ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​៖ ជំនន់​ទន្លេស្រែពក មិន​បង្ក​ឱ្យ​ដំណាំ​របស់​ពលរដ្ឋ​ខូចខាត​ទេ
15, Aug 2019 , 7:59 am        
រូបភាព
រូបពីមន្ទីរកសិកម្មខេត្តរតនគិរី
រូបពីមន្ទីរកសិកម្មខេត្តរតនគិរី
​ភ្នំពេញ​៖ ជំនន់​ទន្លេស្រែពក បានធ្វើឱ្យ​ប៉ះពាល់​ដល់​ព​ល​រដ្ឋ​ជាង​២​ពាន់​គ្រួសារ ប៉ុន្តែ​មិន​បណ្ដាលឱ្យ​ខូចខាត​ដំណាំ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ នេះ​បើតាម​របាយការណ៍​បឋម​ពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​លោក វេ​ង សាខុន បាន​បញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​ទន្លេស្រែពក ដែល​បាន​ជន​លិច​នៅក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ខេត្តរតនគិរី​នោះ បាន​ស្រក​មក​សភា​ពធ​ម្ម​តា​វិញ​ហើយ​។ ជាមួយគ្នានេះ​រដ្ឋមន្ត្រី​កសិកម្ម បាន​បន្ថែមថា ជំនន់​ទឹកភ្លៀង​នេះ មិនបាន​ធ្វើឱ្យ​ដំណាំ​ពលរដ្ឋ​ខូចខាត​នោះទេ​។​
 
​រដ្ឋមន្ត្រី​កសិកម្ម បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ដំណាំ​កសិកម្ម​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នោះ​ឃើញថា ពុំមាន​ការខូចខាត​ទេ ដោយសារ​ទឹក​ទន្លេស្រែពក បាន​ស្រក​មក​សភា​ពធ​ម្ម​តា​វិញ​»​។​
 
​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក សយ សូ​ណា បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទឹកជំនន់​បានចាប់ផ្តើម​ស្រក​តាំងពី​ថ្ងៃទី​១១ សីហា​មក ហើយ​មិន​ធ្វើឱ្យ​ផលដំណាំ​ខូច​ធ្ងន់ធ្ងរ​ទេ​។ លោក សយ សូ​ណា បាន​បញ្ជាក់ថា មូលហេតុ​ដែល​ផល​កសិកម្ម​មិន​ខូច​នេះ ដោយសារ​ស្ថានភាព​ទឹកជំនន់​ឆាប់​ស្រក​ទៅវិញ ពោលគឺ​មិន​ជន់​ច្រើន​ថ្ងៃ ដែល​នាំ​ដំណាំ​ត្រាំ​ទឹក​យូរ​ខូច​។ បើតាម​លោក សយ សូ​ណា ដំណាំ​ស្រូវ​ជាទូទៅ​រលួយ ឬ​ខូចខាត លុះត្រាតែ​ត្រាំ​នៅ​ទឹក​ចាប់ពី​១០​ថ្ងៃ​ឡើងទៅ​។​
 
«​បច្ចុប្បន្ន​យើង​កំពុង​ឱ្យ​មន្ត្រី​ចុះទៅពិនិត្យ និង​ស្រង់​ទិន្នន័យ​ពី​ការខូចខាត​នៃ​ផលដំណាំ​កសិកម្ម​ផ្សេងៗ​។ តាម​ការសង្កេត​របស់​ខ្ញុំ​ទឹកជំនន់​នេះ​មិនមាន​ធ្វើឱ្យ​ស្រូវ​ខូចខាត​នោះទេ តែមាន​ខូចខាត​គឺ​ខូចខាត​តិច​បំផុត​នៅក្នុង តំបន់​ដែល​ដក់​ទឹក​ខ្លាំង​។  ហើយ​ជាក់ស្តែង​តំបន់​ស្រូវ​ដែល​ទឹកបាន​ស្រក​ទៅវិញ ស្រូវ​គឺ​កាន់តែ​ល្អ ព្រោះ​ទឹកជំនន់​បាន​នាំ​ដីល្បាប់ និង​ជីវជាតិ​មក​»​។ នេះ​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ។​
 
​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ បាន​ប៉ះពាល់​ដល់ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ២ ,១៨០ គ្រួសារ ដែលមាន​សមាជិក​ចំនួន ៩ ,០៦៦​នាក់ នៅក្នុង​ភូមិ​ចំនួន​១៥ និង​លិចលង់​ដំណាំ​កសិកម្ម​សរុប​ចំនួន​៣, ៥៣២​ហិកតា ក្នុងនោះ​ដំណាំ​ស្រូវ​ចំនួន ២,៧៨៤​ហិកតា និង​ដំណាំ​ផ្សេងៗ​ចំនួន ៧៤៨​ហិកតា​។ ដំណាំ​កសិកម្ម​សរុប​ចំនួន ១ ៩៧០​ហិកតា ដែល​រួមមាន​ដំណាំ​ស្រូវ ១ ៥១៣​ហិកតា និង​ដំណាំ​ចម្ការ ៤៥៧​ហិកតា នៅ​ស្រុក​លំផាត់​។ រីឯ​នៅ​ស្រុក​កូន​មុំ បានធ្វើឱ្យ​ប៉ះពាល់​ដំណាំ​កសិកម្ម​សរុប​ចំនួន ១ ៥៦២​ហិកតា ដែល​រួមមាន​ដំណាំ​ស្រូវ ១ ២៧១​ហិកតា និង​ដំណាំ​ចម្ការ ២៩១​ហិកតា​។ នេះ​បើតាម​លោក វេ​ង សាខុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com