អន្តរជាតិ
រដ្ឋាភិបាល​លោក ប្រា​យុទ្ធ បន្ត​ចែក​តំណែង​ឲ្យ​បក្ស​ក្នុង​សម្ព័ន្ធភាព ខណៈ​មាន​អ្នក​ដកខ្លួន
14, Aug 2019 , 10:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព AFP
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព AFP
​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បានសម្រេច​ចិត្ត​ផ្ដល់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាងច្រើន​ដល់​បក្ស​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច​ដែល​ដឹកនាំ​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ ប៉ុន្តែ​បក្ស​តូចៗ​ចំនួន​១០ ដែល​ជាប់​ឈ្មោះ​ជា​បក្ស​បង្គ្រប់​សំឡេង​នោះ មិនបាន​ទទួលបាន​តំណែង​ឡើយ​សូម្បី​តែមួយ​។ ការបែងចែក​តំណែង​មិនសូវមាន​ឥទ្ធិពល​លើក​នេះ ធ្វើឡើង​ស្របពេល​មានការ​លេច​ឮថា សម្ព័ន្ធភាព​កាន់អំណាច​កំពុង​ប្រេះស្រាំ​។

 
​គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​១៣ ខែសីហា បានអនុម័ត​ការតែងតាំង​មុខតំណែង​នយោបាយ​ចំនួន​៤១ ទៅ​ឲ្យ​សមាជិក​នៃ​បក្ស​ក្នុង​សម្ព័ន្ធភាព​ចម្រុះ ខណៈ​បក្ស​តូចៗ​ចំនួន​១០ ដែលមាន​សំឡេង​មួយ​អាសនៈ​ក្នុង​សភា មិន​ទទួលបាន​អ្វី​ទេ​។ តំណែង​ដែល​បក្ស​មាន​សំឡេង​ច្រើន​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច​ទទួលបាន​មាន ទីប្រឹក្សា​ក្រសួង លេខា​រដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​ជំនួយការ​រដ្ឋមន្ត្រី​ផងដែរ​។ នេះ​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​
 
​ប្រភព​ដដែល​ផ្សាយ​ថា សំណើ​តែងតាំង​នេះ លើកឡើង​ដោយ​រដ្ឋមន្ត្រី​ដឹកនាំ​ក្រសួង​នីមួយៗ​ផ្ទាល់ ហើយ​ភាគច្រើន​នៃ​មន្ត្រី​ថ្មី ជា​អតីត​សមាជិកសភា​នៃ​បក្ស​ក្នុង​សម្ព័ន្ធភាព​ចម្រុះ​។ ឧទាហរណ៍ លោក Chamni Sakdiset ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី Jurin Laksanavisit ដែលជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​។ 
 
​ទោះ​មានការ​បដិសេធ​ក្ដី ការផ្ដល់​តំណែង​បែបនេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​ទាក់ទាញ​ភាពស្មោះត្រង់​ពី​បក្សនយោបាយ​ដែល​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៃ​ការ​កាន់តំណែង​នាយករដ្ឋមន្ត្រី​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ ប៉ុន្តែ​ការផ្ដល់​តំណែង​ឲ្យ​តែ​បក្ស​មាន​សំឡេង​ច្រើន ធ្វើ​ឲ្យ​បក្ស​តូចៗ​មិន​សប្បាយចិត្ត ដ្បិត​មិនអាច​ទទួលបាន​តំណែង​អ្វី​ក្នុង​ជួរ​រដ្ឋាភិបាល​។​
 
​នៅ​ថ្ងៃទី​១៣ ខែសីហា បក្ស​ថៃ​ស៊ី​វិ​ល័យ ដែលមាន​កៅអី​មួយ​ក្នុង​សភា​ថៃ បានប្រកាស​ដកខ្លួន​ពី​សម្ព័ន្ធភាព​កាន់អំណាច​។ ការចាកចេញ​របស់​ប​ក្ស​នេះ នាំ​ឲ្យ​សម្ព័ន្ធភាព​កាន់អំណាច​នៅសល់​បក្ស​ចំនួន​១៩ ។ ប្រធាន​បក្ស​ថៃ​ស៊ី​វិ​ល័យ Mongkolkit Suksintaranont និយាយថា បក្ស​កម្លាំង​ប្រជារាស្ត្រ​មិនបាន​ផ្ដល់​ការគោរព​ឲ្យ​បក្ស​លោក​ឡើយ ព្រោះ​មិនបាន​បញ្ចូល​គោលនយោបាយ​បក្ស​នេះ​ចូលក្នុង​គោលនយោបាយ​រដ្ឋាភិបាល​ទាំងមូល​។ 
 
​នៅ​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក បក្ស​ដែលមាន​មួយ​សំឡេង​ក្នុង​សភា​ដទៃទៀត ប្រកាស​បន្ត​ស្ថិតនៅក្នុង​សម្ព័ន្ធភាព​កាន់អំណាច​ដដែល​។ លោក Thamanat Prompow អនុរដ្ឋមន្ត្រី​កសិកម្ម ដែល​ទទួលបន្ទុក​ដោះស្រាយ​ការងារ​ជាមួយ​បក្ស​តូចៗ​ទាំងនេះ បង្ហើប​ថា បក្ស​ទាំង​៩​នេះ នឹង​ទទួលបាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ផងដែរ ដោយ​សំណើ​តែងតាំង​ជុំ​ថ្មី​នឹង​ត្រូវដាក់​ឲ្យ​គណៈរដ្ឋមន្ត្រី​ពិចារណា​នៅ​ថ្ងៃទី​២០ ខែសីហា​ខាងមុខ​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com