត់ទៅកាន់សុគតិភព
14, Aug 2019 , 1:24 pm        
រូបភាព
លោក នួន ជា (ពាក់វ៉ែនតា) និង លោក ខៀវ សំផន ស្ថិតក្នុងសវនាការនៃសាលាក្តីខ្មែរក្រហមកន្លងមក (រូបពីសាលាក្តីខ្មែរក្រហម)
លោក នួន ជា (ពាក់វ៉ែនតា) និង លោក ខៀវ សំផន ស្ថិតក្នុងសវនាការនៃសាលាក្តីខ្មែរក្រហមកន្លងមក (រូបពីសាលាក្តីខ្មែរក្រហម)
លោក គង់ សំអុន មេធាវីរបស់លោក ខៀវ សំផន អះអាងថា លោក ខៀវ សំផន ពុំបានមានប្រសាសន៍អ្វីឲ្យស៊ីជម្រៅក្នុងរឿងនយោបាយឬរបបខ្មែរក្រហមនោះទេ ជុំវិញមរណភាពរបស់លោក នួន ជា។ បើតាមមេធាវី លោក ខៀវ សំផន ចាត់ទុកមរណភាពរបស់លោក នួន ជា ថាប្រៀបដូចជាផ្លែឈើទុំជោរដែលត្រូវជ្រុះហើយ។



លោកមេធាវី ប្រាប់ថា លោក ទើបតែនឹងបានទៅជួបលោក ខៀវ សំផន ដែលកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំងនៃសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរសព្ទ លោកមេធាវី ថ្លែងយ៉ាងដូច្នេះថា៖«[ការសោកស្តាយ តែងមាន] ជាលក្ខណៈធម្មតាទេ ក្នុងនាមជាអ្នកធ្លាប់ស្គាល់និងធ្លាប់ធ្វើការជាមួយគ្នា ទុកជាការជូនដំណើរគាត់ទៅកាន់សុគតិភព»។

លោក នួន ជា ទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ ក្នុងអគារព្រះសីហនុរាជនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម៉ោង៦យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។ លោក មានជំងឺមួយចំនួន ដូចជា បេះដូងរ៉ាំរ៉ៃ រលាកទងសួតសងខាង ស្ទះសរសៃឈាម លើសឈាម ខ្សោយតម្រង់នោម និង ឈឺចង្កេះ ជាដើម។

លោក នួន ជា ត្រូវបានសាលាក្តីខ្មែរក្រហម កាត់ទោសជាមួយលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ 

លោក នួន ជា ជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយលោក ត្រូវបានគេហៅថាបងធំទីពីរ បន្ទាប់ពី ប៉ុល ពត។ ចំណែកលោក ខៀវ សំផន គឺជាប្រមុខរដ្ឋនៃរបបខ្មែរក្រហម និង ជាសមាជិកនៃគណៈមជ្ឈិមបក្សកុម្មុនីស្តកម្ពុជា។ 

មកពេលនៅពេលនេះ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ទទួលមរណភាពអស់ហើយ នៅសល់តែលោក ខៀវ សំផន ប៉ុណ្ណោះ។ ប៉ុល ពត បងធំទីមួយ ស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ អៀង សារី បងធំទីបី ដែលមានឋានៈជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកការបរទេសក្នុងរបបខ្មែរក្រហម ស្លាប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣៕



Tag:
 ខៀវ សំផន
  នួន ជា
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com