ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ខៀវ កាញារីទ្ធ ចង់ឃើញ​យុវជន​ចំណាយពេល​ស្រាវជ្រាវ​ច្រើន ជាង​រិះគន់​ដូនតា​ខ្មែរ​
14, Aug 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន​គួរតែ​ចំណាយពេល​ស្រាវជ្រាវ​ឱ្យបាន​ច្រើន ជាង​ចាំតែ​រិះគន់​ដូនតា​ខ្មែរ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ នៅក្នុង​កម្មវិធី​តាំង​ពិ​ពរណ៍​អគារ​បេតិកភណ្ឌ ដែល​ស្រាវជ្រាវ​ដោយ​លោក ស្រ៊ិ​ន សុខ​មាន នា​វិចិត្រសាល​ក្បាច់ បរិវេណ​មជ្ឈមណ្ឌល​ហ្វេ​ក​តូ​រី ភ្នំពេញ​។​

 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​ពី​សម្បត្តិ​បេតិកភណ្ឌ គឺមាន​តម្លៃ​ធំធេង​សម្រាប់​ប្រយោជន៍​ជាតិ​ទាំងមូល ហើយ​បើ​គ្មាន​ការស្រាវជ្រាវ​ពី​សំណង់​អគារ​នៃ​សម័យមុន​បន្សល់ទុក​ទេ នោះ​ក្មេងជំនាន់ក្រោយ​ក៏​មិនបាន​ដឹងថា ដូនតា​ខ្មែរ​មាន​ស្នាដៃ​វិសេស​អ្វីខ្លះ​ដែរ​។ ត្រង់ចំណុច​នេះ​លោក ខៀវ កាញារីទ្ធ ក៏​ជំ​រុញឱ្យ​យុវជន​ជំនាន់​ក្រោយ​ចំណាយពេល​ស្រាវជ្រាវ​ឱ្យបាន​ច្រើន ជាង​ការរិះគន់​ដូនតា​ខ្មែរ​។​

សូម​ស្ដាប់​សំឡេង​៖



 
«​ផ្ទះថ្ម​របស់​ខ្មែរ​ពី​បុរាណ ពី​សម័យ​បារាំង មិនមាន​ម៉ាស៊ីនត្រជាក់​ទេ ប៉ុន្តែ​ត្រជាក់​រហូត​។ រចនាបទ​របស់​ខ្មែរ គេ​ធ្វើ​សម្រប​ទៅតាម​អាកាសធាតុ​។ ទទួលស្គាល់​ឥឡូវនេះ​យើង​ធ្វើ​ផ្ទះ​ត្រូវ​សន្សំសំចៃ​វត្ថុធាតុដើម ចំណាយ​អស់​តិច ហើយ​ពេលនេះ​យើង​មាន​ម៉ា​ស៊ី​ត្រជាក់​។ ប៉ុន្តែ​ការយល់​ពី​រចនាបទ​គឺជា​រឿង​សំខាន់​។ ដែល​ខ្ញុំ​មកនេះ​ខ្ញុំ​ចង់ឃើញ​យុវជន​ខ្មែរ​ចេះ​គិតគូរ ហើយ​អាច​ចំណាយពេល​មួយចំនួន​របស់ខ្លួន ទៅ​ស្រាវជ្រាវ​អំពី​អ្វី​ដែលជា​ការសំខាន់​។ របស់​ខ្លះ​គេ​មិន​ចាប់អារម្មណ៍​ទេ ប៉ុន្តែ​ទាំងអស់​នេះហើយ ធ្វើឱ្យ​យើង​ឃើញថា​អ្វី​ជា​ខ្មែរ​។ ជួនកាល​យើង​មិន​ស្គាល់​ខ្មែរ យើង​មើលងាយ​ដូនតា​របស់​យើង ថា​ដូនតា​យើង​ល្ងង់​មិនចេះ​ធ្វើ​អ្វី​ទាំងអស់ ចាញ់​គេ​ព្រោះ​គេ​ធ្វើ​វាំង​ធំៗ​បាន​។ ប៉ុន្តែ​របស់​ខ្មែរ​យើង​ធ្វើ​តាមរបៀប​ខ្មែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ ខៀវ កាញារីទ្ធ​។​

