អត្ថបទពាណិជ្ជកម្ម
ស្ត្រី​ម្នាក់​បាន​សម្រាលកូន​ក្នុង​រថយន្ត Grab នៅតាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ​
14, Aug 2019 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​បទពិសោធន៍​មិនបាន​រំពឹងទុក​មួយ បានកើត​ឡើងជា​មួយ​ការ​ជិះ​រថយន្ត Grab ដោយ​ស្ត្រី​ជា​គ្រូបង្រៀន​នៅ​សា​លាម​ត្តេ​យ្យ​មួយរូប​បាន​សម្រាលកូន​ដោយ​សុ​វត្តិភាព ក្នុង​រថយន្ត Grab នៅតាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​សិង្ហ​បុរី​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Straits Times របស់​សិង្ហ​បុរី ។​
 
​យោងតាម​ប្រភព​ដដែល កាលពី​ល្ងាច​ថ្ងៃ​ពុធ សប្ដាហ៍​មុន អ្នកស្រី Nur Syazwani Muhammad Rosdi ដែលមាន​អាយុ ២៥​ឆ្នាំ មាន​អារម្មណ៍​ថា ទារក​ក្នុង​ផ្ទៃ​របស់ខ្លួន បាន​រើបម្រះ និង​ឈឺពោះ​ខ្លាំង ដែលជា​សញ្ញា​បង្ហាញ អ្នកស្រី​នឹងត្រូវ​សម្រាល​ក្នុងពេល​ឆាប់ៗ​។ អ្នកស្រី និង ស្វាមី ដែល​រស់នៅ​តំបន់ Canberra ក៏បាន​កក់​រថយន្ត Grab ដើម្បី​ដឹក​ពួកគាត់​ទៅ​មន្ទីរពេទ្យ Thomson Medical Centre ភ្លាមៗ ប៉ុន្តែ​បន្ទាប់ពី​ធ្វើដំណើរ​បាន ១០ នាទី ទឹកភ្លោះ​របស់​អ្នកស្រី Syazwani ក៏បាន​បែក​។
 
​អ្នកស្រី Syazwani បាន​សរសេ​លើក​ទំព័រ Facebook របស់ខ្លួន​ថា​៖«​ខ្ញុំ​បាន​ព្យាយាម​គ្រប់គ្រង​រាងកាយ​របស់ខ្ញុំ ការ​កន្ត្រាក់ និង​រាល់​ការឈឺចាប់​ផ្សេងទៀត ដែល​បាន​កើតឡើង​។ បន្ទាប់មក​រាងកាយរ​បស់​ខ្ញុំ​បានសម្រេច​ចិត្ត​សម្រាល​តែម្ដងទៅ​…​ខ្ញុំ​មិនអាច​ទ្រាំ​បានឡើយ និង​បង្ខំចិត្ត​បោះបង់​ការ​ខ្មាសអៀន ព្រោះ​រាងកាយ​របស់ខ្ញុំ បាន​ប្រាប់​ឲ្យ​រុញ​ទារក​ចេញ ហើយ​ខ្ញុំ​ក៏​ធ្វើបាន​សម្រេច​តែម្តង​»​។​
 
​លោក Kamarulnizam ជា​ស្វាមី​របស់​អ្នកស្រី Syazwani បាន​និយាយថា ការ​សម្រាលកូន​នេះ​បាន​ចំណាយពេល​អស់ ១០ នាទី ដែល​លឿន​ណាស់ បើ​ប្រៀបធៀប​ទៅ​កូន​ពីរ​ដំបូង​របស់លោក​។ លោក​បាន​មាន​ប្រស​សាន៍​ថា​៖ «​ដៃ​ម្ខាង​ខ្ញុំ​កាន់​កូនស្រី​ខ្ញុំ ហើយ​ដៃ​ម្ខាង​ទៀត ខ្ញុំ​កាន់​សុក​របស់​ប្រពន្ធ​ខ្ញុំ​»​។​
 
​អ្នកស្រី និង ស្វាមី​បាន​មកដល់​មន្ទីរពេទ្យ បន្ទាប់ពី​បាន​ចំណាយពេល ៣០ នាទី ក្នុងការ​ធ្វើដំណើរ​ក្នុង​រថយន្ត Grab ហើយ​អភ័យទោស ដែល​ធ្វើ​ឲ្យ​ប្រឡាក់​នៅក្នុង​ឡាន​របស់​អ្នកបើកបរ ហើយ​រំខាន​ដល់​អាជីវកម្ម​របស់​អ្នកបើកបរ​រូបនោះ​។ 
 
​លោក Kamarulnizam បាន​និយាយថា ក្រៅពី​ថ្លៃ​ការធ្វើដំណើរ​ជាមួយ Grab ចំនួន ១៥ ដុល្លារ​សិង្ហ​បុរី និង​ប្រាក់ លើកទឹកចិត្ត (​លុយ​ធីប​) ៨ ដុល្លារ​សិង្ហ​បុរី ដែលជា​ចំនួន​អតិបរមា​ដែល​ពួកគេ​អាច ផ្តល់​ឲ្យ​ដល់​អ្នកបើកបរ​ពួកគេ បាន​បង់​សំណង​ចំនួន ២២០ ដុល្លារ សិង្ហ​បុរី​ដល់​ម្ចាស់​ឡាន​។ សូម​បញ្ចា​ក់ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ទារក​បានកើត​នៅក្នុង​រថយន្ត Grab៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com