ជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ ជំនន់ទន្លេស្រែពក មិនបង្កឱ្យដំណាំរបស់ពលរដ្ឋខូចខាតទេ រូបពីមន្ទីរកសិកម្មខេត្តរតនគិរី
× ភ្នំពេញ៖ ជំនន់ទន្លេស្រែពក បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង២ពាន់គ្រួសារ ប៉ុន្តែមិនបណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាពលរដ្ឋឡើយ។ នេះបើតាមរបាយការណ៍បឋមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ទន្លេស្រែពក ដែលបានជនលិចនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីនោះ បានស្រកមកសភាពធម្មតាវិញហើយ។ ជាមួយគ្នានេះរដ្ឋមន្ត្រីកសិកម្ម បានបន្ថែមថា ជំនន់ទឹកភ្លៀងនេះ មិនបានធ្វើឱ្យដំណាំពលរដ្ឋខូចខាតនោះទេ។
រដ្ឋមន្ត្រីកសិកម្ម បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«ក្រុមការងារបានចុះពិនិត្យដំណាំកសិកម្មដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនោះឃើញថា ពុំមានការខូចខាតទេ ដោយសារទឹកទន្លេស្រែពក បានស្រកមកសភាពធម្មតាវិញ»។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ទឹកជំនន់បានចាប់ផ្តើមស្រកតាំងពីថ្ងៃទី១១ សីហាមក ហើយមិនធ្វើឱ្យផលដំណាំខូចធ្ងន់ធ្ងរទេ។ លោក សយ សូណា បានបញ្ជាក់ថា មូលហេតុដែលផលកសិកម្មមិនខូចនេះ ដោយសារស្ថានភាពទឹកជំនន់ឆាប់ស្រកទៅវិញ ពោលគឺមិនជន់ច្រើនថ្ងៃ ដែលនាំដំណាំត្រាំទឹកយូរខូច។ បើតាមលោក សយ សូណា ដំណាំស្រូវជាទូទៅរលួយ ឬខូចខាត លុះត្រាតែត្រាំនៅទឹកចាប់ពី១០ថ្ងៃឡើងទៅ។
«បច្ចុប្បន្នយើងកំពុងឱ្យមន្ត្រីចុះទៅពិនិត្យ និងស្រង់ទិន្នន័យពីការខូចខាតនៃផលដំណាំកសិកម្មផ្សេងៗ។ តាមការសង្កេតរបស់ខ្ញុំទឹកជំនន់នេះមិនមានធ្វើឱ្យស្រូវខូចខាតនោះទេ តែមានខូចខាតគឺខូចខាតតិចបំផុតនៅក្នុង តំបន់ដែលដក់ទឹកខ្លាំង។ ហើយជាក់ស្តែងតំបន់ស្រូវដែលទឹកបានស្រកទៅវិញ ស្រូវគឺកាន់តែល្អ ព្រោះទឹកជំនន់បាននាំដីល្បាប់ និងជីវជាតិមក»។ នេះបើតាមប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ។
ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ បានប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ២ ,១៨០ គ្រួសារ ដែលមានសមាជិកចំនួន ៩ ,០៦៦នាក់ នៅក្នុងភូមិចំនួន១៥ និងលិចលង់ដំណាំកសិកម្មសរុបចំនួន៣, ៥៣២ហិកតា ក្នុងនោះដំណាំស្រូវចំនួន ២,៧៨៤ហិកតា និងដំណាំផ្សេងៗចំនួន ៧៤៨ហិកតា។ ដំណាំកសិកម្មសរុបចំនួន ១ ៩៧០ហិកតា ដែលរួមមានដំណាំស្រូវ ១ ៥១៣ហិកតា និងដំណាំចម្ការ ៤៥៧ហិកតា នៅស្រុកលំផាត់។ រីឯនៅស្រុកកូនមុំ បានធ្វើឱ្យប៉ះពាល់ដំណាំកសិកម្មសរុបចំនួន ១ ៥៦២ហិកតា ដែលរួមមានដំណាំស្រូវ ១ ២៧១ហិកតា និងដំណាំចម្ការ ២៩១ហិកតា។ នេះបើតាមលោក វេង សាខុន៕
© រក្សាសិទ្ធិដោយ thmeythmey.com