សូម​ស្ដាប់​សំឡេង​របស់លោក​នៅទីនេះ​៖​



 
​ថ្លែង​ក្នុង​កម្មវិធី​តាំង​ពិ​ពរណ៍​អគារ​បេតិកភណ្ឌ ដែល​ស្រាវជ្រាវ​ដោយ​លោក ស្រ៊ិ​ន សុខ​មាន នោះ លោក ខៀវ កាញារីទ្ធ បាន​លើកទឹកចិត្ត​ក្រុមយុវជន​ដែល​លះបង់​ពេលវេលា និង​មិន​គិតពី​ប្រយោជន៍​ខ្លួន​នេះ ខិតខំ​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ចងក្រង​ជា​ឯកសារ​ទុក​បង្ហាញ​ដល់​ក្មេងជំនាន់ក្រោយ​។ 


 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​និយាយ​ដូច្នេះ​ថា​៖«​សំណង់​របស់​ខ្មែរ​យើង​មិនមែនជា​រឿង​ធម្មតា​ទេ​។ ឥឡូវនេះ​កម្រ​ឃើញ​យុវជន​ខ្មែរ​ចំណាយ​ពេលដែល​មិនមាន​ប្រាក់​ចូល​វិញ​ណាស់​។ អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​គឺ​ឃើញថា​គាត់​បាន​ចំណាយ​នេះ​ធំ​ណាស់ ដើម្បី​ប្រឹង​ស្រាវជ្រាវ​អំពី​រចនាបថ​ខ្មែរ​។ អ្វីដែល​ខ្ញុំ​បាប់​អារម្មណ៍​ជាងគេ កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​បាន​ទៅ​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​មួយ ដែល​ធ្វើ​នៅ ស​.​វ ទី​៦ បានន័យថា​ជិត​២,០០០​ឆ្នាំមុន វត្ត​ខ្មែរ​នោះ​គឺ​របៀប​គំនូរ​ឡាវ​នេះ​។ ជួនកាល​ឡាវ​គេ​យក​ពី​យើង ប៉ុន្តែ​យើង​ចេះតែ​កែ​វត្ត​របស់​យើង យូរ​ទៅ​យើង​ភ្លេច​ថា​វត្ត​របស់​ខ្មែរ​យើង​កាលពីដើម​នោះ​មាន​រូបរាង​យ៉ាងម៉េច​។ បើ​យើង​ចង់​ធ្វើ​រចនាបទ​ខ្មែរ តែ​មិនមាន​អ្វី​ពី​ដើម​មក តើ​ធ្វើយ៉ាងណា​យើង​ដឹងថា​អ្វី​ជា​ខ្មែរ​»​។​
 
​សូមបញ្ជាក់ថា លោក ស្រ៊ិ​ន សុខ​មាន ស្ថាបនិក​ទំព័រ​ហ្វេ​ស​ប៊ុ​ក Amazing Cambodia បាន​ចំណាយពេល​ប្រមាណ​ជិត​១០​ឆ្នាំ​ក្នុង​ការចុះទៅ​ស្រាវជ្រាវ​អគារ​បេតិកភណ្ឌ ដែលមាន​អាយុកាល​តាំងពី​សម័យ​បារាំង សង្គមរាស្ត្រនិយម និង​មុន​សម័យ​សង្គ្រាម ប៉ុលពត ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​។ ទោះបី​ថ្ងៃ​តាំងពិព័រណ៍​លោក សុខ​មាន ជ្រើសរើស​រូប​តែ​៥០​ផ្ទាំង​យកមក​បង្ហាញ​ក្ដី ប៉ុន្តែ​អ្វីដែល​លោក​បាន​ស្រាវជ្រាវ​ទាំងអស់​នឹង​យកទៅ​បោះ​ពុ​ម្ភ​ជា​សៀវភៅ សម្រាប់​ជា​ឯកសារ​ស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​៕


 

Tag:
 ពិព័រណ៍​
  ខៀវ កាញារីទ្ធ​
  អគារ​បេតិកភណ្ឌ​
  ស្រ៊ិ​ន សុខ​មាន​
© រក្សាសិទ្ធិដោយ thmeythmey.com